ខេត្តកំពង់ឆ្នាំង ៖ ពិតជាអាសូរពេកណាស់ នៅពេលកុមារីពីរនាក់បងប្អូនអាយុ៩ឆ្នាំ និងអាយុ១០ឆ្នាំ បាននិយាយថា ខ្ញុំចង់ទៅរៀនតែគ្មានកង់ជិះ គ្មានខោអាវថ្មី និងសៀវភៅ សម្រាប់ទៅរៀននឹងគេ សូមជួយខ្ញុំផង ។ នេះជាសម្តីពិតរបស់កុមារីទាំងពីរនាក់បងប្អូន ដែលកំពុងរស់នៅជាមួយជីដូនអាយុ៦៦ឆ្នាំ រួមនឹងកុមារតូចៗពីរនាក់ទៀតដែលមានអាយុត្រឹម២ឆ្នាំ និងអាយុទើប៨ខែ ពួកគេក្មេងៗត្រូវជាជីដូនមួយនឹងគ្នា ។ ក្មេងៗទាំង៤នាក់ ត្រូវបានឪពុកម្តាយលែងលះគ្នា ហើយបានចេញទៅធ្វើការនៅប្រទេសថៃអស់ទៅ ដោយបន្សល់ទុកពួកគេនៅជាមួយជីដូន រស់នៅភូមិខ្លែងព័រ ឃុំព្រៃមួល ស្រុករលាប្អៀរ ។
ជួបជាមួយ«កោះសន្តិភាព»កាលពីចុងសប្តាហ៍នេះ ស្ត្រីឈ្មោះ ហ៊ឹម ហៃ អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើបានរៀបរាប់ថា ចៅៗទាំង៤នាក់របស់គាត់ គឺមានឪពុកម្តាយពីរគ្រួសារដែលសុទ្ធសឹងជាកូនបង្កើតរបស់គាត់ ក្នុងនោះ១គ្រួសារមានឪពុកឈ្មោះ រឿន រា អាយុ៣៦ឆ្នាំ មានម្តាយឈ្មោះ រិ សា អាយុ៣២ឆ្នាំ (រិ សា ជាកូនបង្កើតរបស់គាត់) ។ ពួកគេមានកូនស្រីពីរនាក់ម្នាក់ឈ្មោះ រ៉ា ស្រីកា អាយុ១០ឆ្នាំ ម្នាក់ទៀតឈ្មោះ រ៉ា ស្រីធា អាយុ៩ឆ្នាំ ។ ចំណែកមួយគ្រួសារទៀត មានឪពុកឈ្មោះ រិ សេង អាយុ៣៦ឆ្នាំ (រិ សេង ជាកូនគាត់បង្កើត) មានម្តាយឈ្មោះ សាន គ្រួសារនេះមានកូន២នាក់ ម្នាក់កូនស្រីឈ្មោះ រ៉ា ថាអុី អាយុ២ឆ្នាំ និងម្នាក់ទៀតកូនប្រុស ឈ្មោះ រ៉ា សេម អាយុ៨ខែ ។
ជីដូនរៀបរាប់ថា កាលពី២ឆ្នាំមុន គ្រួសារគាត់រស់នៅលើដីចំណីផ្លូវ នៅក្រុងកំពង់ឆ្នាំង តែក្រោយមកគេអភិវឌ្ឍន៍ផ្លូវអស់ទៅ គាត់បានមកសុំដីគេស្នាក់នៅភូមិខ្លែងព័រជាង២ឆ្នាំហើយ ។ ថ្មីៗនេះម្ចាស់គេបានមកប្រាប់ឱ្យគាត់រកទីតាំងផ្សេងរស់នៅទៅ ព្រោះគេត្រូវការដាំដំណាំ តែគាត់បានអង្វរម្ចាស់គេសុំនៅមួយរយៈទៀតសិនព្រោះមិនមានកន្លែងស្នាក់នៅសោះ ។ ម្យ៉ាងវិញទៀត កូនៗគាត់បានលែងលះគ្នាទាំង២គ្រួសារ និងរត់ទៅធ្វើការនៅថៃអស់ហើយ ។ ស្ត្រីរូបនោះបានបន្តថា សព្វថ្ងៃនេះបានកូនប្រុសគាត់ឈ្មោះ រិ សេង ដែលត្រូវជាឪពុក កូនតូច២នាក់ ជាអ្នកផ្ញើប្រាក់មកឱ្យ១ខែបាន១០ម៉ឺនរៀល គ្រាន់ទិញទឹកដោះគោឱ្យចៅនិងទិញអង្ករ ពេលខ្លះក៏ហូបបបរដែរ ព្រោះគ្មានប្រាក់ ។
ចំណែកូនៗផ្សេងទៀត មិនដែលផ្ញើមកម្តងណាឡើយ ។ ចៅៗគាត់ធំៗពីរនាក់មិនបានទៅរៀនសូត្រនោះទេ ព្រោះតែក្រីក្រខ្លាំងណាស់ក្មួយអើយ ។ ជាមួយគ្នានេះកុមារី រ៉ា ស្រីកា និង រ៉ា ស្រីធា ប្រាប់ថា ពួកនាងចង់រៀនណាស់ពូ តែគ្មានខោអាវ សៀវភៅ និងគ្មានកង់ជិះទៅរៀនព្រោះតែសាលានៅឆ្ងាយហេតុនេះហើយពួកនាងនិងលោកយាយ សុំលើកដៃសំពះអង្វរសប្បុរសជនជិតឆ្ងាយ សូមមេត្តាជួយឧបត្ថម្ភសៀវភៅ ខោអាវ និងកង់ឱ្យពួកនាងបានជិះទៅរៀនផង ព្រោះសាលានៅឆ្ងាយពីភូមិ ។ ភូមិនេះគ្មានសាលារៀនទេពូ ។
លោក គង់ សុខ អនុប្រធានភូមិខ្លែងព័រ ឃុំព្រៃមូលបានឱ្យដឹងថា គ្រួសារនេះបានមកសុំដីគេស្នាក់នៅពីរឆ្នាំហើយ តែគាត់មិនបានដឹងថា កូនៗគាត់លែងលះគ្នាទេ ហើយទុកកូនៗចោលឱ្យម្តាយមើលយ៉ាងនេះដែរ ។ គ្រួសារនេះពិតជាមានជីវភាពក្រីក្រពិតប្រាកដមែន ក្នុងនាមគាត់ជាអាជ្ញាធរភូមិខ្លែងព័រសូមអំពាវនាវដល់សប្បុរជន ជិតឆ្ងាយសូមមេត្តាជួយគ្រួសារខាងលើនេះផង ព្រោះកំពុងតែជួបការខ្វះខាតគឺក្រីក្រខ្លាំងណាស់។
សូមបញ្ចាក់ថា នៅថ្ងៃនោះក្រុមអ្នកសារព័ត៌មាន និងក្រុមមន្ត្រីសុរិយោដី ដែលបានទៅឃើញទិដ្ឋភាពជាក់ស្តែងគួរឱ្យសង្វេគបែបនេះ បានរៃប្រាក់គ្នាជួយឧបត្ថម្ភបានចំនួន១០ម៉ឺនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ