រាជធានីភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីវិនិយោគនៅប្រទេសកម្ពុជា ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ។
នៅក្នុងសេចក្តីប្រកាសបានបង្ហាញថា ក្រុមហ៊ុនទាំង៥ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រមានទុនសរុបប្រមាណជាង៣០០លានដុល្លារអាមេរិក ដែលនឹងអាចផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត៥ពាន់កន្លែង ។ ក្រុមហ៊ុនទាំង៥នោះរួមមាន ៖
១-ក្រុមហ៊ុន KAMPONG SPEU PLANTATION CO., LTD ៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨៥,៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២.២៩០កន្លែង ។
២-ក្រុមហ៊ុន SCHNEITEC ENERGY ៖ ជាគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន១១៥គីឡូវ៉ុល សៀមរាប-ឧត្តរមានជ័យ អនុស្ថានីយឧត្តរមានជ័យ និងអនុស្ថានីយបែកចាន (ពោធិ៍សែនជ័យ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគប្រមាណ៨០,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤១៣កន្លែង ។
៣-ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT ៖ មានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៨៦,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១.៨៤៨កន្លែង ។
៤-ក្រុមហ៊ុន HEIN LI PROPERTIES CO., LTD ៖ មានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន១៤៩បន្ទប់ និង រីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣៩,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៤១កន្លែង ។
៥-ក្រុមហ៊ុន LYLY KAMEDA CO., LTD ៖ គម្រោងបង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១៣៧កា១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៩,១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៥៣កន្លែង ៕
ចែករំលែកព័តមាននេះ