រាជធានីភ្នំពេញ ៖ អ្នកនាងឡាយ លក្ខិណា ក្រោយពេលវិលមកចាប់អាជីពសិល្បៈវិញមក នៅតែលទទួលបានការគាំទ្រពីផលិតករភាពយន្តជាច្រើន ក៏ដូចជាស្ថានីយទូរទស្សន៍ ល្បីៗមួយចំនួន ។ បច្ចុប្បន្នទោះជាមានវ័យច្រើនបន្តិចហើយក្តី លក្ខិណា ទទួលបានការងារសិល្បៈជាបន្តបន្ទាប់ ។
អ្នកនាង ឡាយ លក្ខិណា បានបង្ហាញស្នាដៃសិល្បៈដូចជា ការថតសំអាងការ ការសម្តែងភាពយន្ត ចូលរួមច្រៀង និងលេងហ្គេមកម្សាន្តតាមទូរទស្សន៍ ។ ថ្មីៗកន្លងមកទូរទស្សន៍ធំពីរបានទាក់ទងថតរឿងភាគជាតួអង្គលេចធ្លោចេញមុខច្រើន ទោះមិនមែនជាតួឯកក្តី។ អ្វីដែលសំខាន់ស្ថានីយទូរទស្សន៍ហង្សមាសបានជូនកាដូតំណែងធំមួយក្នុងខ្សែភាពយន្តភាគរឿង«ផ្កាថ្ម» ។ ស្នាដៃថ្មីនេះត្រូវឡាយ លក្ខិណា លាក់ជាច្រើនខែ ដោយមិនហ៊ានទម្លាយប្រាប់ចំណងជើងដល់អ្នកសារព័ត៌មានទេ ។ ទើបតែពេលនេះនាងបង្ហាញឲ្យដឹងក្រោយពេល Trailer ឃោសនាឃើញមានតួអង្គមួយចំនួនដូចជា មាន សូនីតា លោកណាខុន ឡាយ លក្ខិណា និងឌុច សុភា ជាតួម្តាយ ។
អ្នកនាងឡាយ លក្ខិណា និយាយថា «បើហ៊ានតែនិយាយពីចំណងជើង ឬសាច់រឿងប្រាប់អ្នកកាសែតនោះនឹងត្រូវក្រុមហ៊ុនផាកទឹកប្រាក់ចំនួន ម្នាក់ៗ ៣ម៉ឺនដុល្លារអាមេរិក។ ការព្រមានបែបនេះមិនថាតែតារា ថ្មីៗ ដែលសម្តែងក្នុងរឿងនេះទេ តែសូម្បីតែតារាជើងចាស់ដូចជានាងខ្ញុំក៏ញាក់សាច់ ទទ្រើតៗដែរ ។ នាងខ្ញុំព្យាយាមគេចចេញពីអ្នកសារព័ត៌មាន ព្រោះខ្លាចធ្លោយមាត់ប្រាប់ទៅអ្នកកាសែត នាំតែអស់លុយ៣ម៉ឺនដុល្លារទទេ ទើបសុខចិត្តរហូតទាល់តែរឿងនេះ បង្ហោះជា Trailer ហើយទើបអ្នកសម្តែងទាំងអស់ក្នុងរឿងនេះបានធូរស្បើយទាំងអស់គ្នា ព្រោះថា ការដែលពួកយើងមិនប្រាប់អ្នកកាសែត ពីឈុតឆាកសម្តែងរឿងនេះ ហាក់ដូចជាបានចំណេញក្នុង ម្នាក់ៗ ៣ម៉ឺនដុល្លារ ពីការពិន័យនោះអ៊ីចឹង ។
ពេលនេះលែងបារម្ភ ហើយក៏រំពឹងថា ក្រោយពេលចេញបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ នឹងមានការគាំទ្រពេញលេញ ដូចដំណាក់កាលនាងខ្ញុំនៅវ័យក្មេង»៕
ចែករំលែកព័តមាននេះ