ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​កាត់សក់​តាម​របង​វត្ត​​ក្តី តែ​ពេញ​និយមមិនចាញ់​ហាង​ម៉ាស៊ី​ន​ត្រជាក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​យុវវ័យ​កំពុង​ដេញ​តាម​បច្ចេកវិទ្យា​ទំនើប និង​ប្រើប្រាស់​សម្ភារៈ​ទាន់សម័យ​ក៏​ពិតមែន ប៉ុន្តែ​មុខរបរ​សាមញ្ញ​មិន​កាលី​ព​មួយ​ចំនួន ដូច​ជា​ការ​កាត់​សក់​តាម​របង​វត្ត​នៅ​តែ​ទទួល​បានការ​គាំទ្រ និង​កំពុង​តែ​ប្រកួតប្រជែង​យ៉ាង​ស្វិត​ស្វាយ​ជាមួយនឹង​ហាង​កាត់សក់​បំពាក់​ម៉ាស៊ីនត្រជាក់​នៅ​ក្រុងភ្នំពេញ​។ យុវជន ញ៉ែ​ម ចិន្តា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​យុវវ័យ​កំពុង​ដេញ​តាម​បច្ចេកវិទ្យា​ទំនើប និង​ប្រើប្រាស់​សម្ភារៈ​ទាន់សម័យ​ក៏​ពិតមែន ប៉ុន្តែ​មុខរបរ​សាមញ្ញ​មិន​កាលី​ព​មួយ​ចំនួន ដូច​ជា​ការ​កាត់​សក់​តាម​របង​វត្ត​នៅ​តែ​ទទួល​បានការ​គាំទ្រ និង​កំពុង​តែ​ប្រកួតប្រជែង​យ៉ាង​ស្វិត​ស្វាយ​ជាមួយនឹង​ហាង​កាត់សក់​បំពាក់​ម៉ាស៊ីនត្រជាក់​នៅ​ក្រុងភ្នំពេញ​។

យុវជន ញ៉ែ​ម ចិន្តា ដែល​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ហើយ​កំពុង​តែ​កាត់សក់​នៅ​ជាប់​របង​វត្ត​ឧណ្ណាលោម ផ្លូវ​លេខ​១៩ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បាន​និយាយ​ថា គាត់​ពេញ​និយម​មក​កាត់សក់​នៅ​ជាប់​របង​វត្ត​ឧណ្ណាលោម​ផ្នែក​ខាងលិច ដោយសារ​តែ​ជាង​នៅ​ទី​នេះ​មាន​ស្នាដៃ ដែល​ភ្ញៀវ​ដូច​ជា​រូប​ប្អូន​អាច​កុម្ម៉ង់​ម៉ូត​សក់​តាម​ចំណូលចិត្ត ហើយ​តម្លៃ​វិញ​គឺ​ធូរ​ថ្លៃ​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ហាង​កាលី​ប​ៗ​មាន​ម៉ាស៊ីនត្រជាក់ ។ លោក​ពោល​ថា​៖ «​កាត់សក់​នៅ​របង​វត្ត​មែន តែ​ម៉ូត​អាច​កុម្ម​ង់​បាន​តាម​ចិត្ត ហើយ​តម្លៃ​ត្រឹមតែ​៥០០០​រៀល​ប៉ុណ្ណោះ ។ បើ​ប្រៀបធៀប​ទៅ​នឹង​ហាង​កាត់សក់​ដែល​មាន​ម៉ាស៊ីនត្រជាក់ និង​មាន​នារី​ស្រី​ស្រស់​ស្អាត​ចាំ​កាត់​ក្រចកដៃ ត្បាល់​ត្រចៀក និង​លាប​សក់ គឺ​មាន​តម្លៃ​សរុប​ប្រហែលជា​មិន​ក្រោម​២០​ដុល្លារ​នោះ​ទេ ។ ដូច្នេះ​ខ្ញុំ​គ្មាន​លទ្ធភាព​ទេ​»​។

លោក ប្រឹង ចាន់ ស្ថិត​ក្នុង​វ័យ​ជាង​៤០​ឆ្នាំ មានមុខរ​បរជា​ជាងកាត់សក់​នៅ​ជាប់​របង​ខាង​លិច​វត្ត​ឧណ្ណាលោម​បាន​ឲ្យ​ដឹង​ថា គាត់​ចាប់​មុខរបរ​កាត់សក់​នៅ​ទីតាំង​ខាងលើ​នេះ​អស់​ពេល​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​គាត់​ចេះ​កាត់សក់​គ្រប់​ម៉ូត ដោយសារ​បាន​រៀន​ពី​ការ​កាត់សក់​ពី​បងប្អូន​ជីដូនមួយ​របស់​គាត់ ។ រាល់ថ្ងៃ​អ្នក​ដែល​មក​កាត់សក់​នៅ​កន្លែង​គាត់​ភាគច្រើន​ជា​យុវជន និង​ជា​ម៉ូយ​ចាស់​ៗ ដែល​គេ​ពេញ​និយម​ម៉ូត​សក់​ថ្មី​ៗ និង​តម្លៃ​កាត់សក់​ក្នុង​មួយ​នាក់ គឺ​ត្រឹម​៥០០០​រៀល ។ ដោយសារ​តែ​ការ​កាត់សក់​ជាមួយ​ជាងកាត់សក់​តាម​របង​វត្ត​នៅ​តែ​ទទួល​បានការ​ពេញ​និយម លោក ប្រឹង ចាន់ បាន​បញ្ជាក់​​ថា ក្នុង​មួយ​ថ្ងៃ​គាត់​រកបាន​ពី​៤​ម៉ឺន​ទៅ ៥ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ក៏​ប៉ុន្តែ​មាន​ថ្ងៃ​ខ្លះ​គាត់​កាត់សក់​ឲ្យ​ភ្ញៀវ​បាន​តែ​ពីរ​ប៉ុណ្ណោះ ដោយសារ​តែ​មាន​ភ្លៀង ។ សព្វថ្ងៃ​ជាងកាត់​សក់​វ័យ​កណ្តាល​រូប​នេះ មាន​ប្រពន្ធ​និង​កូន​៤​នាក់ ។ លោក​អះអាង​ថា​៖ «​មុខរបរ​កាត់​សក់​នេះ អាច​ឲ្យ​ខ្ញុំ​រក​ចំណូល​គ្រាន់បើ​ដែរ​ហើយ​ជីវភាព​គ្រួសារ​ក៏​បាន​ធូរធារ អ​ញ្ចឹ​ង​ទៅ​ថ្ងៃ​ណា​អនាគត​ប្រហែលជា​ខ្ញុំ​មិន​អាច​លះបង់​មុខរបរ​នេះ​បាន​ឡើយ ព្រោះ​មុខរបរ​នេះ​មិន​ចំណាយ​ដើមទុន​ច្រើន​នោះ​ទេ ហើយ​ក៏​នៅ​មាន​អតិថិជន​ពេញ​និយម​មក​កាត់សក់​តាម​របង​វត្ត​ដែរ​» ។

លោក​ហួង ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា លោក​ពេញ​និយម​ក្នុង​ការ​ចូល​ទៅ​កាត់សក់​នៅ​ម្តុំ​ផ្លូវ​សុក​ហុ​ក ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ព្រោះ​ទីនោះ​មាន​ម៉ាស៊ីន​ត្រជាក់ មាន​ស្រី​ស្រស់​បវរ​រង់ចាំ​កាត់​ក្រចក ត្បាល់​ត្រចៀក និង​លាប​សក់​ក្រោយ​ពី​យើង​កាត់សក់​រួច ។ រីឯ​តម្លៃ​កាត់សក់​មួយ​នាក់​១​ម៉ឺន​រៀល លាប​សក់​២​ម៉ឺន​រៀល កាត់​ក្រចកដៃ និង​ត្បាល់​ត្រចៀក​១​ម៉ឺន​រៀល ហើយ​យើង​ឲ្យ​លុយ​ធីប​តាម​ចិត្ត​ដែល​យើង​ឲ្យ ។

រីឯ​លោក សោម សុវណ្ណ ជាងកាត់សក់​នៅ​ហាង​មួយ​តាម​បណ្តោយ​ផ្លូវ​សុក​ហុ​ក (​ផ្លូវ​លេខ​​១០៧) ស្ថិត​ក្នុង​សង្កាត់​អូ​ឫស្សី​៤ ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​លោក​មាន​អាយុ​ជិត​៥០​ឆ្នាំ លោក​ចាប់​យកមុខ​របរ​កាត់សក់​បាន​ជិត​២០​ឆ្នាំ​ហើយ ហើយ​ភ្ញៀវ​របស់​គាត់​ចូល​កាត់សក់​សុទ្ធតែ​ជា​អ្នក​ធូរធារ​ជិះ​រថយន្ត​ធុន​ទំនើប​មក​កាត់សក់​កន្លែង​គាត់ ។ ដោយ​សារ​ហាង​កាត់សក់​នេះ មាន​ម៉ា​ស៉ី​ន​ត្រជាក់ និង​មាន​សេវា​ល្អ​ក្នុង​ការ​កាត់​ក្រចកដៃ លាប​សក់ និង​ត្បាល់​ត្រចៀក​ដែល​មាន​ជាង​ជំនាញ​ស្រស់​ស្អាត​រង់ចាំ​បំរើ​យ៉ាង​យក​ចិត្ត​ទុកដាក់​តែ​ហាង​របស់​គាត់​មិន​មាន​ស្ត្រី​ជា​ជនជាតិ​វៀតណាម​នោះ​ទេ ។ លោក​បញ្ជាក់​ថា៖ «​តម្លៃ​កាត់សក់ កាត់​ក្រចកដៃ ត្បាល់​ត្រចៀក និង​លាប​សក់​មិនជា​ថ្លៃ​ប៉ុន្មាន​ឡើយ សរុប​​ទាំងអស់​ប្រហែលជា​២០​ដុល្លារ​ប៉ុណ្ណោះ មិនមែន​អាង​តែ​ហាង​មាន​ម៉ាស៊ីនត្រជាក់ ហើយ​ភ្ញៀវ​ចូល​កាត់សក់​រាល់ថ្ងៃ​នោះ​ទេ មាន​ថ្ងៃ​ខ្លះ​រក​ភ្ញៀវ​ម្នាក់​មិន​បាន​ផង ព្រោះ​បច្ចុ​ប្បន្ន​នេះ​ហាង​កាត់សក់​ម៉ាស៊ីនត្រជាក់​សំបូរ​ណាស់​»​។ ជាក់ស្តែង​នៅ​តាម​បណ្តោយ​វិ​ថី​កម្ពុជា​ក្រោម (​ផ្លូវ​លេខ​១២៨) ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ និង​តាម​បណ្តោយ​វិ​ថី​សុក​ហុ​ក (​ផ្លូវ​លេខ​១០៧) ក្នុង​សង្កាត់​អូ​ឫស្សី​៤ ខណ្ឌដូនពេញ ។ លោក​បញ្ជាក់​ថា គាត់​គ្រាន់តែ​ជា​ជាងកាត់សក់​ម្នាក់​សម្រាប់​ហាង​កាត់សក់​ខាងលើ​ប៉ុណ្ណោះ ពេល​កាត់​សក់​បាន​ភ្ញៀវ​ម្នាក់​ម្ចាស់​ហាង​គេ​ដក​យក​ភាគរយ ។

ដោយឡែក​លោក​ម៉ូ​ន ស្ថិត​ក្នុង​វ័យ​កំលោះ​អាយុ​២៩​ឆ្នាំ​ដែល​ឈរ​កាត់សក់​នៅ​ជាប់​របង​ខាងលិច​វត្ត​ឧណ្ណាលោម ផ្លូវ​លេខ​១៩ និង​មាន​ដាក់​ស្លាក​បង្រៀន​កាត់សក់​ផង​នោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ប្អូន​មាន​អាយុ​២៩​ឆ្នាំ​នៅ​កំលោះ លោក​ចេះ​កាត់សក់​គ្រប់​ម៉ូត​និង​ពេញ​និយម​សម្រាប់​យុវជន​នា​សម័យនេះ ហើយ​មាន​ទទួល​ការ​បង្រៀន​កាត់សក់​ផង​ដែរ ។ ម៉ូត​សក់​គឺ​ចេះ​កាត់សក់​ដោយសារ​រៀន​ពី​បងប្អូន​របស់​ខ្លួន ហើយ​ត្រកូល​របស់​ម៉ូ​ន​របស់​លោក​បាន​ចាប់​មុខរបរ​កាត់សក់​តាំងពី​ជីដូន ជីតា​មក​ម្ល៉េះ ។ ​ក្នុង​មួយ​ថ្ងៃ​លោក​ម៉ូ​ន​កាត់សក់​ឲ្យ​ភ្ញៀវ​បាន​យ៉ាងតិច​១០​នាក់​ដែល​ក្នុង​ភ្ញៀវ​ម្នាក់​បង់​តម្លៃ​៥០០០​រៀល ហើយ​​ភាគច្រើន​ជា​យុវវ័យ រីឯ​ម៉ូត​សក់​គឺ​លោក​មិន​ឲ្យ​ភ្ញៀវ​ទាស់ចិត្ត​ឡើយ តែ​មាន​ថ្ងៃ​ខ្លះ​ភ្ញៀវ​​ត្រូវ​អង្គុយ​រង់ចាំ​ផង​ដែរ ។ លោក​បញ្ជាក់​ផង​ដែរ​ថា ទៅ​អនាគត​លោក​ចង់​ពង្រីក​មុខរបរ​កាត់សក់​នេះ​នៅផ្ទះ​របស់​ខ្លួន ព្រោះ​លោក​យល់​ឃើញ​ថា បើ​សក់​វែង​ហើយ​អ្នក​ត្រូវការ​កាត់សក់​ចេញ ដូច្នេះ​មុខរបរ​នេះ​មាន​អនាគត​វែង​ឆ្ងាយ ហើយ​ម្យ៉ាងវិញទៀត​សម័យនេះ​យុវជន​គេ​ពេញ​និយម​លេង​ម៉ូត​សក់​មិនធម្មតា​នោះ​ទេ ដូច្នេះ​យើង​ជា​ជាង​កាត់សក់​ក៏​រត់​តាម​នោះ​ដែរ ទើប​មាន​ភ្ញៀវ​ចូល​មក​កាត់សក់​នៅ​កន្លែង​យើង​បាន​ច្រើន​ផង​ដែរ ។ មុខរបរ​កាត់សក់ គឺជា​មុខរបរ​សុច​រិ​ក ហើយ​ពេល​យើង​ចាស់​ទៅ​ក៏​អាច​កាត់​សក់​បាន​ដែរ រីឯ​ចំណូល​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ