ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​កប់​ស្រូវ​ធំ​ប្រហែល​70%​ ទទួល​បាន​​ពី​ការ​ដាំ​ឈូក (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ខ្មែរ​មួយ​ចំនួន​បាន​ចាប់​យកមុខ​របរ​ដាំ​ឈូក ដើម្បី​រក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ រុក្ខជាតិ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដាំ​ដុះ​នៅ​តាម​បឹង ស្រះ ឬ​​ត្រពាំង ហើយ​ក៏​មាន​ខ្លះ​ដាំ​នៅ​តាម​វាលស្រែ​ដែល​មានទឹក​ជ្រៅ​ល្មម ។…

រាជធានី​ភ្នំពេញ ៖ កសិករ​ខ្មែរ​មួយ​ចំនួន​បាន​ចាប់​យកមុខ​របរ​ដាំ​ឈូក ដើម្បី​រក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ រុក្ខជាតិ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដាំ​ដុះ​នៅ​តាម​បឹង ស្រះ ឬ​​ត្រពាំង ហើយ​ក៏​មាន​ខ្លះ​ដាំ​នៅ​តាម​វាលស្រែ​ដែល​មានទឹក​ជ្រៅ​ល្មម ។ កម្រៃ​ដែល​ទទួល​​បាន​ពី​ការ​លក់​ផ្កា ផ្លែ ស្លឹក ឬ​ក្រអៅឈូក គឺ​អាស្រ័យ​ទៅ​លើ​ការ​ដាំ​តិច​ឬ​ច្រើន គួប​ផ្សំ​នឹង​ការ​ថែទាំ​ផង​ដែរ ។ បច្ចុប្បន្ន កសិករ​ខ្មែរ​និយម​ដាំ​ដុះ​ឈូក​២​ប្រភេទ​គឺ​ឈូក​ផ្កា​ពណ៌​​ក្រហម ដាំ​សម្រាប់​យក​ផ្កា ផ្លែ ស្លឹក និង​ក្រអៅឈូក ។ ផ្កា​របស់​វា​មាន​ពណ៌​ក្រហម​ព្រឿង​ៗ ដែល​គេ​ហៅ​ថា ឈូកក្រហម និង​ឈូក​ផ្កា​ពណ៌​ស ដាំ​លក់​បាន​តែ​ផ្កា​ប៉ុណ្ណោះ​សម្រាប់​បូជា​ព្រះ វា​គ្មាន​ផ្លែ​ឡើយ ។

លោក ផា និ​ត អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជា​​កសិករ​ដាំ​ឈូក​ដែរ​នោះ​បាន​រៀបរាប់​ថា លោក និង​អ្នក​ភូមិ​ប្រហែល​៧០%​ បាន​ប្រកប​​របរ​ដាំ​ឈូក ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក​បាន​ដាំ​ឈូក​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ គឺ​ដាំ​នៅ​ក្នុង​បឹង​កប់​ស្រូវ ឬ​បឹង​តា​មោក ហើយ​លោក​ដាំ​ទាំង​ឈូកស និង​ឈូកក្រហម ។  លោក​និយាយ​ថា មុខរបរ​នេះ​មិន​លំបាក​ពេក ហើយ​ក៏​មិន​ស្រណុក​ពេក​ដែរ ប៉ុន្តែ​អ្វី​ដែល​លំបាក​នោះ គឺ​ក្រោយ​ពេល​បាន​ផល​ហើយ​មាន​បញ្ហា​ប្រឈម និង​លក់​មិនសូវ​ដាច់ ។ លោក​ថា ៖« ចាប់តាំងពី​ពេល​ដាំ​រហូត​ដល់​ទទួលផល គឺ​រយៈ​ពេល​៣​ខែ ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ផ្កាឈូក​ងាយស្រួល​លក់​ណាស់ លក់ដាច់​មិន​សូវ​​សល់​ទេ ព្រោះ​អ្នក​ដាំ​មាន​ចំនួន​តិច រីឯ​តម្រូវការ​ពី​អតិថិជន​មាន​ច្រើន » ។

លោក​បន្ត​ថា ៖« ប៉ុន្តែ​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​យ៉ាប់​បន្តិច លក់​មិនសូវ​ដាច់​ទេ ហើយ​ពេល​ខ្លះ លក់​មិន​អស់​បោះចោល​ក៏​មាន​ដែរ ព្រោះ​ឥឡូវនេះ មាន​អ្នក​ដាំ​ច្រើន ហើយ​ការ​លក់​មានការ​ប្រកួតប្រជែង​គ្នា ។ ដូច្នេះ មាន​តែ​សង្ឃឹមលើ​ម៉ូយ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ បើ​នរណា​មាន​ម៉ូយ​ច្រើន នឹង​លក់​ឆាប់​អស់ តែបើ​គ្មាន​ម៉ូយ​ទេ គឺ​យ៉ាប់​ហើយ»។ ​លោក​​បញ្ជាក់​ថា តាម​ទម្លាប់ មុន​នឹង​ចេញ​ទៅ​លក់ លោក​ត្រូវ​កាច់​ផ្កាឈូក​មុន​១​ថ្ងៃ ឬ​កាច់​​នៅ​ពេល​ល្ងាច ហើយ​មិន​រង់ចាំ​ដល់​ព្រឹក​ឡើង​ទើប​យក​ទៅ​លក់​ទេ គឺ​លោក​ក្រោក​តាំងពី​ម៉ោង​១​ឬ​២​យប់​ដឹក​យក​ទៅ​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង​, ព្រះ​អង្គ​ដង​កើ ព្រមទាំង​ផ្សារ​មួយ​ចំនួន​ផង​ដែរ ។ បើ​ក្រោក​យឺត​ពេក លក់​មិន​ទាន់​គេ​ទេ ហើយ​ត្រូវ​បោះចោល​ទាំងអស់ ។ លោក​បន្ថែម​ថា ៖« សម្រាប់​តម្លៃ​វិញ ឈូក​១០០​ផ្កា ថ្លៃ​២​ម៉ឺន​រៀល ។ ឈូក​អាច​លក់​បាន​ថ្លៃ​លើស​នេះ​តែ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ មិនសូវ​សម្បូរ​អ្នកលក់​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ធម្មតា លក់​មិនសូវ​ដាច់​ឡើយ ។ ទោះបីជា​លំបាក​ក្តី ប៉ុន្តែ​ខ្ញុំ ក៏​ដូច​ជា​អ្នក​ភូមិ​ផ្សេង​ទៀត​តស៊ូ​មិន​រា​ថយ​ឡើយ ព្រោះ​នេះ​ជា​មុខរបរ​ចិញ្ចឹម​ឆ្នាំងបាយ មិន​អាច​ខាន​បាន​ទេ ហើយ​ក៏​ជា​មុខរបរ​ត​ពី​ដូនតា ឪពុក​ម្ដាយ​យើង​មក​ដែរ » ។

ចំណែក លោក វាសនា អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មានបទពិសោធន៍​ដាំ​ដុះ​ឈូក​យូរ​ឆ្នាំ​មក​ហើយ​បាន​រៀបរាប់​ថា ការ​ដាំ​ឈូក​មិន​ខុស​ពី​ការ​ដាំ​ដុះ​ស្រូវ​ប៉ុន្មាន​ឡើយ ។ ជំហាន​ដំបូង គឺ​ត្រូវ​ភ្ជួរ​រាស់​ពង្រាបដី​ឲ្យ​បាន​ត្រឹមត្រូវ​សិន ទើប​ដក​កូន​ឈូក​ដែល​បាន​បណ្ដុះ ឬ​ដើម​ស្រាប់​យក​ទៅ​ដាំ ។ យើង​ទុក​គម្លាត​ពី​គ្នា​ក្នុង​១​ដើម​ចម្ងាយ​១​ម៉ែត្រ ពោល​គឺ​មិន​អាច​ដាំ​កៀក​គ្នា​ពេក​ទេ ព្រោះ​នាំ​ឲ្យ​ឈូក​ដុះ​ណែន​ខ្លាំង​មិនសូវ​បាន​ផល​ឡើយ ហើយ​ក្រោយ​ពី​ការ​ដាំ​ដុះ​រួច ត្រូវ​មើលថែ​វា​ជាប់​ជា​ប្រចាំ​ផង​ដែរ ។  លោក​បន្ត​ថា ៖« ការ​ដាំ​ឈូក គឺ​ទាមទារ​ការ​ថែទាំ និង​យក​ចិត្ត​ទុកដាក់​ដូច​ការ​ដាំ​ដុះ​ដំណាំ​ផ្សេង​ទៀត​ដែរ ហើយ​សត្រូវ​ធំ​បំផុត​របស់​វា គឺ​សត្វ​ខ្យង បើ​យើង​មិន​បាន​មើលថែ​វា​ឲ្យ​បាន​ដិត​ដល់​ទេ​នោះ វា​មិន​អាច​លូតលាស់​បាន​ទេ និង​ត្រូវ​ខ្យង​ស៊ី​អស់​មិន​ខាន ។ ដូច្នេះ បើ​មាន​ខ្យង​ស៊ី យើង​ត្រូវ​បាញ់ថ្នាំ​កម្ចាត់​ខ្យង​ចេញ ព្រម​ទាំង​ដាក់​ជី​បំប៉ន​ផង ទើប​វា​លូតលាស់​ល្អ និង​បាន​ផល​តាម​ការ​រំពឹង​ទុក » ។

លោក​បញ្ជាក់​ថា គិត​ចាប់ពី​ពេល​ដាំ​រហូត​ដល់​ទទួលផល គឺ​មាន​រយៈពេល​៣​ខែ ឈូក​នឹង​ចេញ​ផ្កា និង​ផ្លែ អាច​បេះ​លក់​បាន​ហើយ ។ ឈូក​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ផ្កា​សម្រាប់​យក​បូជា​ព្រះ​រតនត្រ័យ​, ផ្លែ​ខ្ចី​អាច​បរិភោគ​បាន​ស្រស់​ៗ និង​មាន​រសជាតិ​ឆ្ងាញ់​​ផង​ដែរ ។ ផ្លែ​ចាស់​អាច​យក​ទៅ​ច្នៃ​ធ្វើ​បង្អែម ខណៈ​ផ្លែ​ទុំ​យក​ធ្វើ​ជា​ក្រ​លីង​ឈូក ហើយ​ក្រអៅ​របស់​វា​យក​ទៅ​ស្លម្ជូរ ឆា ឬ​ធ្វើ​ជ្រក់ ជាដើម ។ គេ​អាច​យក​មើម​វា​ទៅ​ស្ងោរ​ស៊ុប​​ជាមួយ​សាច់​ជ្រូក ឬ​សាច់​គោ ហើយ​អាច​យក​ស្លឹក​ទៅ​ខ្ចប់​ចំណីអាហារ​ផ្សេង​ៗ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ