ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកស្គាល់តារា​ឆ្នើម​វ័យក្មេង​6ប្រទេស​ផ្សេង​គ្នា​នឹង​ធ្វើ​ឱ្យសមរភូមិ World Cup រឹតតែ​កក្រើក

5 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់ World Cup រដូវ​កាល​២០១៨​នេះ គេ​សង្កេត​ឃើញ​​កីឡាករ​ជើង​ថ្មី​ច្រើន​រូប​កំពុង​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ពួក​គេ ជា​ពិសេស​កីឡាករ​ក្មេង​ៗ តែ​សមត្ថភាព​ខ្ពស់​មិនធម្មតា ។ ខាងក្រោម​នេះក្រុមការងារកីឡានៃ​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​កីឡាករ​អាយុ​ក្រោម២២​ឆ្នាំ​ចំនួន៦រូបមក​ពី​ក្រុម​ជម្រើសជាតិ​ផ្សេង​គ្នាដែល​នឹង​ធ្វើឱ្យសមរភូមិ…

ការ​ប្រកួត​បាល់ទាត់ World Cup រដូវ​កាល​២០១៨​នេះ គេ​សង្កេត​ឃើញ​​កីឡាករ​ជើង​ថ្មី​ច្រើន​រូប​កំពុង​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ពួក​គេ ជា​ពិសេស​កីឡាករ​ក្មេង​ៗ តែ​សមត្ថភាព​ខ្ពស់​មិនធម្មតា ។ ខាងក្រោម​នេះក្រុមការងារកីឡានៃ​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​កីឡាករ​អាយុ​ក្រោម២២​ឆ្នាំ​ចំនួន៦រូបមក​ពី​ក្រុម​ជម្រើសជាតិ​ផ្សេង​គ្នាដែល​នឹង​ធ្វើឱ្យសមរភូមិ World Cup រឹតតែ​កក្រើក​មកបង្ហាញជូនប្រិយមិត្ត៖

១-កីឡាករ Gabriel Jesus អាយុ២១​ឆ្នាំ (​ប្រេ​ស៊ី​ល​)

កីឡាករ Gabriel Jesus គឺជា​តារា​ឆ្នើម​ទើប​រះ​មួយ​រូបដែល​គេ​តែង​លើកយក​មក​និយាយបន្ទាប់​ពីNeymar ។ ខ្សែប្រយុទ្ធ​ក្លិបMan City ដែល​កំពុង​ឡើង​ជើង​ខ្លាំង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ នឹង​ធ្វើ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ដំណើរ​ជួយ​ជ្រោមជ្រែង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅWorld Cup អម​ជាមួយ​កីឡាករ​ឆ្នើម​ច្រើន​រូប​ទៀត ។

កីឡាករ Gabriel Jesus បាន​ចូលរួម​លេង​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​ឈុត​ធំ​នៅ​ឆ្នាំ​២០១៦ រហូត​មក​ទល់​​ពេល​នេះ​បាន​បង្ហាញខ្លួន​ចំនួន១៦​លើក ។ ដំណើរ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​មុន​មក​ដល់​ទឹក​ដី​​រុ​ស្ស៊ី ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​រក​បាន​៦​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន១០​ប្រកួត​នៅ​វគ្គ​ជម្រុះ World Cup ២០១៨ ។

២-​កីឡាករ Andre Silva អាយុ២២​ឆ្នាំ (​ព័រ​ទុ​យ​ហ្គា​ល់​)

ខ្សែប្រយុទ្ធ​មក​ពី​ទ្វីបអឺរ៉ុប​រូប​នេះ បច្ចុប្បន្ន​លេង​នៅ​ក្លិប​អុីតា​លី AC Milan បន្ទាប់​ពី​ផ្លាស់​ចេញពី​ក្លិប Porto កាលពី​ឆ្នាំ​២០១៧ ។ Andre Silva ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​កីឡាករ​វ័យក្មេងដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព និង​បច្ចេកទេស​លេង​មិនធម្មតា ។

តារា​ក្មេង​រូប​នេះ បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​ដោយ​ចូលរួម​ជាមួយ​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់U16 និង​បន្តបន្ទាប់​ដល់ U21 ទើបត្រូវ​បាន​ជ្រើសរើស​ចូល​លេង​ឱ្យ​ឈុត​ធំ​ក្នុង​វ័យ​២០​ឆ្នាំក្រោយ​ពេល​ព័រ​ទុ​យ​ហ្គា​ល់​ឈ្នះ​ពាន​យូ​រ៉ូ​ឆ្នាំ​២០១៦ ។ បន្ទាប់​ពី​បង្ហាញខ្លួន​បាន​២៣​ប្រកួត Andre Silva ស៊ុត​បាន​១២​គ្រាប់(​រួម​ទាំង​៩​គ្រាប់​នៅ​វគ្គ​ជម្រុះ World Cup) ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​គ្រាប់ពូជ​សំខាន់​ទាំង​វ័យក្មេងដែល​អាច​ទ្រទ្រង់​ក្រុម​ជម្រើសជាតិ​នៅ​ព្រឹត្តិការណ៍ World Cup ២០១៨​នេះ ។

៣-​កីឡាករ Rodrigo Bentancur អាយុ២០​ឆ្នាំ (​អ៊ុយ​រូ​ហ្គា​យ​)

បន្ទាប់​ពី​បាន​ចូលរួម​លេង​ព្រឹត្តិការណ៍ World Cup U20 ឆ្នាំ​២០១៧ ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ (U20) រួច​មកខ្សែបម្រើ​វ័យក្មេង​សមត្ថភាព​ខ្ពស់​រូប​នេះបាន​ជួយ​ក្រុម​ឱ្យឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត​ផង ។ ដោយ​មើលឃើញ​ពី​ភាព​ប៉ិន​ប្រសប់​របស់​កីឡាករ Rodrigo Bentancur ក្លិប Juventus ក៏​ទៅ​ស្តីដណ្តឹង​ពី​ក្លិប Boca Juniors យក​មក​លេង​នៅ​ទឹកដី​អុីតា​លី​កាលពី​ឆ្នាំ​២០១៧បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍ World Cup U20 ភ្លាម ។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​វ័យក្មេង​ឆ្នើម​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​រូប​នេះ បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​លើក​ដំបូង​កាលពី​ខែតុលា​ ឆ្នាំ​២០១៧ ហើយ​រហូត​មក​ទល់​ពេល​នេះ Rodrigo Bentancur ទើបតែ​លេង​បាន​ចំនួន​៦​ប្រកួត​ប៉ុណ្ណោះ​អំឡុង​ប្រកួត​ជម្រុះ World Cup កន្លង​ទៅ ប៉ុន្តែ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅឡើយ​ទេ ។

៤-​កីឡាករ Edson Alvarez អាយុ២០​ឆ្នាំ (​ម៉ិ​ក​ស៊ិ​ក​)

ខ្សែការពារ Edson Alvarez ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ិ​ក
​ស៊ិ​ក​ឈុត​ធំ​កាលពី​ដើមឆ្នាំ​២០១៧ បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​អំឡុង​ពេល​លេង​នៅ U20។ យ៉ាងណាមិញ​ គ្រាប់ពូជ​ពន្លក​ថ្មី​មួយ​នេះ ទើបតែ​លេង​បាន​២​ប្រកួត​ប៉ុណ្ណោះ​នៅ​វគ្គ​ជម្រុះ World Cup កន្លង​ទៅ ក្នុង​ចំណោម​វត្តមាន​ទាំង​១១​ប្រកួត​នៅ​ឈុត​ធំ និង​ស៊ុត​បាន​១​គ្រាប់ ។

Edson Alvarez គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ម៉ិ​ក​ស៊ិ​ក​ទាំង​២៣​រូប​មក​
លេង​នៅ World Cup ទឹកដី​រុ​ស្ស៊ី​រដូវ​កាល​នេះ ។លោកគ្រូ​បង្វឹក Osorio Juan Carlos រំពឹង​ថា Edson Alvarez នឹង​ក្លាយ​តួអង្គ​សំខាន់​សម្រាប់​ទ្រទ្រង់​នាវា​ក្រុម​ជម្រើសជាតិ​ឱ្យ​រឹតតែ​ខ្លាំង​នា​ពេល​អនាគត ។

៥-​កីឡាករ Kylian Mbappe អាយុ១៩​ឆ្នាំ (​បារាំង​)

ក្រោយលេង​នៅ U19 បាន​ចំនួន​១១​ប្រកួតស៊ុត​បាន​៧​គ្រាប់​រួច​មក តារា​ឆ្នើម​ញញឹម​ស្រស់ Kylian Mbappe ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​អំឡុង​ឆ្នាំ​២០១៧។ រហូត​មក​ទល់​ពេល​នេះ ខ្សែប្រយុទ្ធ​វ័យក្មេង​ខាងលើ លេង​បាន​ចំនួន​១៥​ប្រកួត និង​ស៊ុត​បាន​៤​គ្រាប់ បូក​រួម​ទាំង​១​គ្រាប់​នៅ​វគ្គ​ជម្រុះ World Cup កន្លង​ទៅ ។

កីឡាករ​វ័យក្មេង​រូប​នេះ លេង​នៅ​ក្លិប Monaco បាន​ពីរ​ឆ្នាំ (២០១៥-២០១៧) ដោយ​ស៊ុត​បាន​១៦​គ្រាប់​ក្នុង​ចំណោម​៤១​ប្រកួត។ បច្ចុប្បន្ន Kylian Mbappe កំពុង​រួមរស់​ជាមួយ​ក្លិប Paris SG ក្រោម​លក្ខ​ខណ្ឌ​ខ្ចី​ជើង ដែល​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨ កន្លង​មក រូបគេ​លេង​បាន​២៧​ប្រកួត និង​ស៊ុត​បាន​១៣​គ្រាប់ ។

បារាំង​មិន​ត្រឹមតែ​មាន Kylian Mbappe ដែល​មាន​វ័យក្មេង​ក្នុង​ក្រុម​នោះ​ទេ កីឡាករ Ousmane Dembele ដែល​កំពុង​ជ្រក​នៅ​ក្លិប Barcelona មាន​អាយុ​២១​ឆ្នាំ ក៏​ជា​ទំពាំង​ ល្អ​សម្រាប់​ស្នង​តំណែង​រាមច្បង​ផង​ដែរ ។ ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ជាទ័ព​ដ៏​សំខាន់ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្រុម​ជម្រើសជាតិ​នៅក្នុងសមរភូមិ World Cup ឆ្នាំ​នេះ ។

៦-​កីឡាករ Marcus Rashford អាយុ២១​ឆ្នាំ (​អង់គ្លេស​)

បើ​និយាយ​ពី​សមត្ថភាព និង​បច្ចេកទេស​ញាក់​បាល់ ខ្សែប្រយុទ្ធ​សក់​ក្រ​ញាញ់​រូប​នេះ ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ។ Marcus Rashford បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស U21បាន​តែ​១​លើកប៉ុណ្ណោះ ប៉ុន្តែ​រកបាន​៣​គ្រាប់​ម្នាក់ឯងក្នុង​ជ័យជម្នះ៦​ទល់​១​ពេល​ប៉ះ​ក្រុម​ន័​រ​វែ​ស U21 ឆ្នាំ​២០១៦ ។ ក្រោយមក កីឡាករ​វ័យក្មេង​រូប​នេះ ក៏​បាន​ចូលរួម​ជាមួយ​ឈុត​ធំ និង​មានឈ្មោះ​លេង​នៅ​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦​ទៀត​ផង ។

រហូត​មក​ទល់​ពេល​នេះ Marcus Rashford លេង​បាន​១៩​ប្រកួត ស៊ុត​បាន​៣​គ្រាប់ បូក​រួម​ទាំង​១​គ្រាប់​នៅ​វគ្គ​ជម្រុះ World Cup ២០១៨ ។ បច្ចុប្បន្ន ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ កំពុង​លេង​នៅ​ក្លិប Man Utd ដែល​បង្ហាញខ្លួន​តាំងពី​ឆ្នាំ​២០១៥ ចំនួន​៧៨​ប្រកួត ស៊ុត​បាន​១៧​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ