ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​កូរ៉េ​បង្កើន​ការ​ទទួលយក​ពលករ​ទៅ​ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ឯកអគ្គរាជទូត​កូ​រ៉​ខាងត្បូង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ភាគី​កូរ៉េ​ជួយ​ជំរុញ​ឱ្យ​បង្កើន​ចំនួន​កូតា​សម្រាប់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ឯកអគ្គរាជទូត​កូ​រ៉​ខាងត្បូង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ភាគី​កូរ៉េ​ជួយ​ជំរុញ​ឱ្យ​បង្កើន​ចំនួន​កូតា​សម្រាប់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១៨ និង​រក​ទីផ្សារ​នាំ​ផលិតផល​កសិកម្ម របស់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​កូរ៉េ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ជា​ពិសេស​អង្ករ​កម្ពុជា​។ សម្តេច សាយ ឈុំ បាន​លើក​ឡើង​ក្នុង​ជំ​នូ​ប​ជាមួយ​លោក Oh Nay-Young អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា​ថា​តាម​រយៈ បេស ក​កម្ម​ការទូត​របស់​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​រួមចំណែក​ពង្រឹង​ព ង្រី​ក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍ សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។

សម្តេច​បន្ត​ថា សម្តេច​មានការ​ពេញ​ចិត្តជា​ខ្លាំង​ដោយ​មើលឃើញ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ជា​ពិសេស​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ​។ ថ្នាក់ដឹកនាំ​កំពូល និង​មន្ត្រីជាន់ខ្ពស់​គ្រប់​លំដាប់ថ្នាក់ បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា ទៅ​វិញ​ទៅ​មក​ជា​បន្តបន្ទាប់ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។ សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន មូលនិធិ​សហប្រតិបត្តិការ អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​គោលដៅ​លើកកម្ពស់​សេដ្ឋកិច្ច សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹម​នេះ អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​កូរ៉េ ក៏​បាន​រួមចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ជា​មួ យ​គ្នា​នេះ​ដែរ អាជ្ញាធរ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ការ​គាំពារ ចំពោះ​ពលករ​កម្ពុជា ដែល​បាន និង​កំពុង​បំពេញការងារ​តាម​សហគ្រាស និង​កសិដ្ឋាន​នានា​នៅ​ប្រទេស​កូរ៉េ​។

សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​ស្នើ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ជួយ​ជំរុញ​ឱ្យ​បង្កើន​ចំនួន​កូតា​សម្រាប់​ពលករ​កម្ពុជា ទៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៨ និង​រក​ទីផ្សារ នាំ​ផលិត ផល​កសិកម្ម​របស់ ប្រទេស​កម្ពុជា ទៅ​ប្រទេស​កូរ៉េ ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ជា​ពិសេស​អង្ករ​កម្ពុជា​»​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធាន​ព្រឹទ្ធសភា ក៏​បាន​ឯកភាព​ថា ត្រូវ​ជំរុញ​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៅ​ស្ថា ប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ក្នុង​នាម​ព្រឹទ្ធសភា និង​សម្តេច​ផ្ទាល់ សម្តេច​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយនឹង ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​ដូច​ជា​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ នាំ​មក​នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។

  លោក Oh Nay-Young បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា លោក​ធ្លាប់ ជា​អតីត​ទីប្រឹក្សា​អម​ស្ថា​ទូត​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​១០​ឆ្នាំ​មុន ហើយ​ត​ឡូ​វ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​កូរ៉េ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​សេចក្តី​រីករាយ អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន និង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​កម្ពុជា​យ៉ាង​ឆាប់រហ័ស ក្រោម​ការ​ដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។
លោក​ទូត​បាន​បញ្ជាក់​ថា​« ប្រទេស​កូរ៉េ ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ដៃគូ​ដ៏​ល្អ ក្នុង​ចំណោម ប្រទេស​អាស៊ាន​ទាំង​១០​។ រដ្ឋាភិបាល​កូរ៉េ តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​ជាមួយ​គ្នា និង​ជា​ដៃគូ សម្រាប់​រួម​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​។ ជាមួយ​គ្នា​នេះ ប្រទេស​កូរ៉េ ស្នើ​សុំ​ប្រទេស​កម្ពុជា បន្ត​ជំរុញ​បន្ថែម​ក្នុង​ការ​ផ្លាស់​ប្តូ​រវាង​វប្បធម៌ ផ្លាស់​ប្តូរ​មនុស្ស និង​មនុស្ស ដែល​ឆ្នាំ​កន្លង​ទៅ​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ប្រហែល​៤០​ម៉ឺន​នាក់ បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​»​។

ចំពោះ​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក​ទូត​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ ឲ្យ​អស់​លទ្ធភាព​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ កាន់តែ​ច្រើន​ថែម​ទៀត ទោះបី​ច្បាប់​សម្រាប់​ការ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ភាព​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ​។ លោក​ឯកអគ្គរដ្ឋទូត​បាន​សន្យា​ថា ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​នេះ ឯកឧត្តម​នឹង​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ទិញ​នូវ​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​គិ​ន​កូរ៉េ មក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កាន់តែ​ច្រើន ព្រមទាំង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ថែម​ទៀត​។ លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ត្រៀមខ្លួន​ជួយ​សម្រួល​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំង​ពីរ មាន​លក្ខណៈ​ជាក់ស្តែង និង​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ