ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​សង្ឃឹម​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ រដ្ឋសភា​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​ល្អ​ប្រសើរ​គោរព​តាម​ប្រជាធិបតេយ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​សម្តែង​ក្តី​សង្ឃឹមថា​ការ​បោះ​ឆ្នោត​ជ្រើសតាំង អ្នក តំណាងរាស្ត្រ​អាណត្តិ​ទី​៦​រដ្ឋសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ និង​ល្អ​ប្រ សើរ​ឈរ​លើ​គោលការណ៍​គោរព​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។ នេះ​បើ​តាម​ការ​អះអាង​ប្រមុខ​ការទូត​អង់គ្លេស​។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​សម្តែង​ក្តី​សង្ឃឹមថា​ការ​បោះ​ឆ្នោត​ជ្រើសតាំង អ្នក តំណាងរាស្ត្រ​អាណត្តិ​ទី​៦​រដ្ឋសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ និង​ល្អ​ប្រ សើរ​ឈរ​លើ​គោលការណ៍​គោរព​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។ នេះ​បើ​តាម​ការ​អះអាង​ប្រមុខ​ការទូត​អង់គ្លេស​។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាបលា ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ នៅ​វិមាន​រដ្ឋសភា​លោក វី​លៀម ជេស ឡុ​ង​ហឹ​ស្ត (William Jesse Longhurst )​បាន​ឲ្យ​ដឹង​ថា មុន​ចាក​ចេញពី​កម្ពុជា​លោក​នឹង​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ខាង​មុខ​នេះ​។ តាម​ការ​ស្រង់​សម្ដី​របស់​លោក​ទូត​ដោយ​លោក កែវ ពិសិដ្ឋ នាយក​ខុ​ទ្ទ​ការ​ល័យ​សម្តេច ហេង សំ​រិ​ន ប្រាប់ ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ចប់​ជំនួប​បាន​បញ្ជាក់​ថា​«​រាជរដ្ឋាភិបាល​ប្រទេស​អង់គ្លេស​សង្ឃឹមថា​ការ​បោះ​ឆ្នោត​ជ្រើស តាំង​ណា​ង​រាស្ត្រ នៅ​ពេល​ខាង​មុខ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​សព្វ​ជ្រុងជ្រោយ​ល្អ​ប្រសើរ ត្រឹមត្រូវ​យុត្តិធម៌ គោរព​តាម​លទ្ធិប្រជាធិបតេយ្យ »​។ លោក​បន្ត​ថា កម្ពុជា​នឹង​រក្សា​បាន​ស្ថិរភាព​នយោបាយ ក៏​ដូច​សេដ្ឋកិច្ច​មាន​លក្ខ​ខណៈ​រឹង​មាំ​ង ពិសេស​នោះ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អង់គ្លេស​កាន់តែ​ប្រសើរ​បន្ត​ទៀត​។

  ក្នុង​ង​ឱកាស​នោះ លោក​ឯកអគ្គរាជទូត បាន​បញ្ជាក់​ថា​«​ខ្ញុំ​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​សកល​រួច​។ ដូច្នេះ​ខ្ញុំ​នឹង​ចូលរួម​សង្កេតការណ៍ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នោះ​ផង​ដែរ​។ នៅ​ក្នុង​បេសកកម្ម​ការទូត​៤​ឆ្នាំ​នៅ​កម្ពុជា ខ្ញុំ​បាន​ចូល រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ឆ្នាំ​២០១៨​នេះ ជា​ការ​បោះ​ឆ្នោត​សកល​ជា បទ​ពិសោធន៍​ថ្មី​មួយ​ដែល​លោក​នឹង​ទទួល​បាន​»​។ ក្នុង​នាម​រដ្ឋាភិបាល​អង់គ្លេស លោក​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់​ថា អង់គ្លេស​សង្ឃឹមថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ នឹង​ដំណើរ​ទៅ​រលូន មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​អ ង់​គ្លេ​សនឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​។ អ្វី​ដែល​ជា​សមិទ្ធផល​នៅ​ក្នុង​រយៈ​បេសកកម្ម​៤​ឆ្នាំ​មកនេះ លោក វី​លៀម ជេ​សឡុង​ហឹ​ស្ត បាន​លើក​ឡើង​ថា រដ្ឋសភា​កម្ពុជា បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អជា​មួយ​ស្ថានទូត​អង់គ្លេស​។ ស្ថានទូត​អង់គ្លេស បាន​សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ក្នុង​ការ​ពង្រឹងសមត្ថភាព​តំណាងរាស្ត្រ​ជា​ស្ត្រី តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា ជា​ច្រើន​លើក​។

លោក​ទូត បាន​គូសបញ្ជាក់​បន្ថែម​ថា កន្លង​មក​អង់គ្លេស​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​អង់គ្លេស ផ្តល់​ជំនួយ​ខាង​ដោះ​មីន និង​សកម្មភាព​សង្គម​ជា​ច្រើន​ទៀត ហើយ​បេសកកម្ម នោះ​នឹង​នៅ​បន្ត​ទៅ​មុខ​ទៀត​។ ក្នុង​នាម​រដ្ឋសភា​កម្ពុជា សម្តេច ហេង សំ​រិ​ន បាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​រហូត​មក​។ សម្តេច​បាន​លើក​ឡើង​ថា កម្ពុជា​-​ចក្រ ភព​អង់គ្លេស មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ជាង​៦​ទសវត្សរ៍​មក​ហើយ ហើយ​ទំនាក់ទំនង និង​កិច្ច​សហ ប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រទេស​ទាំង​ពីរ​បាន​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជា​ពិសេស​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។ សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប លោក​ឯកអគ្គរាជទូត​ថា កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ចុងខែ​កក្កដា ខាង​មុខ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​។

ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​កំណត់ ស្រប តាម​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ កម្ពុជា​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែល​ជា​មូលដ្ឋាន​គ្រឹះ ដ៏​មាន​សារសំខាន់​ក្នុង​ការ​អភិ វឌ្ឍន៍​សេដ្ឋកិច្ច​សង្គម នាំ​មក​នូវ​សេចក្តីសុខ​ក្សេមក្សាន្ត​ជូន​ប្រជាជន​កម្ពុជា​។ ជា​ចុងបញ្ចប់​សម្តេច បាន​ជូនពរ​ឯកអគ្គរាជទូត សូម​មាន​សុខភាព​ល្អ និវត្តន៍​ទៅ​កាន់​មាតុប្រទេស​វិញ ដោយ​សុវត្ថិភាព និង​សូម​ទទួល​បាន​ជោគជ័យ ក្នុង​បេសកកម្ម​ជា​បន្តបន្ទាប់​ទៀត​។ សម្តេច​បាន​ផ្តាំផ្ញើ​ថា ទោះបី​បេសកកម្ម​ការទូត​របស់ ឯកឧត្តម នៅ​កម្ពុជា ត្រូវ​បាន​បញ្ចប់ និង​ទៅ​បំពេញភារកិច្ច​នៅ​ស្ថាប័ន​ផ្សេង​ក្តី សូម​លោក​នៅ​តែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា និង​ជួយ​ផ្សព្វផ្សាយ​ពី​សក្កា​នុ​ពល​ទេសចរណ៍​កម្ពុជា ដល់​ប្រជាជន និង​អ្នក​វិនិយោគិន​នៅ​អង់គ្លេស ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ