ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បញ្ឈប់​សេចក្តី​ក្រោធ

5 ឆ្នាំ មុន

ការ​បញ្ឈប់​សេចក្តី​ក្រោធ​មិនមែន​ជា​រឿង​ងាយ​ៗ​ប៉ុន្មាន​ទេ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ក្រោធ​មិន​បាន​នោះ​ដែរ​។ សំខាន់​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​ថា យើង​ឈប់​ក្រោធ​ហើយ តែ​ប៉ុណ្ណោះ​។ ការ​តាំងចិត្ត​នេះ​ភាសា​ធម៌​លោក​ហៅ​ថា តាំងចិត្ត​អធិដ្ឋាន ។ វិធី​ខ្លះ​ៗ​ខាងក្រោម​នេះ​ជា​វិធី​សម្រាប់​រំលត់​សេចក្តី​ក្រោធ…

ការ​បញ្ឈប់​សេចក្តី​ក្រោធ​មិនមែន​ជា​រឿង​ងាយ​ៗ​ប៉ុន្មាន​ទេ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ក្រោធ​មិន​បាន​នោះ​ដែរ​។ សំខាន់​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​ថា យើង​ឈប់​ក្រោធ​ហើយ តែ​ប៉ុណ្ណោះ​។ ការ​តាំងចិត្ត​នេះ​ភាសា​ធម៌​លោក​ហៅ​ថា តាំងចិត្ត​អធិដ្ឋាន ។
វិធី​ខ្លះ​ៗ​ខាងក្រោម​នេះ​ជា​វិធី​សម្រាប់​រំលត់​សេចក្តី​ក្រោធ លោក​អ្នកដឹកនាំ​អាច​សាកល្បង​បាន ឬ​បើ​មាន​វិធី​ផ្សេង​ហើយ ក៏​មិនជា​បញ្ហា​អ្វី​ដែរ សំខាន់​គឺ ឈប់​ខឹង​ក្រោធ​ទៅ​វា​ស្រេច​ទៅ​ហើយ​។
វិធី​៧​យ៉ាង​ដែល​គួរ​ពិចារណាៈ

១-​ត្រូវ​មាន​សម្មាទិដ្ឋិ ពិចារណា​ឱ្យ​ឃើញ​ទោស​របស់​សេចក្តី​ក្រោធ និង​ផល​អាក្រក់​ដែល​កើត​ពី​ការ​ខឹង​ក្រោធ ឬ​ពិចារណា​តាម​ពុទ្ធវចនៈ និង​តម្រា​ផ្សេង​ៗ​ឱ្យ​បាន​ច្បាស់ រហូត​ដល់​យល់​ថា សេចក្តី​ក្រោធ​មានទោស​មែន​

២-​ពិចារណា​ឱ្យ​ឃើញ​ផលប្រយោជន៍​ដ៏​មហាសាល ដែល​នឹង​កើតមក​អំពី​ការ​ដែល​មិន​ខឹង​ក្រេវក្រោធ ។

៣-​ប្រើ​វិធី​បរិកម្ម គឺ​ទន្ទេញ ឬ​ភាវនា​ខ្សឹប​ៗ ប្រាប់​ខ្លួនឯង​ថា កុំ​ខឹង កុំ​ខឹង កុំ​ខឹង មិន​ខ្ចី​ខឹង មិន​ខ្ចី​ខឹង កុំទៅ​ខឹង​ៗ ខឹង​បានការ​អ្វី​ៗ ឱ្យ​បាន​ជាប់​ជា​និច្ច​រាល់​ឥរិយាបថ និង​រាល់ពេល​ដែល​អារម្មណ៍​ក្រោធ​ចូល​មក​ប៉ះ​ចិត្ត ។

៤-​មាន​ទស្សនៈ​ទៅ​លើ​អ្វី​ៗ​ក្នុង​ន័យ​ជា​ល្អ ជា​វិជ្ជមាន បើ​ទោះជា​មាន​អ្វី​កើតឡើង​ក៏​ប្រាប់​ខ្លួនឯង​ថា ល្អ​ហើយ គ្រាន់បើ​ជាង​មុន​ជា​និច្ច​។

៥-​មាន​របៀប​រម្ងាប់​សេចក្តី​ក្រោធ​តាម​បែប​បរទេស​ម្យ៉ាង​គឺថា បើ​ខឹង​គេ ហើយ​ចង់​ឈ្លោះ​ត​តប​វិញ គេ​ឱ្យ​រាប់​លេខ​ឱ្យ​បាន​ចំនួន​១០០០ នោះ​នឹង​អាច​ឈប់​ខឹង​ហើយ​។

៦-​វិធី​មួយ​ដែល​គេឯង​ប្រើ​មាន​ប្រសិទ្ធភាព គឺ​ការ​ធ្វើ​សមាធិ​នៅ​ពេល​ខឹង​។ ឧទាហរណ៍ បើ​យើង​ខឹង​អ្នក​ណាមួយ​ខ្លាំង គប្បី​បិទ​ភ្នែក ឬ​មិនបាច់​បិទ​ក៏​បាន ហើយ​ដកដង្ហើម​ឱ្យ​បាន​វែង​ៗ​ជាទី​បំផុត​ចំនួន​១០​ដង​។ នៅ​ពេល​កំពុង​ដកដង្ហើម​វែង​ៗ​នោះ ភ្នែក ឬ​ចិត្ត ត្រូវ​សម្លឹង​មើល​ចុង​ច្រមុះ​ជា​កន្លែង​ដែល​ខ្យល់​រត់​ចេញ​រត់​ចូល​ប៉ះ​នឹង​រឹម​ច្រមុះ កុំឱ្យ​ចិត្ត​ងាក​បែរ​ទៅ​ណា​ឱ្យ​សោះ​។ ធ្វើ​ដូច្នេះ​កម្លាំង​របស់​សេចក្តី​ក្រោធ​នឹង​ថយ​ចុះ​ជា​លំដាប់​រហូត​បាត់​ជា​មិន​ខាន ។

៧-​ចម្រើនមេត្តា​កម្មដ្ឋាន ពោល​គឺ​ផ្សាយ​មេត្តា នឹក​ស្រមៃ​ក្នុង​ចិត្ត​ថា សូម​ឱ្យ​មនុស្ស​សត្វ​ទាំងអស់​បាន​សេចក្តីសុខ កុំបី​មាន​ពៀរ​វេរា​រវាង​គ្នា​និង​គ្នា​ឡើយ ។
​មាតិកា​ធម៌​ទាំង​៧​ប្រការ​នេះ​ជា​គោល​ធម៌​យ៉ាង​សំខាន់​ជួយ​រំលត់ភ្លើង​ក្រោធ​ទោសៈ​ចេញពី​ចិត្ត និង​នាំ​ឱ្យ​ចិត្តស្ងប់ ត្រជាក់ សុខ​ស្រួល​ជា​ប្រក្រតី ។