ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ដំណាំ​ទុរេន​ធ្លាក់​ទិន្នផល​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ទុរេន បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ ទិន្នផល​ហាក់​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​ពេក​បណ្ដាល​ឲ្យ​ជ្រុះ​ផ្កា​អស់​មួយ​ចំនួន ។ លោក…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ទុរេន បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ ទិន្នផល​ហាក់​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​ពេក​បណ្ដាល​ឲ្យ​ជ្រុះ​ផ្កា​អស់​មួយ​ចំនួន ។

លោក ផា​ន់ រក្សា ដែល​បាន​ដាំ​ទុរេន​ប្រមាណ​ជាង​៧០០​ដើម​នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ ទុរេន​របស់​លោក​ហាក់​ទទួល​បាន​ផល​តិច​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ពិសេស​ចំ​ពេល​ដែល​ទុរេន​ចាប់ផ្ដើម​ចេញ​ផ្កា បណ្ដាល​ឲ្យ​រោយ​ផ្កា​អស់​មួយ​ចំនួន ។
កសិករ​រូប​នេះ​បាន​បន្ដ​ថា លោក​បាន​រៀន​ពី​បច្ចេកទេស​ដាំ​ទុរេន​នៅ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​បាន​មក​ចាប់ផ្តើម​ដាំ​ដុះ​នៅ​លើ​ដី​របស់​ខ្លួន​ក្នុង​ខេត្ត​ប៉ៃលិន​ជា​បន្ដបន្ទាប់ ដែល​គិត​មក​ដល់​ពេល​នេះ លោក​បាន​ដាំ​ទុរេន​ចំនួន​ប្រមាណ​ជាង​៧០០​ដើម ហើយ​ក៏​បាន​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ជាង​២៥០​ដើម​ដែរ ។  លោក​បញ្ជាក់​ថា ក្នុង​ចំនួន​ជាង​២៥០​ដើម​នេះ ទទួល​បាន​ផល​ប្រមាណ​ជាង​២៥​ទៅ​៣០​តោន ហើយ​ទុរេន​នេះ គឺ​ប្រើ​ជីធម្មជាតិ​ដែល​ធ្វើ​ដោយ​ខ្លួនឯង និង​បង្កាត់​ពូជ​ដោយ​ខ្លួនឯង​ទៀត ។

លោក ផា​ន់ រក្សា បន្ដ​ថា ទុរេន​ដែល​លោក​ដាំ​នេះ គឺ​បាន​នាំ​ពូជ​ចូល​ពី​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ដោយ​យក​មក​បង្កាត់​ពូជ​ចូល​គ្នា ដើម្បី​ឱ្យ​ក្លាយទៅជា​ពូជ​ទុរេន​ថ្មី​មួយទៀត ដែល​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ហើយ​ស្អិត​ល្អ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្ទាប់​ពី​ចេះ​របៀប​ថែទាំ និង​ចេះ​ការពារ​ព្យាបាល​ដំណាំ​មួយ​នេះ លោក​ក៏​បាន​ម៉ៅ​ដំណាំ​ទុរេន​នៅ​ខេត្តបាត់ដំបង​រាប់រយ​ដើម​សម្រាប់​បេះ​លក់​ឲ្យ​អតិថិជន​ក្នុង និង​ក្រៅ​ខេត្ត ។ ចំណែក​សម្បក​ទុរេន​ដែល​គេ​បោះចោល លោក​អាចយ​កមក​ផលិត​ជា​ជី​សម្រាប់​ដាក់​ដំណាំ​ពេល​នៅ​តូច​ៗ ដើម្បី​ឱ្យ​លូតលាស់​បាន​ល្អ ។

លោក​ថា ៖« ផ្លែ​ទុរេន​របស់ខ្ញុំ​លក់រាយ​ក្នុង​១​គីឡូក្រាម​តម្លៃ​ជាង​២២.០០០​ទៅ​២៣.០០០​រៀល តែបើ​លក់ដុំ តម្លៃ​ទាប​ជាង​នេះ​បន្តិច ដោយ​មាន​អតិថិជន​មក​ពី​ខេត្ត​ប៉ៃលិន និង​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា បាត់ដំបង ពោធិ៍សាត់ រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយសារ​តែ​ចម្ការ​ដំណាំ​ទុរេន​របស់ខ្ញុំ​ស្ថិត​នៅ​ក្បែរផ្លូវ​ទៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ភ្ញៀវ​ទេសចរ​ចេញចូល​ទៅ​មក ទិញ​យក​ទៅ​ហូប​ជួបជុំ​គ្រួសារ និង​មាន​អ្នកទិញ​យក​ទៅ​ចែកចាយ​បងប្អូន ព្រមទាំង​លក់​បន្ត​ថែម​ទៀត​ផង​ដែរ » ។

បច្ចុប្បន្ន លោក ផា​ន់ រក្សា មិន​ត្រឹមតែ​ជា​អ្នកជំនាញ​ដាំ​ទុរេន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បើក​ថ្នាក់​បង្រៀន​ពី​របៀប​ដាំ និង​របៀប​ថែទាំ​ដំណាំ​នេះ​នៅផ្ទះ​របស់​ខ្លួន​ផង​ដែរ ចាប់តាំងពី​ចូល​រៀន​រហូត​ដល់​ចេះ តម្លៃ​ត្រឹមតែ​៧០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក៏​មានការ​បង្ហាត់​តាម​អន​ឡាញ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ