ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សប្បុរសជន​ជួយ​ដល់​ក្មេង​ស្រី​២​នាក់​នេះ​ផង ព្រោះ​គ្នា​ចង់ទៅ​រៀន​ណាស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​អាសូរ​ខ្លាំង​ណាស់ នៅ​ពេល​កុមារី​ពីរ​នាក់​បងប្អូន អាយុ​៩​ឆ្នាំ​ម្នាក់ និង​១០​ឆ្នាំ​ម្នាក់ បាន​និយាយ​ថា ខ្ញុំ​ចង់ទៅ​រៀន​តែ​គ្មាន​កង់​ជិះ គ្មាន​ខោអាវ​ថ្មី និង​សៀវភៅ​សម្រាប់​ទៅ​រៀន​នឹង​គេ…

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​អាសូរ​ខ្លាំង​ណាស់ នៅ​ពេល​កុមារី​ពីរ​នាក់​បងប្អូន អាយុ​៩​ឆ្នាំ​ម្នាក់ និង​១០​ឆ្នាំ​ម្នាក់ បាន​និយាយ​ថា ខ្ញុំ​ចង់ទៅ​រៀន​តែ​គ្មាន​កង់​ជិះ គ្មាន​ខោអាវ​ថ្មី និង​សៀវភៅ​សម្រាប់​ទៅ​រៀន​នឹង​គេ សូម​មេត្តា​ជួយ​ពួក​ខ្ញុំ​ផង​។ នេះ​ជា​សម្ដី​ពិត​របស់​កុមារី ទាំង​ពីរ​នាក់​បងប្អូន ដែល​កំពុង​រស់នៅ​ជាមួយ​ជីដូន អាយុ​៦៦​ឆ្នាំ រួម​នឹង​កុមារ​តូច​ៗ​ពីរ​នាក់​ទៀត ដែល​មាន​អាយុ​ត្រឹម​២​ឆ្នាំ និង​អាយុ​ទើប​៨​ខែ តែ​ប៉ុណ្ណោះ ពួក​គេ​ត្រូវជា​ជីដូនមួយ​នឹង​នាង​។ ក្មេង​ៗ​ទាំង​៤​នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​លែងលះ​គ្នា ហើយ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​ទៅ ដោយ​បន្សល់​ទុក​នៅ​ជាមួយ​ជីដូន រស់នៅ​ភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មួល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ជួប​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ចុង​ស​ប្តា​ហ៍​នេះ ស្ត្រី​ឈ្មោះ ហ៊ឹ​ម ហៃ អាយុ​៦៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​ខាងលើ បាន​រៀបរាប់​ថា ចៅ​ៗ​ទាំង​៤​នាក់​របស់​គាត់ គឺ​មាន​ឪពុក​ម្តាយ​ពីរ​គ្រួសារ ដែល​សុទ្ធ​សឹង​ជា​កូនបង្កើត​របស់​គាត់ ក្នុង​នោះ​១​គ្រួសារ មាន​ឪពុក​ឈ្មោះ រឿ​ន រា អាយុ​៣៦​ឆ្នាំ មាន​ម្តាយ​ឈ្មោះ រិ សា អាយុ​៣២​ឆ្នាំ (​រិ សា ជា​កូនបង្កើត​របស់​គាត់​) ពួក​គេ​មានកូន​ស្រី​ពីរ​នាក់ ម្នាក់​ឈ្មោះ រ៉ា ស្រី​កា អាយុ​១០​ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ រ៉ា ស្រី​ធា អាយុ​៩​ឆ្នាំ​។

ចំណែក​មួយ​គ្រួសារ​ទៀត មាន​ឪពុក​ឈ្មោះ រិ សេង អាយុ​៣៦​ឆ្នាំ (​រិ សេង ជា​កូន​គាត់​បង្កើត ) មាន​ម្តាយ​ឈ្មោះ សាន គ្រួសារ​នេះ​មានកូន​២​នាក់ ម្នាក់​កូនស្រី​ឈ្មោះ រ៉ា ថា​អ៊ី អាយុ​២​ឆ្នាំ និង​ម្នាក់​ទៀត​កូនប្រុស ឈ្មោះ រ៉ា សេ​ម អាយុ​៨​ខែ​។ កាលពី​២​ឆ្នាំ​មុន គ្រួសារ​គាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ នៅ​ក្រុង​កំពង់ឆ្នាំង តែ​ក្រោយមក គេ​អភិវឌ្ឍន៍​ផ្លូវ​អស់​ទៅ គាត់​បាន​មក​សុំ​ដី​គេ​ស្នាក់​នៅ​ភូមិ​ខ្លែង​ព័រ នេះ​ជាង​២​ឆ្នាំ​ហើយ​។ ថ្មី​ៗ​នេះ​ម្ចាស់​គេ​បាន​មក​ប្រាប់​ឲ្យ​គាត់​រក​ទីតាំង​ផ្សេង​រស់នៅ​ទៅ ព្រោះ​គេ​ត្រូវការ​ដាំ​ដំណាំ តែ​គាត់​បាន​អង្វរ​ម្ចាស់​គេ​សុំ​នៅ​មួយ​រយៈ​ទៀត​សិន ព្រោះ​មិន​មាន​កន្លែង​ស្នាក់​នៅ នៅឡើយ​។ ម្យ៉ាងវិញទៀត​កូន​ៗ​គាត់​បាន​លែងលះ​គ្នា​ទៅ​ធ្វើការ​នៅ​ថៃ​អស់ហើយ​។ ស្ត្រី​រូប​នោះ​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ បានកូន​ប្រុស​គាត់ ឈ្មោះ រិ សេង ដែល​ត្រូវជា​ឪពុក​កូន​តូច​២​នាក់ ជា​អ្នក​ផ្ញើ​ប្រាក់​មក​ឲ្យ​១​ខែ​បាន​១០​ម៉ឺន​រៀល គ្រាន់​ទិញ​ទឹកដោះគោ​ឲ្យ​ចៅ និង​ទិញ​អង្ករ​ហូប ពេល​ខ្លះ​ក៏​ហូប​បបរ​ដែរ ព្រោះ​គ្មាន​ប្រាក់​។ ចំ​ណែ​កូន​ៗ​ផ្សេង​ទៀត មិន​ដែល​ផ្ញើ​មក​ម្តងណា​ឡើយ ចៅ​ៗ​គាត់​ធំ​ៗ​ពីរ​នាក់​មិន​បាន​ទៅ​រៀនសូត្រ​នោះ​ទេ ព្រោះតែ​ក្រីក្រ។

ជាមួយ​គ្នា​នេះ​កុមារី រ៉ា ស្រី​កា និង រ៉ា ស្រី​ធា ប្រាប់​ថា ពួក​នាង​ចង់​រៀន តែ​គ្មាន​ខោអាវ សៀវភៅ និង​គ្មាន​កង់​ជិះ​ទៅ​រៀន ព្រោះតែ​សាលា​នៅ​ឆ្ងាយ ហេតុនេះ​ហើយ​ពួក​នាង និង​លោកយាយ​សុំ​លើកដៃ​សំពះ អង្វរ សប្បុរសជន ជិត​ឆ្ងាយ សូម​មេត្តា ជួយ​ឧបត្ថម្ភ​សៀវភៅ ខោអាវ និង​កង់​ឲ្យ​ពួក​នាង​បាន​ជិះ​ទៅ​រៀន​ផង​។ ជាមួយ​គ្នា​នេះ លោក គង់ សុខ អនុប្រធាន​ភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មូល​បាន​ឲ្យ​ដឹង​ថា គ្រួសារ​នេះ បាន​មក​សុំ​ដី​គេ​ស្នាក់​នៅ​ពីរ​ឆ្នាំ​ហើយ តែ​គាត់​មិន​បានដឹង​ថា កូន​ៗ​គាត់​លែងលះ​គ្នា ហើយ​ទុក កូន​ៗ​ចោល​ឲ្យ​ម្តាយ​មើល​យ៉ាងនេះ​ដែរ​។ គ្រួសារ​នេះ ពិតជា​មាន​ជីវភាព ក្រីក្រ​ពិតប្រាកដ​មែន ក្នុង​នាម​គាត់ ជា​អាជ្ញាធរ​ភូមិ​ខ្លែង​ព័រ សូម​អំពាវនាវ​ដល់​សប្បុរ​ជន ជិត​ឆ្ងាយ​សូម​មេត្តា ជួយ​គ្រួសារ​ខាងលើ​នេះ​ផង ព្រោះ​កំពុង​តែ​ជួប​ការ​ខ្វះខាត​ខ្លាំង​ណាស់​។ នៅ​ថ្ងៃ​នោះ ក្រុម​អ្នក​សារព័ត៌មាន និង ក្រុម​មន្ត្រី​សុរិយោដី ដែល​បាន​ទៅ​ឃើញ​ទិដ្ឋភាព​បែប​នេះ បាន​រៃ​ប្រាក់​គ្នា​ជួយ​ឧបត្ថម្ភ ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ