ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​ហាក់​ពុំ​ទាន់​មានការ​គាំទ្រ​នៅឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​របស់​រដ្ឋ​ចាប់ពី​ព្រែក​ព្នៅ​ដល់​ក្រុង​តា​ខ្មៅ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពីដើម​ខែមេសា​កន្លង​ទៅ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​២​ខែ​ហើយ តែ​ហាក់​ពុំ​សូវ​ទទួល​បានការ​គាំទ្រ​នៅឡើយ បើ​ទោះបីជា​ក្នុងអំឡុងពេល​ដែល​រដ្ឋ​មិន​ទាន់​គិតថ្លៃ​សេវា​ក៏​ដោយ ។ បើ​តាម​មន្ត្រី​បម្រើ​ការ​នៅ​ស្ថានីយ​ឫស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​របស់​រដ្ឋ​ចាប់ពី​ព្រែក​ព្នៅ​ដល់​ក្រុង​តា​ខ្មៅ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពីដើម​ខែមេសា​កន្លង​ទៅ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​២​ខែ​ហើយ តែ​ហាក់​ពុំ​សូវ​ទទួល​បានការ​គាំទ្រ​នៅឡើយ បើ​ទោះបីជា​ក្នុងអំឡុងពេល​ដែល​រដ្ឋ​មិន​ទាន់​គិតថ្លៃ​សេវា​ក៏​ដោយ ។

បើ​តាម​មន្ត្រី​បម្រើ​ការ​នៅ​ស្ថានីយ​ឫស្សី​កែវ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ថា ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​មក​ឃើញ​ថា នៅ​ថ្ងៃ​ធម្មតា ពុំ​សូវ​មាន​អ្នក​ជិះ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​បុណ្យ​ជាតិ ឃើញ​មាន​បងប្អូន​នាំ​គ្នា​ជិះ​លេង​កម្សាន្ដ​ច្រើន​គួរសម ។

មន្ត្រី​ដដែល​នោះ​បាន​បញ្ជាក់​ថា ៖« នៅ​ថ្ងៃ​ធម្មតា អ្នកដំណើរ​ពី​ស្ថានីយ​មួយ​ទៅ​ស្ថានីយ​មួយ មាន​តិចតួច ប៉ុន្ដែ​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ជាតិ​ផ្សេង​ៗ យើង​ឃើញ​មាន​អ្នកដំណើរ​ជិះ​កម្សាន្ដ​ច្រើន » ។

អ្នកស្រី ស្រី មុំ ដែល​បាន​ធ្វើ​ដំណើរ​ពី​ស្ថានីយ​ឫស្សី​កែវ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ បាន​និយាយ​ថា អ្នកស្រី​បាន​សាកល្បង​ជិះទូក​នេះ​២​ដង​ទាំង​លើក​នេះ ដោយ​យល់​ថា​វា​ល្អ ងាយស្រួល​ឡើង​ចុះ មិន​កកស្ទះ​ដូច​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក ទោះបីជា​ការ​ធ្វើ​ដំណើរ​របស់​អ្នកស្រី​ជា​លក្ខណៈ​ទៅ​លេង​នៅ​ផ្សារ​ទំនើប ឬ​កន្លែង​កម្សាន្ដ​ក្ដី ។

អ្នកស្រី​និយាយ​ថា ៖« នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខ្ញុំ​នាំ​ក្រុម​គ្រួសារ​មក​ជិះទូក​កម្សាន្ត​នៅ​ចុង​ស​ប្ដា​ហ៍ ដោយ​លើក​ទី​១ ខ្ញុំ​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​នៅ​កោះ​ពេជ្រ និង​ផ្សារ​ទំនើប​អុ​ី​អន ហើយ​សម្រាប់​ថ្ងៃនេះ មាន​បំណង​ទៅ​លេង​ឲ្យ​ដល់​ក្រុង​តា​ខ្មៅ​ម្ដង » ។ អ្នកស្រី​សង្កេត​ឃើញ​ថា ការ​ឡើង​ចុះ​ពី​ស្ថានីយ​មួយ​ទៅ​ស្ថានីយ​មួយ​មិន​ពិបាក​ទេ ហើយ​មាន​សុវត្ថិភាព​ទៀត ដូច្នេះ សូម​បងប្អូន​ងាក​មក​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​វិញ វា​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​ច្រើន​ផង​ដែរ ។

ចំណែក​អ្នកស្រី យឹ​ម វ​ណ្ណា ដែល​បាន​រួម​ដំណើរ​ដែរ​នោះ​បានឱ្យ​ដឹង​ថា អ្នកស្រី​មាន​លំនៅ​ឋាន​ក្បែរ​ស្ថានីយ​ឫស្សី​កែវ ហើយ​បើ​តាម​ការ​សង្កេត​កន្លង​មក អ្នកដំណើរ​ដែល​មក​ជិះទូក​ភាគច្រើន គឺ​ក្នុង​គោលដៅ​ជិះ​កម្សាន្ដ មិនមែន​ជិះ​ទៅ​បំពេញការងារ ឬ​រកស៊ី​អ្វី​នោះ​ទេ ព្រោះ​អ្នកដំណើរ​ជិះ​ច្រើន គឺ​នៅ​ចុង​ស​ប្ដា​ហ៍ ។
អ្នកស្រី​និយាយ​ថា ៖« ដូច​រូប​ខ្ញុំ​អីចឹង នៅ​ពេលទំនេរ​ពី​ការងារ តែង​មក​ជិះ​លម្ហែ​អារម្មណ៍ និង​មើល​ទេសភាព​តាម​ដង​ទន្លេ តែបើ​ថ្ងៃ​ធម្មតា គឺ​ជាប់រវល់​ការងារ » ។ អ្នកស្រី​បន្ដ​ថា តាម​ពិត ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក វា​ល្អ​ជាង​តាម​ផ្លូវគោក​ឆ្ងាយ​ណាស់ ព្រោះ​មិន​កកស្ទះ មិន​បារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ថែម​ទាំង​បាន​ស្រូបខ្យល់​អាកាស​តាម​ដង​ទន្លេ​ទៀត​ផង ប៉ុន្ដែ​បើ​តាម​អ្នកស្រី​យល់​ឃើញ​ថា ដោយសារ​តែ​អ្នកដំណើរ​សព្វថ្ងៃ​មិន​ទាន់​ទម្លាប់ និង​ម្យ៉ាងទៀត គឺ​នៅ​ស្រឡាញ់​ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្ទាល់ខ្លួន​ច្រើន​ជាង ។ ហេតុនេះ​ហើយ​បានជា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ពុំ​ទាន់​ពេញ​និយម​នៅឡើយ ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សុរិយា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ម្សិលមិញ​ថា ៖« សាលា​រាជធានី​ភ្នំពេញ កំពុង​ត្រួតពិនិត្យ​មើល និង​មាន​វិធានការ​នា​ពេល​ខាង​មុខ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​សេវា​នេះ​កាន់តែ​ទទួល​បានការ​គាំទ្រ​ថែម​ទៀត ដោយ​ស​ប្ដា​ហ៍​មុន ក្រសួង​បាន​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ »​។

យោង​តាម​របាយការណ៍​ប្រចាំខែ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ថា អ្នក​ធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃ​ទី​៦-៣០ ខែមេសា​២០១៨ មាន​ប្រមាណ​១០.៤៦៧​នាក់​, ចាប់ពី​ថ្ងៃ​ទី​១-៣១ ខែឧសភា មាន​ចំនួន​៩.៤១២​នាក់ និង​ចាប់ពី​ថ្ងៃ​ទី​១-១៦ មិថុនា មាន​ចំនួន​៤.៩៥៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ