ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អាចារ្យ​ក្មេងច្រើន​នា​ពេល​បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​នៅ​តាម​ពិធី​មង្គលការ មាន​វត្តមាន​អាចារ្យ​វ័យក្មេង ខុស​ពី​មុន​សុទ្ធតែ​អាចារ្យ​វ័យ​ចំណាស់ ។ ភាគច្រើន​អាចារ្យ​វ័យក្មេង​ទាំងនោះ​បាន​ឆ្លងកាត់​ការ​សិក្សា និង​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​ក្រសួង​ធម្មការ និង​សាសនា មុន​ពេល​ចាប់​អាជីព…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​នៅ​តាម​ពិធី​មង្គលការ មាន​វត្តមាន​អាចារ្យ​វ័យក្មេង ខុស​ពី​មុន​សុទ្ធតែ​អាចារ្យ​វ័យ​ចំណាស់ ។ ភាគច្រើន​អាចារ្យ​វ័យក្មេង​ទាំងនោះ​បាន​ឆ្លងកាត់​ការ​សិក្សា និង​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​ក្រសួង​ធម្មការ និង​សាសនា មុន​ពេល​ចាប់​អាជីព ។

តារា​កំប្លែង និង​ជា​អ្នក​ច្រៀង​កាត់សក់​ក្នុង​មង្គលការ​អ្នក​នាង​កា​ឆ​យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អាចារ្យ​វ័យក្មេង​ពិតជា​មាន​ច្រើន​នៅ​ក្នុង​ពិធី ផ្សេង​ៗ ហើយ​ពួក​គាត់​ទាំងនោះ​រៀប​ពិធី​បាន​ល្អ ដោយសារ​បាន​រៀនសូត្រ​ចេះ​ដឹង ។ តាម​ការ​សង្កេត​របស់​នាង នៅ​តាម​ពិធី​មង្គលការ​នានា គឺ​នៅ​តែ​មាន​វត្តមាន​អាចារ្យ​ចាស់​នៅឡើយ ប៉ុន្តែ​អាចារ្យ​ក្មេង​ក៏​នៅ​តែ​ហាត់រៀន​ពី​អាចារ្យ​ចាស់​ដែរ ។ អាចារ្យ ក្មេង​ៗ​អាច​នឹង​កើត​មាន​ច្រើន​នៅ​តាម​ពិធី​មង្គលការ ចំណែក​នៅ​តាម​វត្ត​អារាម និង​ពិធីបុណ្យ ផ្សេង​ៗ​នោះ​គឺ​អាចារ្យ ចាស់​ៗ​នៅ​តែ​មាន​វត្តមាន​ច្រើន​ដដែល ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ជើង​ចាស់​មួយ​រូប អ្នក​នាង​កា​ឆ​យ​បាន​សំណូមពរ​ដល់​យុវជន​ដែល​ចង់​ក្លាយជា​អាចារ្យ​នោះ គួរ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ច្បាស់លាស់​លើ​ផ្នែក​នេះ​ជា​មុន​សិន មុន​ពេល​ចូល​កាន់​កម្មវិធី ផ្សេង​ៗ ។ ចំណែក​តារា​កំប្លែង​លោក​ខាត់ ចំរើន បាន​អះអាង​ថា បច្ចុប្បន្ន​អាចារ្យ​វ័យក្មេង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ពេល​ដែល​អាចារ្យ​ទាំងនោះ​ខ្លះ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ និង​ខ្លះ​ទៀត​បាន​ទទួល​​ចំណេះដឹង​ពី​ឪពុក ត​ៗ​មក ។ បើ​តាម​លោក​ខាត់ ចំរើន បច្ចុប្បន្ន​ដោយសារ​មង្គល​ការ​កើនឡើង ហេតុនេះ​អាចារ្យ​ដែល​ភ្ជាប់​ជាមួយ​ក្រុម​ផ្នួង គឺ​គេ​មិនសូវ​ជា​គិត​ឡើយ បើ​ទោះបីជា​អាចារ្យ​ក្មេង​ខ្លះ​នៅ​ខ្វះ​គុណភាព ហើយ​មាន​តម្លៃ​សមរម្យ​គឺ​មិនជា​បញ្ហា​ឡើយ សំខាន់​ផ្នួង​បាន​ចំណេញ ។

លោក​ខាត់ ចំរើន បញ្ជាក់​ថា សម្រាប់​ម្ចាស់​ពិធី​ដែល​ចង់បាន​អាចារ្យ​ល្អ ឬ​គេ​ហៅ​ចា​អាចារ្យ​លំដាប់​នោះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​កក់​ទុក​មុន ជាមួយ​ការ​ចរចា​តម្លៃ​ផង​ដែរ ។ ប្រសិនបើ​តម្លៃ​មិន​ត្រូវ​ទេ​នោះ ច្បាស់​ណាស់​អាចារ្យ​ធំ​នោះ​នឹង​ឲ្យ​កូន ឬ​កូនសិស្ស​ទៅ​ជំនួស​ជាក់​ជា​មិន​ខាន​ឡើយ ។

ជា​អាចារ្យ​វ័យក្មេង​មួយ​រូប​ប្រចាំ​ស្រុក​កៀនស្វាយ​លោក​រុន សុ​ភ័​ក្រ បាន​ឲ្យ​ដឹង​ថា បើ​ប្រៀបធៀប​កាលពី​១០​មុន គឺ​មាន​ភាព​ខុស​គ្នា​ច្រើន ដោយសារ​តែ​ភាគច្រើន​ពាក្យ​អាចារ្យ​​គឺ​គេ​សំដៅ​តែ​ទៅ​លើ​មនុស្ស​ចាស់​មាន​វ័យ​៦០​ប្លាយ​ទៅ​ទើប​អាច​ធ្វើ​អាចារ្យ​បាន។ ប៉ុន្តែ​សម័យនេះ​មិនមែន​ដូច្នេះ​ឡើយ អាចារ្យ​វ័យក្មេង​ក៏​អាច​ធ្វើ​បាន​ដែរ ប្រសិនបើ​យើង​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ផ្នែក​នេះ​បាន​ត្រឹមត្រូវ ហើយ​ម្យ៉ាង​ការ​កើនឡើង​នៃ​អាចារ្យ​វ័យក្មេង​នេះ​ទៀត​សោត​ក៏​បាន​ស្រប​ទៅ​នឹង​អនុសាសន៍​របស់​ប្រមុខ​ដឹកនាំ​ដែល​លើក​ឡើង​ពី​វិបត្តិ​អាចារ្យ​សម្រាប់​រៀបចំ​ពិធី​មង្គល ផ្សេង​ៗ ។ តាម​រយៈ​អនុសាសន៍​នោះ​ហើយ​បានជា​ក្រសួង​ធម្មការ​និង​សាសនា​បាន​បង្កើត​ឲ្យ​មានការ​បណ្តុះបណ្តាល​ផ្នែក​អាចារ្យ​ជា​បន្តបន្ទាប់ ដោយ​បាន​បែងចែក​ជា​អាចារ្យ​យូគី​(​អាចារ្យ​សព​) និង​អាចារ្យ​សម្រាប់​ពិធី​មង្គល ផ្សេង​ៗ ដែល​ក​ក្តា​នេះ​នាំ​ឲ្យ​មានការ​កើនឡើង​នៃ​អាចារ្យ​វ័យក្មេង ។
លោក​រុន សុ​ភ័​ក្រ បន្ថែម​ថា ភាគច្រើន​នៃ​អាចារ្យ​វ័យក្មេង​ចេញ​ទៅ​ធ្វើ​អាចារ្យ​នោះ​គឺ​មាន​វិញ្ញាបនបត្រ ដោយសារ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​ព្រឹទ្ធាចារ្យ​មង្គល​នានា​របស់​ក្រសួង ហើយ​ជា​ពិសេស​អ្នក​ដែល​ធ្លាប់​បួស​ជា​ព្រះសង្ឃ ហើយ​ពេល​សឹក​ទៅ​គឺ​ទៅ​ធ្វើ​ជា​អាចារ្យ ។

លោក សុ​ភ័​ក្រ ថ្លែង​ថា​«​ការ​កើនឡើង​នៃ​អាចារ្យ ក្មេង​ៗ​នេះ​គឺ​ដោយសារ​តែ​បច្ចុប្បន្ន​មង្គល​ការ​មានការ​កើនឡើង ហើយ​ម្យ៉ាង​ដើម​ឡើយ​អាចារ្យ​សព​ក៏​អាច​មក​ធ្វើ​អាចារ្យការ​បាន​ដែរ ប៉ុន្តែ​បន្ទាប់​ពី​លោក​បាន​ទទួល​ការ​សិក្សា​ពី​គរុស​ល្យ​មក គឺ​អាចារ្យ​មានការ​បែង​ចែក​គ្នា​ដាច់​តែ​ម្តង មិន​អាច​ឡូ​កឡំ​គ្នា​បាន​ឡើយ ហេតុនេះ​ទើប​បណ្តាល​ឲ្យ​មានការ​ខ្វះ​ខាត​នូវ​អាចារ្យ បានជា​ក្រសួង​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ជា​ហេតុ​នាំ​ឲ្យ​អាចារ្យ​ក្មេង​មានការ​កើនឡើង ។ យ៉ាងណា​ក៏​ដោយ​ជឿ​ថា នៅ​ពេល​ដែល​អាចារ្យ​ដែល​មាន​វ័យ​ក្មេង​ទៅ​ធ្វើ​ពិធី​អ្វីមួយ​នោះ​គឺ​ចៀស​មិន​ផុត​ឡើយ​ពី​ពាក្យ​រិះគន់ និង​ការ​សរសើរ​។​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អាចារ្យ​វ័យក្មេង​គឺ​មានការ​លើក​សរសើរ​ច្រើន​ពី​មហាជន ដោយសារ​តែ​ពួក​គាត់​មានការ​យល់​ដឹង​ពេល​ដែល​អាចារ្យ​ទាំងនោះ​បាន​រៀបចំ​ពិធី​បាន​ល្អ ហើយ​ពួក​គាត់​ខ្លះ​ដឹង​ពី​ការ​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​របស់​ក្រុម​អាចារ្យ​វ័យក្មេង ។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​ទទួល​បាន​នូវ​ការ​រិះគន់ និង​ផ្តល់​យោបល់​ពី​មជ្ឈដ្ឋាន​នានា​ផង​ដែរ ចំពោះ​ការ​ចាប់​អាជីព​ជា​អាចារ្យ​ទាំង​វ័យក្មេង​នា​ពេល​នេះ ។ ពួក​គាត់​ទាំង​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការងារ​ផ្សេង​ខុស​ពី​អាចារ្យ ដោយសារ​តែ​ខ្ញុំ​ទើប​មាន​វ័យ​ប៉ុន​នេះ មិន​សក្តិ​សម​មក​ធ្វើ​ជា​អាចារ្យ​នោះ​ឡើយ ។ ប៉ុន្តែ​បន្ទាប់​ពី​ពួក​គាត់​ទាំងនោះ​បានឃើញ​ពី​ការ​ដឹកនាំ​របស់​ក្រុម​អាចារ្យ​ខ្ញុំ​ជាមួយនឹង​ការ​សិក្សា​រៀនសូត្រ ទើប​ពួក​គាត់​ទទួលយក​នូវ​អ្វី​ដែល​ពួក​ខ្ញុំ​បាន​ធ្វើ​នា​ពេល​នេះ ហើយ​ពួក​គាត់​ក៏​ចាប់ផ្តើម​ទទួលស្គាល់​ពី​កម្រិត​អាចារ្យ​ក្មេង និង​ក្លាយជា​ទម្លាប់​ទូទៅ »​។

បើ​តាម​លោក​សុ​ភ័​ក្រ សម្រាប់​ទីផ្សារ​ការងារ​របស់​លោក​គឺ​ប្រព្រឹត្ត​ទៅ​តាម​កាល​វេលា​ជា​ធម្មតា ដោយសារ​តែ​លោក​គឺជា​អាចារ្យ​ពេលា​អាចារ្យ​បុណ្យ ផ្សេង​ៗ តែ​លោក​មិន​ទទួល​អាចារ្យ​សម្រាប់​ពិធី​បុណ្យសព​ឡើយ ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ធម្មការ និង​សាសនា​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះ​បណ្តាល​​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ ដែល​បាន​ចាប់​អនុវត្ត​តាំងពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១០ រហូត​មក​ដល់​ឆ្នាំ​២០១៧ គឺ​បាន​ចំនួន​៣១​វគ្គ មាន​សិក្ខាកាម​សរុប​ចំនួន​៩៧៨៥​រូប (​ព្រះសង្ឃ​៥០៩ អង្គ​, ស្ត្រី​១៣១​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ