ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំបារាំង​ កំពុងរងការឈូសឆាយបំផ្លាញយកធ្វើជាកម្មសិទ្ធិហើយ

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ ភ្នំ​បារាំងគឺជា​ភ្នំ​តូច​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​អង្កោល ស្ថិត​ក្នុងភូមិ​អង្កោលឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ។ ភ្នំ​នេះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ភ្នំ​អង្កោល​ដែរ ហើយ​បច្ចុប្បន្ន​ភ្នំ​នៅជាប់​សមុទ្រ​មួយ​នេះ​ត្រូវ​បាន​អ្នកមាន​លុយ​ឈូស​ឆាយ​តាម​អំពើ​ចិត្ត​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។ ដោយសារ​តែ​មានការ​ឈូស​ឆាយ​និង​កាប់​បំផ្លាញ​ព្រៃ​បែប​នេះ…

ខេត្ត​កែប ៖ ភ្នំ​បារាំងគឺជា​ភ្នំ​តូច​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​អង្កោល ស្ថិត​ក្នុងភូមិ​អង្កោលឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ។ ភ្នំ​នេះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ភ្នំ​អង្កោល​ដែរ ហើយ​បច្ចុប្បន្ន​ភ្នំ​នៅជាប់​សមុទ្រ​មួយ​នេះ​ត្រូវ​បាន​អ្នកមាន​លុយ​ឈូស​ឆាយ​តាម​អំពើ​ចិត្ត​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។ ដោយសារ​តែ​មានការ​ឈូស​ឆាយ​និង​កាប់​បំផ្លាញ​ព្រៃ​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​កន្លង​ទៅ អាជ្ញាធរ​ខេត្ត និង​លោកស្រី គឹ​មច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ រួម​ដំណើរ​ដោយលោក មាស សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កែប និង​មន្ត្រី​សុរិយោដី បាន​ចុះ​ទៅ​ដល់​ភ្នំ​ដែល​រង​ការ​បំផ្លាញ​នេះ ។

លោកស្រី​អភិបាលស្រុក​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ចុះ​មក​ដល់​ភ្នំ​បារាំង​នេះ​ចំនួន​២​ដង​ហើយ បន្ទាប់​ពី​មានការ​កាប់​បំផ្លាញ​ព្រៃ​នៅ​ជាប់​ឆ្នេរសមុទ្រ​នេះ​មក ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ដី​មួយ​ចំណែក​មាន​ប្លង់ ប៉ុន្តែ​ម្ចាស់​ដី​បាន​ជួល​គ្រឿងចក្រ​មក​ឈូស​លើស​ដី​របស់​ខ្លួន​ទៅ​ទៀត​។ លោក មាស សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កែប និយាយ​ថា ដី​ព្រៃ​ភ្នំ​បារាំង​នេះ ត្រូវ​បានគេ​​កាប់​បំផ្លាញ​កាលពី​ខែ​មុន ឯ​អាជ្ញាធរ​បាន​ហាមឃាត់​ហើយ ។ លោក​ប្រាប់​ថា ម្ចាស់​ដី​ដែល​បាន​កាប់​ព្រៃ​ហួស​ដែន​កំណត់​នេះ មិន​បាន​មក​ជួប​អាជ្ញាធរ​ទេ មាន​តែ​អ្នក​ចាំ​ដី​ប៉ុណ្ណោះ​មក​និយាយ​ជាមួយ​អាជ្ញាធរ​ស្រុក​និង​ខេត្ត ។

លោក ង៉ា​ន់ កុក មេ​ភូមិ​អង្កោល មិន​បាន​និយាយ​ពី​រឿង​គេ​កាប់​ព្រៃឈើ​រុករាន​យក​ដី​ទេ តែ​លោក​មេ​ភូមិ​និយាយ​ប្រាប់​ពី​ប្រវត្តិ​ភ្នំ​បារាំង​នេះ​ថា ពី​មុន​ភ្នំ​នៅ​ជាប់​សមុទ្រ​នេះ​មាន​ទាហាន​បារាំង​បាន​មក​ធ្វើ​បន្ទាយ​នៅ​លើ​ភ្នំ ទើប​អ្នក​ភូមិ​ហៅ​ភ្នំ​បារាំង​ៗ​មក​ទល់​សព្វថ្ងៃ ។ ទោះជា​បែប​ណា អាជ្ញាធរ​ស្រុក​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​ភ្នំ​វល្លិ​ទៀត ព្រោះ​ភ្នំ​នោះ​ក៏​កំពុង​រង​ការ​បំផ្លាញ​ព្រៃ​រាន​យក​ដី​យ៉ាង​អនាធិបតេយ្យ​ដែរ ៕