រាជធានីភ្នំពេញ ៖ ព្រលានយន្ដហោះតាមខេត្តមួយចំនួនបានអភិវឌ្ឍន៍ឡើងវិញ និងកំពុងដំណើរការ និងខ្លះទៀតពុំទាន់មានផែនការអភិវឌ្ឍនៅឡើយ ស្របពេលដែលគម្រោង ព្រលានយន្តហោះថ្មីៗជាច្រើនទៀតត្រូវបានប្រកាស និងកំពុងសាងសង់បណ្ដើរៗ ។ បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ព្រលានយន្ដហោះនៅតាមខេត្តមួយចំនួនបានចាប់ផ្ដើមដំណើរការហើយ ប៉ុន្តែព្រលានខ្លះនៅតែមេម៉ាយ ដោយគ្មានអ្នកចែចូវនៅឡើយ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ មិថុនា កន្លងមកថា បច្ចុប្បន្ន នៅកម្ពុជាមានព្រលានយន្តហោះចំនួន៤ ដែលនៅសល់ដូចជា ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង, បាត់ដំបង, កោះកុង និងព្រលានយន្តហោះខេត្តស្ទឹងត្រែង ដែលមិនទាន់បានបើកដំណើរការ និងមិនទាន់មានក្រុមហ៊ុនណាមួយចូលចែចូវនៅឡើយ ។
លោកបន្តថា ៖« បច្ចុប្បន្ននេះ មានព្រលានយន្តហោះកំពុងដំណើរការចំនួន៣ប៉ុណ្ណោះ ដែលបាននិងកំពុងទទួលស្វាគមន៍អ្នកដំណើរតាមផ្លូវអាកាសយ៉ាងមមាញឹក គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប » ។
ព្រលានយន្ដហោះទាំង៣នេះបានស្វាគមន៍អ្នកដំណើរ៨លាននាក់នៅក្នុងឆ្នាំ២០១៧ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកក្នុងវិស័យអាកាសចរណ៍កម្ពុជា ។ ការមានព្រលានយន្តហោះថ្មីនៅតាមបណ្តាខេត្តកាន់តែច្រើន សុទ្ធតែជាភាពវិជ្ជមាន ដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរ ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការមានព្រលានយន្តហោះច្រើននៅតាមបណ្តាខេត្តនានា ពិតជាល្អប្រសើរ ព្រោះវាជាការងាយតភ្ជាប់ការដឹកជញ្ជូន និងសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ ព្រោះការធ្វើដំណើរតាមផ្លូវអាកាសមានភាពងាយស្រួល និងចំណាយពេលវេលាតិច ដែលធ្វើឲ្យភ្ញៀវមិនខាតបង់ពេលវេលា ។
លោកស្រីបានបន្តថា ៖« ការធ្វើដំណើរតាមផ្លូវគោកត្រូវចំណាយពេលយូរ ទោះជាផ្លូវស្អាតហើយក៏ដោយ និងខាតពេលវេលាសម្រាប់ភ្ញៀវទេសចរ ។ ហេតុនេះ ការមានព្រលានយន្តហោះនៅតាមបណ្តាខេត្តដូចជា ខេត្តស្ទឹងត្រែង ជាដើម ពិតជាល្អប្រសើរ » ។ លោកស្រីបន្តថា ៖«ការមានព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង ឬបណ្តាខេត្តដទៃទៀត នឹងទទួលបានជោគជ័យ ដោយភ្ញៀវទេសចរជាតិ អន្តរជាតិ នឹងមានជម្រើសច្រើន ហើយពួកគេនឹងធ្វើដំណើរតាមផ្លូវអាកាសកាន់តែច្រើន » ៕