ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អ្នក​កំពង់​ឆ្នាំង​យើងហ្នឹង…តាំងលក់​សំបុកចាប​​នៅ​​តាម​ដង​ផ្លូវ​​យក​ទៅ​ចង​​លម្អ​ផ្ទះ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រាជ​ធា​នីភ្នំពេញ​​​ ៖ មុខរបរ​លក់​សំបុកចាប​នា​ពេល​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ កំពុង​ត្រូវប៉ាន់​ ហើយ​​ផ្ដល់​ចំណូល​ដល់​​អ្នក​ប្រ​កប​របរ​នេះ​ ​ប្រមាណ​ពី៥ម៉ឺន​រៀលទៅ១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​…

រាជ​ធា​នីភ្នំពេញ​​​ ៖ មុខរបរ​លក់​សំបុកចាប​នា​ពេល​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ កំពុង​ត្រូវប៉ាន់​ ហើយ​​ផ្ដល់​ចំណូល​ដល់​​អ្នក​ប្រ​កប​របរ​នេះ​ ​ប្រមាណ​ពី៥ម៉ឺន​រៀលទៅ១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ ។

អ្នកស្រី​ សាត រ៉ា​ន់ អ្នកលក់​សំបុកចាប ​នៅ​ភូមិ​អណ្តូង​ស្នាយ កាល​ពី​ពេល ថ្មីៗ​កន្លង​មក​រៀបរាប់​ឱ្យ​ដឹង​ថា អ្នកស្រី​ប្រកប​មុខរបរ​នេះ​​រយៈពេល​ជាង​២ឆ្នាំ​មក​​ហើយ ។ ​ការ​លក់​សំបុកចាប​របស់​គាត់​​បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​​គ្រួសារ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ​បន្ថែម​លើ​របរ​​ធ្វើស្រែ​​ចម្ការ​ ។ សំបុក​ចាប​គឺ​ប្តី​របស់​គាត់​ជា​អ្នក​ដើរ​រក​ផ្ទាល់​​ ដោយ​ចេញដំណើរ​ពី​ផ្ទះ​នៅ​ម៉ោង​៤​ទៀប​ភ្លឺ ​ជិះ​ម៉ូតូ​ជាមួយ​បងប្អូន​ម្នាក់​ទៀត​ឆ្ពោះទៅ​ភ្នំ​នាង​ក​ង្រី ។ មុន​ទៅ​ដល់​ភ្នំ​នាង​ក​ង្រី​ត្រូវ​ឆ្លង​កាណូត​ដ​មួយ​ដំណាក់​ទៀត។ ​សំបុកចាប​មាននៅ​លើ​ដើម​ត្នោត ដើម​រាំង តាម​មាត់ទន្លេ។ វិធី​យក​សំបុកចាប​នេះ​ គឺ​​ប្រើ​កណ្តៀវ​ចង​ជាប់​​​នឹង​​ឫស្សី ហើយ​កាវ​ទម្លាក់​ចុះ​មក​ ។ ​រយៈពេល​៤ទៅ៥ថ្ងៃ​ទើប​មក​ផ្ទះ​ម្តង ហើយ​អាច​រក​សំបុក​ចាប​បាន​ប្រមាណ​ពី៤០ទៅ​៥០​សំបុក ។

អ្នកស្រី​សាត រ៉ា​ន់ បញ្ជាក់​ថា ភាគច្រើន​អ្នក​ភ្នំពេញ​ អ្នក​បាត់​ដំបង និង​កំពង់ឆ្នាំង​ ទិញ​សំបុក​ចាប​ដែល​គាត់​ដាក់​លក់​ ។ ​តម្លៃ​តាម​សំបុកចាប​តូច​ធំ មាន​ន័យ​ថា​សំបុកចាប​ធំ​មួយ អាច​លក់​បាន​៥.០០០រៀល ។ ចំណែក​សំបុកចាប​ទំហំ​កណ្តាល​​តម្លៃ​៤.០០០ រៀល​ និង​តូច​តម្លៃ​៣.០០០​រៀល ។ រយៈពេល​ជាង២ឆ្នាំ​មក​ហើយ​ដែល​អ្នកស្រី​បាន​ប្រកប​របរ​នេះ គ្មាន​ថ្ងៃ​ណា​ដែល​លក់​មិន​ដាច់​​ទេ ព្រោះ​ចំនួន​អ្នក​​ទិញ​កើនឡើង​រហូត ព្រោះ​គេ​យក​សំបុកចាប​ទាំងនេះ​សម្រាប់​ការ​ដេ​គ័​រ​តាំង​តាម​ហាង​ផឹកស៊ី និង​អ្នកខ្លះ​ទៀត​យក​ដាក់​តាម​ផ្ទះ ​និង​ភូមិ​គ្រឹះ​ ។ ​ការ​លក់​សំបុកចាប​របស់​គាត់​បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​របស់​គ្រួសារ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ក្រោយ​ពី​ធ្វើស្រែ​ចម្ការ​ ។

អ្នកស្រី​សាត រ៉ា​ន់ ​និយាយ​​ថា​៖ «​របរ​មួយ​នេះ​គឺ​កំពុង​ទទួល​បានការ​ពេញ​និយម​ខ្លាំង ព្រោះ​តម្រូវ​ការ​នៃ​ការ​ជាវ​សំបុកចាប​ធម្មជាតិ យក​ទៅ​តាំង​តាម​ហាង​នានា ក៏​ដូច​ជា​ដាក់​តាំង​តាម​ផ្ទះ​និង​ភូមិ​គ្រឹះ​ អ្នកមាន​ៗ គឺ​មាន​ចំនួន​ច្រើន​ជាង​មុន ហើយ​ចំណូល​ពីរ​បរ​នេះ​អាច​ជួយ​ជីវភាព​គ្រួសារ​ខ្ញុំ​ឱ្យ​ប្រសើរ​​ជាង​មុន​មួយ​កម្រិត​ផង​ដែរ ។ តែ​ការ​ប្រមូល​សំបុកចាប​តាម​ដើម​ត្នោត និង​ដើម​រាំង​មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ទេ​» ។

​ដោយឡែក​អ្នកស្រី​សេង ផល្លា ជា​អ្នក​ភ្នំពេញ​កំពុង​ឈរ​ទិញ​សំបុកចាប​ឱ្យ​ដឹង​ថា ខ​ណៈ​​ពេល​ដែល​អ្នកស្រី​ជិះរថយន្ត​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដល់​ចំណុច​តាំង​លក់​សំបុកចាប​​នោះ​ អ្នកស្រី​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​យក​ទៅ​តាំងនៅ​ផ្ទះ​ ហើយ​ស្មាន​តែ​ជា​សំបុកចាប​សិប្បនិមិត្ត ។ តាម​ពិតគឺជា​សំបុកចាប​ដែល​ធ្វើ​ឡើង​ដោយ​សត្វ​ចាប​ ពិត​ៗ​គួរ​ឱ្យ​សរសើរ​ពន់ពេក​ដែល​សត្វ​ចាប​ទាំងនោះ​ខិតខំ​ព្យាយាម​ខាំ​ស្មៅ​ម្តង​​ មួយ​សរសៃៗ​យក​​ធ្វើ​សំបុក​ រហូត​ដល់​ក្លាយជា​ជម្រក​ស្នាក់​នៅ​ និង​សម្រាប់​កើត​ពង​ផង​ដែរ ។ តាម​ពិត​អ្នកស្រី​ទើបតែ​ដឹង​ថា សំបុកចាប​នេះ​មាន​សំបុកចាប​ឈ្មោល​ និង​សំបុក​ញី ពិតជា​អស្ចារ្យ​មែន ។ ​សំបុកចាប​មួយ​តម្លៃ​ពី​៣០០០ រៀល​ទៅ​៥០០០រៀល វា​មិនជា​ថ្លៃ​ប៉ុន្មាន​​ទេ​សម្រាប់​អ្នកស្រី ។

អ្នកស្រី​អួន សុ​ផ​ន ​ជា​អ្នកលក់​សំបុក​​នៅ​ទីតាំង​នោះ​​ដែរ​​និយាយ​ថា ប្រកប​មុខរបរ​លក់​សំបុកចាប​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ហើយ ។ ​សំបុកចាប​ទាំងនេះ​អ្នកស្រី​ទិញ​ត​ពី​គេ យ​កបោះ​ដុំ​ឱ្យ​ក្នុង​តម្លៃធំ​មួយ​២.៥០០​រៀល តូច​តម្លៃ​១៥០០​រៀល ពេល​លក់​ចេញ​ធំ​តម្លៃ​៥​ពាន់​រៀល តូច​តម្លៃ​៤​ពាន់​រៀល ។ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​លក់​សំបុកចាប​បាន​ពី​៣០​ទៅ​៤០​សំបុក ។

អ្នកស្រី​​ដដែល​និយា​ថា ៖ «​អ្នក​ភ្នំពេញ​គាត់​តែងតែ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​មក​ទិញ​សំបុកចាប​ម្តង២០​ទៅ​៣០​សំបុក​ ចំណែក​អ្នកស្រុក​នៅ​បណ្តា​ខេត្ត ​ផ្សេង​ៗ​ក៏​មាន​មក​ទិញ​ដែរ តែ​ទិញ​មិន​ច្រើន​ដូច​អ្នក​ភ្នំពេញ​នោះ​ទេ ។ មុខរបរ​លក់​សំបុកចាប​វា​គ្រាន់តែ​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​រក​ចំណូល​បន្ថែម​បន្ទាប់​ពីមុខ​របរលក់​ប​បរ​ពេល​ព្រឹក​ និង​លក់​គ្រឿងទេស​ក្នុងភូមិ​តែ​ប៉ុណ្ណោះ »​។

កុមារី​ចរិយា ដែល​កំពុង​ឈរ​ទិញ​សំបុក​បាន​ឱ្យ​ដឹង​ថា​«នាង​​​ខ្ញុំ​ទើបតែ​ចាប់អារម្មណ៍​អំពី​សំបុក​ដែល​ធ្វើ​ឡើង​ដោយ​សត្វ​ចាប​ ពិត​ៗ​មិនមែន​ជា​របស់​សិប្បនិមិត្ត​ ។ ​មិនដឹង​ថា សត្វ​ចាប​ទាំងនោះ​ប្រើ​រយៈ​ពេល​អស់​ប៉ុន្មាន​ថ្ងៃ​ទើបបាន​សំបុក​មួយ​សម្រាប់​ជ្រកកោន​ទេ​ ។ ពិតជា​អស្ចារ្យ​ណាស់​ ​ប៉ុន្តែ​ហេតុ​អ្វី​ពួក​គេ​ចាំបាច់​ធ្វើ​សំបុក​ឈ្មោល​ផង​សំបុក​ញី​ផង​បែប​នេះ ?​ មិន​ថា​មនុស្ស ឬ​សត្វ​ទេ​សុទ្ធតែ​ត្រូវការ​ជម្រក​មួយ​ច្បាស់លាស់​ដើម្បី​ជ្រកកោន​សម្រាប់​ការពារ​ព្យុះ​ភ្លៀង​ និង​បង្កើត​គ្រួសារ​មួយ​ដ៏​កក់ក្តៅ​បង្កើត​កូនចៅ​សើច​សប្បាយ​ពេញ​ផ្ទះ ​នេះ​គឺជា​អ្វី​ដែល​មនុស្ស​សត្វ​ទាំងឡាយ​ត្រូវការ »។

​ចរិយា​បាន​សម្រេចចិត្ត​ទិញ​សំបុកចាប​​ឈ្មោល​​ញី​ចំនួន​១០​សំបុក​យក​ដាក់​តាម​សំ​យាប​ផ្ទះ​របស់​នាង​នៅ​ឯ​ស្រុក​កំណើត​ទីរួមខេត្ត​កំពង់ស្ពឺ​ដើម្បី​ឱ្យ​ចាបស្រុក​ជ្រកកោន​បង្កើត​បានជា​កូន​ជា​ចៅ​ផង​ព្រោះ​នៅ​​ម្តុំ​ផ្ទះ​នាង​សំបូរ​ចាប​ខ្លាំង​ណាស់​តែ​មិនឃើញ​មាន​សំបុក​ទេ នៅ​ពេល​យប់​ពួក​វា​តែងតែ​ដេក​តាម​មែកឈើ​ ​។ បើ​​ចាប​ទាំងនោះ​​ចូល​នៅ​សំបុក​​ដែល​នាង​ដាក់​ឲ្យ​ ​នាង​នឹង​ចំណាយពេល​ទៅ​ទិញ​សំបុកចាប​នៅ​ភូមិ​ព្រៃ​ខ្មែរ​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ