ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​វប្បធម៌​ជាតិ​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ«អ្វីៗ​ទាំងអស់​ដើម្បី​វឌ្ឍភាព​វប្បធម៌​ជាតិ​»

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ ឆ្នាំ​២០១៣​នេះ​ កម្ពុជា​នឹង​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៥​ នា​ថ្ងៃ​ទី​៣​ មីនា​ នៅ​សាល​មហោ​ស្រព​ចតុមុខ​ក្រោម​ប្រធាន​បទ​ «អ្វីៗ​ទាំង​អស់​ដើម្បី​វឌ្ឍនភាព​វប្បធម៌» ។ បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ទិវា​នោះ​ប្រារព្ធ​ក្រោម​អធិប​តី​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

រាជធានី​ភ្នំពេញ​ ៖​ ឆ្នាំ​២០១៣​នេះ​ កម្ពុជា​នឹង​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៥​ នា​ថ្ងៃ​ទី​៣​ មីនា​ នៅ​សាល​មហោ​ស្រព​ចតុមុខ​ក្រោម​ប្រធាន​បទ​ «អ្វីៗ​ទាំង​អស់​ដើម្បី​វឌ្ឍនភាព​វប្បធម៌» ។  បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ទិវា​នោះ​ប្រារព្ធ​ក្រោម​អធិប​តី​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក​ ឃឹម​ សារិទ្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថ្លែង​ថា​ ទិវា​វប្បធម៌​ជាតិ​៣​ មីនា​ គឺ​ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ជាតិ​ ក្នុង​គោល​បំណង​លើក​តម្កើង​កេរ​ដំណែល​វប្បធម៌​ សីលធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ជាតិ​ ទប់​ស្កាត់​ការ​ហូរ​ចូល​នូវ​វប្បធម៌​អវិជ្ជ​មាន​ពី​បរទេស​ លុប​បំបាត់​សកម្ម​ភាព​មិន​ល្អ​ក្នុង​សង្គម​ជាតិ ។ សង្គម​ជាតិ​នីមួយៗ​ តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ថែរក្សា​ការ​ពារ​ អភិវឌ្ឍ​វប្បធម៌​ និង​អរិយ​ធម៌​របស់​ជាតិ​ខ្លួន​ឱ្យ​មាន​អត្ថិ​ភាព​នៅ​ក្នុង​ពិភព​លោក​យើង​នេះ​ ។ កម្ពុជា​គឺ​ជា​ប្រទេស​ជាតិ​មួយ​ដែល​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់ មាន​ដើម​កំណើត​ច្បាស់​លាស់​ ចេះ​កសាង​រៀប​ចំ​វប្បធម៌​ និង​អរិយ​ធម៌​ សម្រាប់​សម្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ដូច​ជា​ បទ​ភ្លេង​ ឧបករណ៍​តន្ត្រី​ របាំ​ គោរម​ងារ​ ម្ហូប​អាហារ​ ការ​កសាង​ប្រាសាទ និង​ឧបករណ៍​ប្រើ​ប្រាស់​ជា​ដើម​ ។ សម្បត្តិ​វប្បធម៌​ដែល​បាន​កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៃ​បុព្វ​បុរស​ដូន​តា​យើង​ទាំង​នេះ​ បាន​ក្លាយ​ជា​ដួង​ព្រលឹង​ ជា​អត្ត​សញ្ញាណ​ប្រកប​ដោយ​កិត្យា​នុពល​ភាព​ជាតិ​ និង​ជា​មរតក​ប្រកប​ដោយ​សក្តា​នុពល​បំផុត​ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ។ ហេតុ​នេះ​ យើង​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​វឌ្ឍន​ភាព​ប្រកប​ដោយ​និរន្តរភាព​នៃ​វប្បធម៌​ជាតិ​ តាម​រយៈ​ការ​រួម​គ្នា​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ ការ​ពារ​ បណ្តុះ​បណ្តាល​ ផ្សព្វ​ផ្សាយ​ និង​ផ្ទេរ​ចំណេះ​ ជំនាញ​បច្ចេក​ទេស​ និង​ទេព​កោសល្យ​ឱ្យ​បាន​ដល់​សាធារណ​ជន ជា​ពិសេស​ដល់​អ្នក​ជំនាន់​ក្រោយ​ ដែល​ជា​អ្នក​បន្ត​វេន​ពី​ជំនាន់​របស់​យើង​នេះ​ ។

លោក​រដ្ឋលេខា​ធិការ​បញ្ជាក់​ថា​ គោល​បំណង​នៃ​ការ​រៀប​ចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​គឺ​ដើម្បី​ឱ្យ​ប្រជា​ជន​ទូទាំង​ប្រទេស​ បាន​ស្គាល់​ និងយល់​កាន់​តែ​ច្បាស់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​ជាតិ​ ដែល​ជា​ប្រភព​មិន​ចេះ​រីង​ស្ងួត​ ក្នុង​ការ​បង្កើត​ការ​ងារ​ និង​កាលា​នុវត្ត​ភាព​ ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ពី​ធន​ធាន​ទាំង​នេះ​ ។ ផ្តើម​ពី​នោះ​ ដើម្បី​ឱ្យ​ប្រជា​ជន​កាន់​តែ​ស្រឡាញ់​ និង​កាន់​តែ​មាន​ស្មារតី​ចូល​រួម​សកម្ម​ថែម​ទៀត​ ក្នុង​ការ​ថែរក្សា​ការ​ពារ​សម្បត្តិ​វប្បធម៌​ជាតិ​រហូត​ ចេះ​ប្រើ​ប្រាស់​សក្តា​នុពល​វប្បធម៌​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ តាម​រយៈ​ការ​បង្កើត​សេវា​កម្ម​ និង​ផលិត​ផល​វប្បធម៌​សម្រាប់​គោល​ដៅ​ពាណិជ្ជ​កម្ម​ និង​ទេស​ចរណ៍​ ។ ទន្ទឹម​នោះ​ក៏​បំផុស​ទឹក​ចិត្ត​ប្រជា​ជន​ឱ្យ​ចូល​រួម​កាន់​តែ​សកម្ម​ក្នុង​ការ​ផ្ទេរ​ និង​ទទួល​យក​នូវ​ចំណេះ​ដឹង​ ជំនាញ​ បច្ចេក​ទេស​លើ​វិស័យ​វប្បធម៌​ជាតិ​។ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា​ ស្រាវ​ជ្រាវ​ និង​ចង​ក្រង​រក្សា​ទុក​ឱ្យ​បាន​គង់វង្ស​នូវ​បេតិ​កភណ្ឌ​វប្បធម៌​អរូបីគ្រប់​ប្រភេទ​ ដែល​មាន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ និង​លើក​ស្ទួយ​សីលធម៌​សង្គម​ឱ្យ​ទទួល​បាន​នូវ​វឌ្ឍន​ភាព​ ប្រកប​ដោយ​និរន្តរភាព​ដើម្បី​សុខ​ភាព​សង្គម​ ។

​​ការ​ប្រារព្ធ​ទិវា​វប្ប​​ធម៌​ជាតិ​​៣​ មីនា​ លើក​ទី​១៥​ នឹង​ធ្វើ​ឱ្យ​យើង​ទាំង​អស់គ្នា​ជា​ខ្មែរ​បាន​នឹក​ឃើញ​ដល់​ព្រលឹង​ជាតិ​ខ្មែរ និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ ដែល​បាន​ស្ថិត​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​បាន​នឹក​ដល់​សម័យ​កាល​ដែល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ធ្លាប​់​ជា​ចក្រភព​មួយ​ដ៏​មាន​អំណាច​ខាង​បេតិ​ក​ភណ្ឌ​ និង​សម្បូរ​ទៅ​ដោយ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​ទាំង​រូបី​ និង​អរូបី ។ ដូច្នេះ​ហើយ​ទិវា​វប្បធម៌​ជាតិ​៣ មីនា លើក​ទី​១៥ នឹង​បង្កើត​បាន​នូវ​ស្មារតី​កូនខ្មែរ​ឱ្យ​ចេះ​អភិរក្ស​ប្រកប​ដោយ​ចីរ​​​ភាព និង​និរន្តរ​ភាព​នូវ​​បេតិក​ភណ្ឌ​ជាតិ​របស់​ខ្លួន។

ព្រះ​រាជា​ណាចក្រ​កម្ពុជា​បច្ចុប្បន្ន ក្រោម​កិច្ច​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សមេ្តច​អគ្គ​​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិរក្ស​ និង​អភិវឌ្ឍ​វប្ប​ធម៌​ជាតិ​ប្រកប​ដោយ​ចីរ​ភាព និង​និរន្ត​រភាព​ ពី​ព្រោះ​វប្បធម៌​ជាតិ​ជា​ព្រលឹង​ និង​ជា​អត្ត​សញ្ញាណ​ជាតិ​ដែល​មាន​តម្លៃ​មហា​សាល​មិន​អាច​កាត់​ថ្លៃ​បាន​ និង​ជា​ចំណង​ផ្សារ​ភ្ជាប់​ទំនាក់​​ទំនង​​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ ពី​សហ​គមន៍​មួយ​ទៅ​សហ​គមន៍​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ។

រាជ​រដ្ឋា​ភិបាល​រៀប​ចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣ មីនា លើក​ទី​១៥ សម្រាប់​ឆ្នាំ​២០១៣​នេះ ក្នុង​គោល​ដៅ​ដើម្បី​និរន្ត​រ​ភាព​វប្ប​ធម៌​ជាតិ​ និង​​ដើម្បី​​សន្តិ​ភាព​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រជា​ជន​ទូ​ទាំង​ប្រទេស​បាន​ចូល​រួម​កាន់​តែ​សកម្ម​ថែម​ទៀត​​ក្នុង​ការ​ថែ​រក្សា​ ការ​ពារ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​ជាតិ លើក​​កម្ពស់​សីល​​ធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ជាតិ​ដើម្បី​សុខ​ដុម​​​ភាព​នៃ​សង្គម​ ទប់​ស្កាត់​ការ​ហូរ​ចូល​នៃ​វប្បធម៌​អវិជ្ជ​មាន​មក​ក្នុង​សង្គម​កម្ពុជា​ ជា​ពិសេស​ក្នុង​ស្រទាប់​យុវ​ជន​ និង​កុមារ​ ដើម្បី​រក្សា​បាន​នូវ​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជាតិ​យើង និង​យល់​ដឹង​​កាន់​តែ​ច្បាស់​ពី​​ភាព​សម្បូរ​បែប​នៃ​បេតិ​ក​ភណ្ឌ​វប្បធម៌​ដែល​ជា​ប្រភព​មិន​ចេះ​រីង​ស្ងួត​ក្នុង​ការ​បង្កើត​ការ​ងារ​ និង​កាលា​នុ​វត្ត​ភាព​ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ​និរន្ត​រភាព​ និង​ចេះ​ប្រើ​ប្រាស់​សក្តា​នុពល​វប្ប​ធម៌​​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​តាម​រយៈ​ការ​បង្កើត​សេវា​កម្ម​ និង​ផលិត​ផល​វប្ប​ធម៌​សម្រាប់​គោល​ដៅ​ពាណិជ្ជ​កម្ម​ និង​ទេស​ចរណ៍។

ដោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា បេតិ​កភណ្ឌ​វប្ប​ធម៌​ជាតិ​ទាំង​​រូបី​ និង​អរូបី​របស់​ខ្មែរ​យើង​មាន​កេរ្តិ៍​ឈ្មោះ​រន្ទឺ​លើ​ឆាក​អន្តរ​ជាតិ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិ​ក​ភណ្ឌ​ពិភព​លោក មាន​ជា​អាទិ៍​ ប្រាសាទ​តំបន់​អង្គរ​ របាំ​ព្រះ​រាជ​ទ្រព្យ​ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ប្រាសាទ​ព្រះ​វិហារ​ដែល​មនុស្ស​ជាតិ​ត្រូវ​រួម​គ្នា​ថែរក្សា​ជា​សម្បត្តិ​មនុស្ស​លោក ។

អាស្រ័យ​ដោយ​ភាព​សម្បូរ​បែប​ខាង​បេតិ​កភណ្ឌ​ទាំង​រូបី និង​អរូបី ព្រម​ទាំង​បទ​ពិសោធន៍​ក្នុង​កិច្ច​អភិរក្ស​ និង​អភិវឌ្ឍ​នូវ​បេតិ​កភណ្ឌ​ជាតិ គឺ​ពិត​ជា​មូល​​េហតុ​ដែល​នាំ​ឱ្យ​សម័យ​ប្រជុំ​អន្តរ​ជាតិ​លើក​ទី​៣៦ នៅ​ទីក្រុង​​សាំង​ពី​​ទើ​ស្បើរ​​ សហ​ព័ន្ធ​រុស្ស៊ី​ គណៈ​កម្មា​ធិការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​​បាន​ធ្វើ​​សេច​ក្តី​​សម្រេច​ជា​ឯក​ច្ឆន្ទ​ជ្រើស​រាជ​ធា​នី​​ភ្នំ​ពេញ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អន្តរ​ជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​៣៧​របស់​ខ្លួន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ពី​ថ្ងៃ​ទី​​១៧​ដល់​ទី​២៧​ ខែ​មិថុនា ឆ្នាំ​២០១៣ ។ ភាព​ជា​អ្នក​ដឹក​នាំ​របស់​កម្ពុជា​ក្នុង​គណៈ​កម្មា​ធិការ​​បេតិ​ក​ភណ្ឌ​​ពិភព​លោក​នេះ នឹង​កាន់​តែ​លើក​តម្កើង​នូវ​មុខ​មាត់​ និង​កិត្យា​នុ​ភាព​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​លើ​ឆាក​អន្តរ​ជាតិ​ ។ កម្ពុជា​នឹង​បំពេញ​បេស​ក​កម្ម​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភព​លោក ។ កម្ពុជា​នឹង​ប្រឹង​ប្រែង​ឱ្យ​បាន​ច្រើន​ថែម​​ទៀត ដើម្បី​បម្រើ​គោល​បំណង​រួម​ក្នុង​​​គណៈ​កម្មា​ធិការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​ដែល​ធ្វើ​ការ​ងារ​អភិរក្ស​ និង​អភិ​វឌ្ឍ​​​បេតិ​កភណ្ឌ​ពិភព​លោក ។

សរុប​សេច​ក្តី​មក ទិវា​វប្ប​ធម៌​ជាតិ​៣ មីនា លើក​ទី​១៥ នឹង​បង្កើត​បាន​នូវ​ស្មារតី​កូន​ខ្មែរ​ឱ្យ​ចេះ​អភិរក្ស​ប្រកប​ដោយ​ចីរ​ភាព និង​និរន្ត​រភាព នូវ​បេតិ​កភណ្ឌ​ជាតិ​របស់​ខ្លួន​​ ហើយ​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​ពិភព​លោក​ផ្តល់​កិត្តិ​យស​ជូន​កម្ពុជា ដើម្បី​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​មហា​សន្និ​បាត​​លើក​ទី​៣៧​របស់​គណៈ​កម្មា​ធិការ​​បេតិ​ក​ភណ្ឌ​ពិភព​លោក​ នៃ​​អនុ​សញ្ញា​ដែល​មាន​រដ្ឋ​ភាគី​ចំនួន​១៩០​ប្រទេស ពុំ​មែន​ជា​ករណី​ចៃ​ដន្យ​នោះ​ទេ ។ ​ភាព​ជា​ដឹក​នាំ​របស់​​កម្ពុជា​ក្នុង​គណៈ​កម្មា​​ធិការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​​មួយ​នេះ នឹង​ផ្តល់​ឱកាស​ដល់​​កម្ពុជា​ឱ្យ​មាន​លទ្ធ​ភាព​ប្រមូល​ផ្តុំ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ដើម្បី​ជំរុញ​ការ​ងារ​អភិរក្ស​ និង​អភិវឌ្ឍ​បេតិ​កភណ្ឌ​ និង​បង្កើន​កាលា​នុ​វត្ត​ភាព​សម្រាប់​ការ​យល់​ដឹង​ ព្រម​ទាំង​សិក្សា​បទ​ពិសោធន៍​ដ៏សម្បូរ​​បែប​ជាមួយ​គណៈ​កម្មា​ធិការ​​​បេតិក​ភណ្ឌ​​ពិភព​លោក​ អង្គ​ការ​យូណេ​ស្កូ និង​បណ្តា​វេ​ទិកា​អន្តរ​ជាតិ​នានា ។ នេះ​ជា​ឱកាស​ដ៏​វិសេស​វិសាល​ក្នុង​ការ​ចូល​រួម​ចែក​រំលែក​បទ​ពិសោធន៍​ដែល​​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​មួយ​ក្នុង​វិស័យ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ក្នុង​ការ​អភិរក្ស​បេតិ​កភណ្ឌ​ពិភព​លោក​ ក្នុង​ក្រប​ខណ្ឌ​គណៈ​កម្មា​​​ធិការ​សម្រប​សម្រួល​អន្ត​រ​ជាតិ​ ICC​-​អង្គ​រ ហើយ​ក្នុង​អនាគត​កម្ពុជា​នឹង​ស្នើ​បង្កើត​​ ICC​-​ព្រះ​វិហារ​ ។ ម៉្យាង​វិញ​ទៀត ​ដើម្បី​រក្សា​​មិត្ត​ភាព​ ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ ព្រម​ទាំង​គោរព​ និង​ អនុវត្ត​ដោយ​ស្មោះ​ត្រង់​នូវ​គោល​ការណ៍​របស់​អង្គ​ការ​យូ​ណេ​ស្កូ​ដែល​មាន​ទិស​ដៅ​វប្បធម៌​ដើម្បី​សន្តិ​ភាព​ផង​ដែរ ៕