ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្នាក់​ទៀត​ពាក់ព័ន្ធ​ប្លន់​សម្លា.ប់​ជាងកាត់សក់​នៅ​ក្រុង​សិរី​សោភ័ណ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ជំនាញ​ផែន​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតករ​ម្នាក់​ទៀត​ហើយ​ក្នុង​ចំណោម​បក្សពួក​៦​នាក់​ក្នុង​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ជាងកាត់សក់​ប្លន់​យក​ម៉ូតូ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ស្ថិត​នៅ​ខាងក្រោយ​វិទ្យាល័យ​ខ្លា​កូន…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ជំនាញ​ផែន​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតករ​ម្នាក់​ទៀត​ហើយ​ក្នុង​ចំណោម​បក្សពួក​៦​នាក់​ក្នុង​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ជាងកាត់សក់​ប្លន់​យក​ម៉ូតូ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ស្ថិត​នៅ​ខាងក្រោយ​វិទ្យាល័យ​ខ្លា​កូន ចម្ងាយ​៧០០​ម៉ែត្រ ចំណុច​ជើងភ្នំ​ខ្លា​កូន ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ ផាត សុគន្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ស៊ីឈ្នួល​ធ្វើស្រែ​ចម្ការ​ឱ្យ​គេ​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ឈូក​មាស ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​សិរី​សោភ័ណ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​សួន​មាន​ជ័យ ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​គេ​រត់គេច​ខ្លួន​មួយ​រយៈ​ហើយ​បាន​វិល​ត្រឡប់​មក​វិញ ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផាត សុគន្ធ ប្រើប្រាស់​នូវ​វិធានការ​សរុប​មធ្យោបាយ​សរុប និង​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​រយៈពេល​១៦​ថ្ងៃ ទើប​ឃាត់ខ្លួន​បាន​សម្រេច ។

បន្ទាប់​ពី​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​បក្ខពួក​ជា​ឃាតករ​២​នាក់​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ​ដែល​មាន​ទី​១-​ឈ្មោះ លុ​ញ សុ​គា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២- ឈ្មោះ ស៊ុន ស៊ុះ ហៅ​ក្តាមប្រៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ហើយ​ជន​ត្រូវ​ចោទ​២​នាក់​ត្រូវ​បាន​តុលាការ​បញ្ជា​ដាក់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ​ផង​ដែរ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា សំណុំរឿង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន គឺ​មុន​ដំបូង​សមត្ថកិច្ច​ស្រាវជ្រាវ​ថា មាន​ជនសង្ស័យ​តែ​៤​នាក់​ប៉ុណ្ណោះ​ជា​អ្នក​ប្រព្រឹត្ត ។ ប៉ុន្តែ​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផាត សុគន្ធ បាន​ឆ្លើយ​សារភាព​ថា បក្ខពួក​គេ​៦​នាក់ នៅ​សល់​៣​នាក់​ទៀត​មិន​ទាន់​ចាប់ខ្លួន ។ ការ​អនុវត្ត​កិច្ច​ការងារ​បាន​សម្រេច​ជា​បន្តបន្ទាប់​ក្នុង​សំណុំរឿង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ទើប​កម្លាំង​នគរបាល​អនុវត្ត​កិច្ច​ការងារ​នេះ​ទទួល​បាន​លទ្ធផល​ជា​បន្តបន្ទាប់ ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បញ្ជាក់​ឱ្យ​ដឹង​ទៀ​ថា ជនសង្ស័យ​ឈ្មោះ ផាត សុគន្ធ ជា​អ្នក​យក​ដុំ​ថ្ម​វាយ​សម្លាប់​ជន​រង​គ្រោះ​ជាមួយ​បក្ខពួក​របស់​ខ្លួន ហើយ​រូបគេ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​មាន​ពួកម៉ាក​ឈ្មោះ​ធី យក​ទៅ​បញ្ចាំ​នៅ​ចំណុច​ផ្លូវ​លេខ​៣ ក្រុង​សិរី​សោភ័ណ ហើយ​ពួកម៉ាក​ឈ្មោះ ធី ឱ្យប្រាក់​មក​រូបគេ​ចំនួន​១០០​ដុល្លារ រួច​ហើយ​បាន​រត់គេច​ខ្លួន​ទៅ​ខេត្តឧត្តរមានជ័យ ។

សូម​រំលឹក​ថា កាល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ខ្លា​កូន ជើងភ្នំ​ខ្លា​កូន ភូមិ​ខ្លា​កូន​ថ្មី ក្រុង​សិរី​សោភ័ណ សព​បុរស​ម្នាក់​ឈ្មោះ ភឿន សុ​មឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សភាព​ហើម​ស្អុយ​ដោយ​អំពើ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ។ រវាង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ស្គាល់គ្នា ហើយ​ទៅ​ជក់​ថ្នាំ​ញៀន​ផឹកស្រា​និង​រួម​ភេទ​ប្រុស​ដូច​គ្នា​នៅ​ទីនោះ ។

អំពើ​ឃាតកម្ម​នោះ​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​មក​ហើយ ។ ចំណែក​បក្ខពួក​នៅ​សេសសល់​៣​នាក់ សមត្ថកិច្ច​កំពុង​បន្ត​តាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ