ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​អកុសល​ស្មាន​មិន​​ដល់… ខណៈព្រះ​ទីនាំង​ព្រះ​អង្គជា​រថយន្ត​ទី​​​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​យាង​តាម​ក្បួន​រថយន្ត​អម ​ដោយ​គណៈ​ប្រតិភូ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ជួបនឹង​គ្រោះ​អកុសល​…

ខេត្តព្រះសីហនុ ៖ សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​យាង​តាម​ក្បួន​រថយន្ត​អម ​ដោយ​គណៈ​ប្រតិភូ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ជួបនឹង​គ្រោះ​អកុសល​ ដោយ​ត្រូវ​រថយន្ត​តាក់ស៊ី​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បុក​លាន់​ដូច​រន្ទះ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ការ​បុក​ដ៏​ខ្លាំង​នោះ​ ភាគី​ខាង​តាក់ស៊ី​មាន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ ត្រូវ​រង​របួសធ្ងន់​ក្នុង​នោះ​រាប់​ទាំង​អ្នកបើកបរ​ផង​ដែរ ។ ឧបទ្ទវហេតុ​បាន​កើត​មាន​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា វេលា​ម៉ោង​០៨ ​និង​៥០​នាទីលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០០-​២០១ ចំណុច​ផ្លូវ​ចូល​កន្លែង​ចាក់សំរាម ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ តាម​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 បើកបរ​ដោយ​ឈ្មោះ វ៉ុល សា​រ៉េ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដឹក​ភ្ញៀវ​ចំនួន​៤​នាក់ (​ស្រី​ម្នាក់​) មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លុះដល់​ចំណុច​ខាងលើ​ដែល​​​បើក​លឿនបាន​ធ្លាក់​ផ្លូវ ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក BMW ពណ៌​ទឹក​ប្រាក់ ពាក់​ផ្លា​ក​លេខ រដ្ឋសភា 5.2 090 ជិះ​គ្នា​ចំនួន​៣​នាក់ (​ស្រី​ម្នាក់​) ដែល​ជា​ព្រះ​ទីនាំង​របស់​សម្តេច​ក្រុមព្រះ​ និង​អ្នក​ម្នាង ​ដែល​យាង​ទៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

នេះ​ជា​គ្រោះ​អកុសល​មួយ​ ដែល​គ្មាន​នរណា​ស្មាន​ដល់​ឡើយ ដោយសារ​ក្បួន​ព្រះ​​ទីនាំង​ព្រះ​អង្គ​ មាន​រថយន្ត​ស៊ី​រ៉ែ​ន​នាំ​មុខ ហើយ​ព្រះ​ទីនាំង​ព្រះ​អង្គជា​រថយន្ត​ទី​៤ បែរជា​រង​ការ​បុក​ចំ​ពី​ចំហៀង​យ៉ាង​ខ្លាំង​ ទើប​ក្លាយជា​បែប​​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​បុក​នេះ​ បណ្តាល​ឱ្យ​ភាគី​ខាង​រថយន្ត​តាក់ស៊ី​រង​របួសធ្ងន់​ទាំង​៥​នាក់​ រាប់​ទាំង​អ្នកបើកបរ ។ ចំណែក​ព្រះ​ទីនាំង​សម្តេចក្រុមព្រះ​របួសធ្ងន់​២​នាក់​ គឺ​ព្រះ​អង្គ និង​អ្នក​ម្នាង ។ រីឯ​អ្នក​បើក​បរ បែរជា​រង​របួសស្រាល ។ ភ្លាម​ៗ​ ព្រះ​អង្គ​និង​អ្នក​ម្នាង​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដោយ​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេ​តេ​ខេត្ត​ព្រះ​សីហ​នុ ហើយ​និង​បញ្ជូន​បន្ត​តាម​ឧទ្ធម្ភាគចក្រ​ទៅ​រាជធានី​ភ្នំពេញ ។

ជា​ដំណឹង​អកុសល អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព​នៅ​ម៉ោងជាង​១២​រសៀល ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដែល​ប្រភព​ថា​អ្នក​ម្នាង​ត្រូវ​របួស​ត្រង់​ថ្លើម​ធ្ងន់ធ្ងរ​ពេក ។ អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ដែល​ជា​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន ក្រោយ​ពី​ការ​លាង​របួស​រួចរាល់ ។








អត្ថបទសរសេរ ដោយ