ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យូ ហុ​ក​គ្រី ថ្លែង​យ៉ាងច្រើន​ពី​​ហេតុការណ៍​គ្រោះថ្នាក់​របស់​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា…

រាជធានី​ភ្នំពេញ ៖ លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ថា ពិធី​បុណ្យសព​អ្នក​ម្នាង​អ៊ុ​ក ផល្លា ត្រូវ​បាន​រៀប​ចំ​តាម​ប្រពៃណី ដោយ​មានការ​ចូលរួម​ចំណាយ​ក្នុង​ពិធីបុណ្យ​ពីព្រះ​បរមរាជវាំង គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ព្រម​ទាំង​គណៈកម្មការ​បុណ្យ​ជាតិ​-​អន្តរជាតិ ។ លោក យូ ហុ​ក​គ្រី បាន​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​ដ៏​រន្ធត់​នោះ លោក​ក៏​បាន​នៅ​ក្នុង​ក្បួន​រថយន្ត​ផង​ដែរ ។ លោក​​ថា គណបក្ស​បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​នេះ​​ឡើង​វិញ បើ​ទោះបីជា​អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត​ដែល​បង្ក​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​ក៏​ដោយ ។

មានការ​កត់​សម្គាល់ថា នៅ​ពេល​ដែល​សព​អ្នក​ម្នាង​ត្រូវ​បាន​ដឹក​ចេញពី​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​រតនៈ ឆ្ពោះ​មក​តម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​បទុម​វ​តី សម្តេចក្រុមព្រះ​ដែល​រង​របួសធ្ងន់​កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ នៅ​ក្រុង​បាងកក ប្រទេស​ថៃ ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា សម្តេចក្រុមព្រះ​បាន​រង​របួសធ្ងន់​៣​កន្លែង​ គឺ​បាក់ឆ្អឹង​ដងកាំបិត បាក់ឆ្អឹង​ជំនីរ និង​បាក់ជើង​ខាងឆ្វេង ។

មក​ដល់​ពេល​នេះ​ស្ថានភាព​របួស​របស់​ព្រះ​អង្គ​មិន​ត្រូវ​បានដឹង​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ។ ការ​ទទួល​មរណភាព​របស់​អ្នក​ម្នាង​ ទំនងជា​ព្រះ​អង្គ​មិន​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​ទេ​​មើលទៅ ។ លោក យូ ហុ​ក​គ្រី អនុ​ប្រធាន​​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​មាន​ប្រសាសន៍​ថា ក្នុង​ពេល​គ្រោះថ្នាក់​ចរាចរណ៍​នោះ រថយន្ត​ជា​ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​បាន​បើក​ច្រាសទិស​ជាមួយ​រថយន្ត​បង្ក បាន​មក​បុក​រថយន្ត​ព្រះ​អង្គ​ពេញ​ទំហឹង ។ ពេល​នោះ​ អ្នក​ម្នាង​ធ្ងន់ធ្ងរ​ជាង​សម្តេចក្រុមព្រះ ។ លោក​ថា​ ពេល​នោះ​លោក​បាន​ព្យាយាម​ជួយ​សង្គ្រោះ​សម្តេចក្រុមព្រះ ​និង​អ្នក​ម្នាង​មុន ។

ផ្អែក​ទៅ​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​គួរ​ឱ្យ​សោកស្តាយ​នេះ លោក​បាន​កត់​សម្គាល់ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នកបើកបរ​នៅ​កម្ពុជា បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ ​និង​របួស​យ៉ាងច្រើន ។ ទោះជា​បែប​ណា លោក​ថា ​«​យើង​សូម​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ចំពោះ​បញ្ហា​នេះ​» ។ លោក យូ ហុ​ក​គ្រី បាន​បន្ត​ថា​ ពេល​គ្រោះថ្នាក់​កើតឡើង​មន្ត្រី​គណបក្ស​មិន​នៅ​ជុំ​គ្នា ដោយសារ​បាន​ចុះ​ទៅ​ជួប​សកម្មជន​តាម​ខេត្ត ហើយ​ពេល​វេលា​នេះ ​ក៏​មិនសូវ​ល្អ​សម្រាប់​គណបក្ស​ផង ។ មន្ត្រី​គណបក្ស​ទើប​មក​ដល់​រាជធានី​ កាលពី​យប់​ថ្ងៃ​ទី​១៧ មិថុនា ។ លោក​ថា ការ​យក​សព​អ្នក​ម្នាង​មក​តម្កល់​នៅ​វត្ត​បទុម​វ​តី ព្រោះ​តំណាក់​សម្តេចក្រុមព្រះ​តូច​ចង្អៀត​ពេក​មិន​សម​ស្រប ។ ទី​វត្ត​នេះ​ទូលាយ​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​ថ្នាក់ដឹកនាំ​មក​កាន់​ទី​នេះ ។ លោក​បាន​លើក​ឡើង​ថា​ «​អ្នក​ម្នាង​ចិត្តល្អ រាក់ទាក់ មានចិត្ត​សប្បុរស​ច្រើន ​ចំពោះ​ជន​ក្រីក្រ​និង​ស្រឡាញ់​សិ​ល្បះ​» ។

លោក​ថា គណបក្ស​បាន​ប្រគល់​ករណី​នេះ​ដល់​តុលាការ ចំពោះ​ជន​បង្ក​តាម​ច្បាប់ ។ ពេល​នេះ​ ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ទាន់​ពេល​យក​ទៅ​ឃុំឃាំង​ហើយ​ដែរ ។ លោក​ថា គណបក្ស​មិន​បាន​ចូលរួម​ស៊ើបអង្កេត​ជា​មួយ​សមត្ថកិច្ច​ទេ តែ​គ្រាន់តែ​បាន​ដាក់​ជា​ច​ម្ង​ល់​ថា ហេតុ​អី​បានជា​ក្បួន​រថ​យន្ត​សម្តេចក្រុមព្រះ​ ត្រូវ​គេ​បុក​ដល់​ទៅ​៣​ដង ។ លោក​បាន​លើក​ឡើង​​ថា រថយន្ត​សម្តេចក្រុមព្រះ ត្រូវ​បាន​ជួប​គ្រោះថ្នាក់​ម្តង​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​២០១៥ គឺ​ឡាន​មក​បុក​ពីមុខ​រថយន្តសម្តេច​ក្រុម​ព្រះ​តែ​ម្តង ។ លើក​ទី​២ នៅ​ខេត្តកំពត ឡាន​ដឹក​ដី​បាន​បើក​មក​កាត់​ក្បួន​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែរ តែ​មិន​មាន​គ្រោះថ្នាក់ ហើយ​លើក​នេះ ​មិន​គួរ​មាន​គ្រោះថ្នាក់​ទេ ព្រោះ​ក្បូន​មាន​ឡាន​២០​គ្រឿង និង​មាន​ឡាន​នាំមុខ​បើកភ្លើង ។

លោក​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​ចេញពី​កំពត​មក​ភ្នំពេញ ហើយ​ក្បួន​រថយន្ត​សម្តេចក្រុមព្រះ​ចេញពី​កំពត ទៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ ។ ពេល​នោះ​ ផ្លូវ​ទូលាយ​ទេ គ្មាន​រថយន្ត​ច្រើន​ទេ ។ ពេល​នោះ​ឡាន​បង្ក​មក​ចូល​បុក​រថយន្ត​សម្តេចក្រុមព្រះ​តែ​ម្តង ។ លោក​បញ្ជាក់​​ថា កាលពី​ឆ្នាំ​២០១៥​ នៅ​កំពង់ចាម​រថយន្ត​ដឹក​ដី​មក​បុក​ចំ​ពីមុខ​រថយន្ត​សម្តេចក្រុមព្រះ​តែ​ម្តង ។ នៅ​ពេល​នេះ​ ព្រះ​អង្គ​ដាក់​ខ្សែក្រវាត់​ការពារ ទើប​គ្រាន់តែ​រង​របួស ហើយ​អ្នក​ម្នាង​លោក​មិនដឹង​ថា ​បាន​ដាក់​ខ្សែក្រវាត់​ឬ​បែប​ណា​ទេ ។