ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ពិភាក្សា ដើម្បី​កំណត់ពេល​ច្បាស់​បូជាសព​អ្នក​ម្នាង អ៊ុ​ក ផល្លា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​យូ ហុ​ក​គ្រី​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ពិធី​បុណ្យសព​ត្រូវ​បាន​រៀបចំ​តាម​ប្រពៃណី ដោយ​មានការ​ចូលរួម​ចំណាយ​ពី​ព្រះ​បរម​វាំង គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ព្រមទាំង​មាន​គណៈកម្មការ​បុណ្យ​ជាតិ…

រាជធានី​ភ្នំពេញ ៖ លោក​យូ ហុ​ក​គ្រី​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ពិធី​បុណ្យសព​ត្រូវ​បាន​រៀបចំ​តាម​ប្រពៃណី ដោយ​មានការ​ចូលរួម​ចំណាយ​ពី​ព្រះ​បរម​វាំង គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ព្រមទាំង​មាន​គណៈកម្មការ​បុណ្យ​ជាតិ ​អន្តរជាតិ ។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​លោក​ក៏​បាន​នៅ​ក្នុង​ក្បួន​រថយន្ត​ផង​ដែរ ។ គណបក្ស​បាន​ស្នើ​សុំ​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​នេះ​ឡើង​វិញ បើ​ទោះបីជា​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ក៏​ដោយ ។

លោក​យូ ហុ​ក​គ្រី​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បានបន្ត​លើក​ឡើង​ថា ក្នុង​ពេល​គ្រោះថ្នាក់​ចរាចរណ៍​នោះ​រថយន្ត​របស់​សម្តេចព្រះ និង​អ្នក​ម្នាង​ច្រាសទិស​ជាមួយ​រថយន្ត​បង្ក ​ពេល​នោះ​បាន​មក​បុក​រថយន្ត​សម្តេចក្រុមព្រះ​ចំ​ពេញទំហឹង ខណៈពេល​នោះ​អ្នក​ម្នាងមានស្ថានភាពធ្ងន់ធ្ងរ​ជាង​សម្តេចក្រុមព្រះ  ហើយពេល​នោះ​លោក​បាន​ព្យាយាម​ជួយ​សង្គ្រោះ​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​មុន ។

ដោយឡែក​ចំពោះ​ការ​សម្រេច​ពេលវេលា​សម្រាប់​ការ​បូជាសព​អ្នកម្នាងនៅ​មិន​ទាន់​កំណត់​យក​ថ្ងៃ​ណា​នៅឡើយ​ទេ ។  លោក​ថា​«​យើង​សូម​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ចំពោះ​បញ្ហា​នេះ​» ។ លោក​បាន​អះអាង​ថា រហូត​ដល់​ពេល​នេះ​មាន​ពី​ធី​សាសនា​សម្រាប់​បុណ្យសព និង​គ្រួសារ​សព  ហើយក៏មាន​មន្ត្រី​គណបក្ស​កំពុង​ចុះ​មូលដ្ឋាន​ ដោយមួយ​ចំណែក​ធំ​បាន​ដង្ហែ​សម្តេចក្រុមព្រះ ។

លោក​យូ ហុ​ក​គ្រី​បាន​លើក​ឡើងទៀត​ថា ពេល​គ្រោះថ្នាក់​កើតឡើង​មន្ត្រី​គណបក្ស​មិន​ជុំ​គ្នា​ ដោយ​ការ​ចុះ​ទៅ​ជួប​សកម្មជន​តាម​ខេត្ត ហើយ​ពេលវេលា​នេះ​ក៏​មិនសូវ​ល្អ​សម្រាប់​គណបក្ស​ផង ។  លោក​បានបន្តថា ការ​យក​ទីតាំង​វត្ត​បុ​ទុម​វ​តី​ជា​កន្លែង​តម្កល់សព ព្រោះ​ដំណាក់​សម្តេចក្រុមព្រះ​តូច​ចង្អៀត​ពេក​មិន​សម​ស្រប ។ ទី​វត្ត​នេះ​ទូលាយ និង​មាន​ថ្នាក់ដឹកនាំ​មក​កាន់​ទី​នេះ​ដែរ ។ ដោយឡែកលោក​ថា ខាងគណបក្ស​បាន​ប្រគល់​ករណី​នេះ​ដល់​តុលាការ ចំពោះ​ជន​បង្ក​តាម​ច្បាប់ ។

ពេល​នេះ​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ទាន់​ពេល​យក​ទៅ​ឃុំឃាំង​ដែរ ។ លោក​ថា គណបក្ស​មិន​បាន​ចូលរួម​ស៊ើបអង្កេត​ជាមួយ​សមត្ថកិច្ច​ទេ តែ​គ្រាន់​បាន​ដាក់​ជា​ច​ម្ង​ល់​ថា ហេតុ​អី​បានជា​ក្បួន​រថយន្ត​សម្តេចក្រុមព្រះ​ត្រូវ​គេ​បុក​ដល់​ទៅ​៣​ដង ។

បញ្ជាក់ ៖ លោក​បាន​លើក​ឡើង​ថា រថយន្ត​សម្តេចក្រុមព្រះ​ត្រូវ​បាន​ជួប​គ្រោះថ្នាក់​ម្តង​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ឆ្នាំ​២០១៥ ឡាន​មក​បុក​ពីមុខ​រថយន្ត​សម្តេចក្រុមព្រះ​តែ​ម្តង ។ លើក​ទី​២ នៅ​ខេត្តកំពត ឡាន​ដឹក​ដី​បាន​បើក​មក​កាត់​ក្បួន​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែរ តែ​មិន​មាន​គ្រោះថ្នាក់ ហើយ​លើក​នេះ​មិន​គួរ​មាន​គ្រោះថ្នាក់​ទេ ព្រោះ​ក្បូន​មាន​ឡាន​២០ និង​មាន​ឡាន​នាំមុខ​បើកផ្លូវ​ ។

ដោយមុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ចេញពី​កំពត​មក​ភ្នំពេញ ហើយ​ក្បួន​រថយន្ត​សម្តេចក្រុមព្រះ​ចេញពី​កំពត​ទៅទី​ខេត្ត​ព្រះ​សីហ​នុ​វិញ ។ ពេល​នោះ​ផ្លូវទូលាយ​ទេ គ្មាន​រថយន្ត​ច្រើន​ទេ ស្រាប់តេពេល​នោះ​ឡាន​បង្ក​មក​ចូល​បុក​រថយន្ត​សម្តេចក្រុមព្រះ​ចំ​ពីមុខ​តែ​ម្តង ។  រីឯ​កាលពី​ឆ្នាំ​២០១៥ ​នៅ​កំពង់ចាម​រថយន្ត​ដឹក​ដី​មក​បុក​ចំ​ពីមុខ​រថយន្ត​សម្តេចក្រុមព្រះ​តែ​ម្តង ។ នៅ​ពេល​នោះ​សម្តេចក្រុមព្រះ​ដាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ ហើយ​អ្នក​ម្នាង​មិនដឹង​ថា បានដាក់​ខ្សែ​ក្រ​វ៉ា​ត់​ឬទេ ។

ចំពោះ​ការ​កំណត់​បូជាសព​គណបក្ស​នៅ​មិន​ទាន់​កំណត់​ទេ ព្រោះ​កំពុង​តែ​ពិភាក្សា​គ្នា ។ មន្ត្រី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ចូល​គោរពវិញ្ញាណក្ខន្ធ​សព​អ្នក​ម្នាង អ៊ុ​ក ផល្លា វត្ត​បុ​ទុម​វ​តីហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ គណៈកម្មការ​បុណ្យសព​បាន​ពិភាក្សា​គ្នា និង​សម្រេច​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​បុ​ទុម​វ​តី ។ តាម​ព័ត៌មាន​អ្នកចូលរួម​បាន​បង្ហើប​ថា សព​អាច​តម្កល់​រយៈពេល​ប្រមាណ​៧​ថ្ងៃ​ទើប​បូជា​តាម​ប្រពៃណី ។

ប្រភព​ព័ត៌មាន​ពី​អ្នកចូលរួម​បាន​លើក​ឡើង​ថា សព​អ្នក​ម្នាង​អ៊ុ​ក ផល្លា​ត្រូវ​បាន​គេ​រុំ​ក្រណាត់​ស​នាំ​ចេញពី​បន្ទប់​តម្កល់សព​នៃ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​រតនៈ រួច​ដាក់​ក្នុង​រថយន្ត​មន្ទីរពេទ្យ​ដឹកនាំ​ឆ្ពោះ​មក​វត្ត​បុ​ទុម​វ​តី​តែ​ម្តង តាម​ការ​សម្រេច​របស់​គណៈកម្មការ​រៀបចំ​បុណ្យ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ ភ្លាម​ៗ​នោះ​នៅ​ពេល​សព​នាំ​ដល់​វត្ត ព្រះសង្ឃ​ចំនួន​៥​អង្គ​បាន​និមន្ត​បង្សុកូល​ដល់​វិញ្ញាណក្ខន្ធ​សព ។

យោង​តាម​មន្ត្រី​បក្ស​បាន​លើក​ឡើង​ថា គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា មន្ត្រី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា​ច្រើន​នាក់ បាន​ទៅ​ដល់ទី​កន្លែង​តម្កល់សព​ក្នុង​បរិវេណ​វត្ត​បុ​ទុម​វ​តី​ពេល​សព​បាន​ដឹក​ដល់ ។ គិតដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា មន្ត្រី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា​ច្រើន​រូប​បាន​អញ្ជើញ​មក​ចូល​ក្នុង​ពិធីបុណ្យ​អ្នក​ម្នាង​បន្តបន្ទាប់​នៅ​ក្នុង​បរិវេណ​វត្ត​បុ​ទុម​វ​តី ។

គេ​បានឃើញ​លោក​យូ ហុ​ក​គ្រី សមាជិក​សភា​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ម្នាង ។ ជាមួយ​គ្នា​នេះ​ដែរ គេ​បានឃើញ​វត្តមាន​របស់​សម្តេចចៅហ្វា​វាំង គង់ សំ​អុល រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ។

តែជា​អកុសល​អ្នក​ម្នាង​បាន​ទទួលមរណភាព ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​នា​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ទឹកដី​ខ​ត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​បាន​រួម​ដំណើរ​ជាមួយ​ព្រះ​ស្វាមី​ដើម្បី​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​ជា​សមាជិក សមាជិកា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

សព​អ្នក​ម្នាង​អ៊ុ​ក ផល្លា បាន​តម្កល់​ធ្វើបុណ្យ​តាម​ព្រះពុទ្ធ​សាសនា នៅ​វត្ត​បុ​ទុម​វ​តី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ។ រីឯ​សម្តេចក្រុមព្រះ​បានដឹង​ខ្លួន​ហើយ តែ​មន្ត្រី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​បញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស​ព្យាបាល​ពេល​ណា​ទេ ៕

កែសម្រួលដោយ