ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃដីធ្លីនៅតំបន់ជាប់ព្រំដែន កម្ពុជា-ថៃ ហក់ឡើងកប់​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖​​​​​​ ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រំដែន​អន្តរជាតិ​ព្រំ បាន​និយាយ​​ថា រយៈ​​ពេល​ចុង​​ក្រោយ​នេះ តម្លៃ​ដី​ឡូត៍​ដែល​ក្រុម​ឈ្មួញ​​​ពុះ​​លក់​ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​​​សាលា​ក្រៅ ស្ទុះ​ឡើង​យ៉ាង​ខ្លាំង ដោយ​១​ម៉ែត្រការ៉េ​តម្លៃ​រហូត​ដល់​​​២៥​ទៅ​៤០​ដុល្លារ…

ខេត្ត​ប៉ៃលិន ៖​​​​​​ ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រំដែន​អន្តរជាតិ​ព្រំ បាន​និយាយ​​ថា រយៈ​​ពេល​ចុង​​ក្រោយ​នេះ តម្លៃ​ដី​ឡូត៍​ដែល​ក្រុម​ឈ្មួញ​​​ពុះ​​លក់​ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​​​សាលា​ក្រៅ ស្ទុះ​ឡើង​យ៉ាង​ខ្លាំង ដោយ​១​ម៉ែត្រការ៉េ​តម្លៃ​រហូត​ដល់​​​២៥​ទៅ​៤០​ដុល្លារ ដែល​ជា​​ហេតុ​ធ្វើ​ឱ្យ​ក្រុម​​ឈ្មួញ​រត់ការ​សុំ​ច្បាប់​គ្រប់​មន្ទីរ សា្ថ​ប័ន​​ពាក់ព័ន្ធ ហើយ​យក​​​គ្រឿងចក្រ​ទៅ​ជីក​​កាយ​​ដី​ភ្នំ​យក​ធ្វើ​ជា​​កម្មសិទ្ធិ និង​ជីក​យក​​អាចម៍​ដី​ទៅ​ចាក់​លុប​​បំពេញ​​ដី​ទំនាប ឬ​អូរ​ជ្រៅៗ ដើម្បី​ពុះ​​​លក់​យ៉ាង​គគ្រឹក​គ​គ្រេង ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ និយាយ​ថា ៖« ដី​នៅ​ជាប់​នឹង​ព្រំដែន​បច្ចុប្បន្ន​មាន​តម្លៃ​ឡើង​ខ្ពស់​ខុស​​ពី​ធម្មតា ដោយ​​កាល​ពី​មុន គេ​គ្រាន់តែ​ពុះ​អង្កន់​លក់​ក្នុង​​១​ប្លង់ ដែល​មាន​បណ្តោយ​ប្រវែង​​២០​ម៉ែត្រ ទទឹង​​៥​ម៉ែត្រ តម្លៃ​ត្រឹមតែ​៤.០០០​​ទៅ​៥.០០០​ដុល្លារ​​​​ប៉ុណ្ណោះ ហើយ​កន្លែង​​ខ្លះ​ជាប់​នឹង​​ផ្លូវជាតិ បណ្តោយ​ប្រវែង​២៩​​​ម៉ែត្រ ទទឹង​១០​​ម៉ែត្រ ឈ្មួញ​លក់​ត្រឹមតែ​១៤.០០០​ទៅ​១៥.០០០​ដុល្លារ​​​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ ស្រាប់តែ​ដី​ឡូត៍​​កន្លែង​ខ្លះ​មានការ​ប្រែប្រួល​យ៉ាង​​​ខ្លាំង ​ដោយ​​​ឈ្មួញ​គិត​ជា​ម៉ែត្រការ៉េ​វិញ គឺ​១​ម៉ែត្រការ៉េ​ឡើង​​​ខ្ពស់​រហូត​ដល់​២៥​ទៅ​​៣៣​ដុល្លារ និង​កន្លែង​​ខ្លះ​​ទៀត​តម្លៃ​៤០​​ដុល្លារ គឺ​ឡើង​គុណ​នឹង​​២​ ឬ​គុណ​​នឹង​៣​ដង​​ឯណោះ​ » ។

ពួក​គាត់​បន្ដ​ថា បច្ចុប្បន្ន អ្នកម​ាន​ដី​នៅ​ជាប់​ភ្នំ ក៏​កំពុង​​​តែ​រត់ការ​​ជីក​​កកាយ​ពង្រាប និង​ដឹក​អាច​ម៍​ដី​ចាក់​ដើម្បី​ពុះ​​ឡូត៍​លក់​ឱ្យ​ឈ្មួញ ខណៈ​កន្លែង​​​ខ្លះ​មិន​ទាន់​រៀប​រយ​ផង ក៏​លក់​ចែក​លុយ​គ្នា​យ៉ាង​​​សប្បាយ​តែ​ម្តង ។ ទោះ​បី​យ៉ាងនេះ​ក្ដី អ្វី​ដែល​​​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាំង​​បំផុត​នោះ គឺ​ខ្លាច​​​អស់​ភ្នំ ខណៈ​មាន​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​​​ដី​ដឹក​លក់​យ៉ាង​​ពពាក់ពពូន បណ្តាល​ឱ្យ​ភ្នំ​​មួយ​​​​ចំនួន​​បាត់បង់​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង និង​ភ្នំ​មួយ​ចំនួន​ទៀត​កំពុង​បាត់បង់​ជា​បណ្តើរ​ៗ​ ។

មេការ​​​សំណង់​ម្នាក់​ឈ្មោះ ឈុំ ភឿន និយាយ​​ថា ៖« រហូត​​​មក​​ដល់​ពេល​នេះ ដី​ឡូត៍​​ដែល​​​គេ​ពុះ​រួច ត្រូវ​បាន​ក្រុម​ឈ្មួញ​ចូល​ទៅ​ទិញ​យក​​​ទាំង​​​អស់​តែ​ម្ដង ដើម្បី​សាងសង់​អគារ​កាស៊ីណូ និង​​​ខ្លះ​ទៀត​ទិញ​សម្រាប់​សាងសង់​បុរី​​លំនៅ​ឋាន និង​​ផ្ទះសំណាក់ » ។ លោក​ថា​ ៖«អ្នក​​ដែល​មាន​ដី​នៅ​ត្រង់​ម្តុំ​ៗ​​ព្រំដែន​នេះ កំពុង​ក្លាយ​ជា​អ្នក​មាន​មួយ​​ប៉ប្រិចភ្នែក ថែម​ទាំង​បាន​បែង​​​ចែក​​ផល​ចំណេញ​​ដល់​​ឈ្មួញ​ទិញ​-លក់​ដីធ្លី​លក់​ចំណេញ​​រាប់​ម៉ឺន​​ដុល្លារ​ឯណោះ ហើយ​មាន​អ្នក​​ខ្លះ​​ទៀត​កំពុង​តែ​រៀបចំ​ពុះ​ដី​ឡូ​តិ៍​ក្បែរ​គ្នា​នោះ​ដែរ​ ដើម្បី​​លក់​​បន្ថែម​​ទៀត​​ជា​​បន្តបន្ទាប់ »​ ។

ពលរដ្ឋ​និយាយ​ថា ៖« ឈ្មួញ​​ដែល​ចូល​មក​ទិញ​​​ដី​ឡូត៍ និង​ដី​ភ្នំ​ភាគច្រើន​គឺ​​ជនជាតិ​ថៃ និង​ជន​​ជាតិ​ចិន ​ដោយ​មិន​ត្រឹមតែ​ទិញ​ដី​រាប​នោះ​ទេ សូ​ម្បី​​តែ​​ដី​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ទិញ​រួចរាល់​អស់ហើយ​ដែរ​ រង់​ចាំតែ​ថ្ងៃ​រៀបចំ​បង្កើត​កន្លែង​ទេសចរណ៍ ឬ​​​គម្រោង​ផ្សេង​ៗ ​ជាដើម »​ ។

ពាក់ព័ន្ធ​​នឹង​​បញ្ហា​ទិញ​ដី​ពី​ជនបរទេស​យ៉ាង​ពពាក់​​ពពូន​នេះ កន្លង​មក​ ​អ្នក​យក​ព័ត៌មាន​កោះ​សន្ដិភាព​បាន​សួរ​​ទៅ​លោក សំ សា​រ៉េត អភិបាល​ស្រុក​​សាលា​ក្រៅ​ដែរ ដោយ​លោក​ប្រាប់​យ៉ាង​​​ខ្លី​ថា ៖« ​អត់​មានការ​លក់ដូរ​ដី​ភ្នំ​នោះ​ទេ​ ហើយ​​​​បើសិនជា​មាន​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​លក់ សូម​​ឱ្យ​ទាក់​ទង​ទៅ​ខាង​មន្ទីរ​ជំនាញ ព្រោះ​​គេ​​ជា​អ្នក​គ្រប់គ្រង​​ដី​ភ្នំ »​ ។

ចំណែក​​លោក គឹ​ម សុខា ប្រធាន​​មន្ទីរ​​រៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​សុរិយោដី បាន​​​ឱ្យ​ដឹង​ថា ៖« អត់​មានការ​លក់ដូរ​ភ្នំ​នៅ​តំបន់​​អភិរក្ស​​ខាង​​​លើ​ឡើយ តែ​មាន​ក្រុមហ៊ុន​ទឹក​​ស្អាត​មួយ​​បាន​សុំ​ច្បាប់​ឈូស​ឆាយ​ព្រៃ​លើ​ភ្នំ​សា​រ៉ា​វ៉ាន់ ដើម្បី​ដាក់​អាង​ស្តុក​ទឹក​សម្រាប់​ផ្គត់ផ្គង់ ដោយ​​​​សារ​​​កង្វះ​​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​​ភូមិ​​ផ្សារ​​ព្រំ​ប៉ុណ្ណោះ​ » ។

គួរ​កត់សម្គាល់​ថា នៅ​ឆ្នាំ២០១៨នេះ តម្លៃ​អចលន​​ទ្រព្យនៅ​ទូទាំង​ប្រទេស​​កម្ពុជាបាន​កើន​​ឡើង​​​យ៉ាង​​ខ្លាំង ពិសេស​​នៅ​រាជធានីភ្នំពេញ ខេត្ត​​ព្រះ​សីហនុ និង​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង ​និយាយ​​រួម ​គឺ​បណ្ដា​រាជធានី-ខេត្ត-ក្រុង​ ដែល​មាន​​​សក្ដានុពល​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ