ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​រាំ​សប្បាយ​មង្គល​ការ​បង​ប្រុស​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ចាក់​ស្លាប់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​​​ម្នាក់​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​កាល​ពី​វេលា​ម៉ោង​​៣ និង​៣០​នាទី​ ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​​២០១១ ក្រោយ​ពី​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ចាក់​មួយ​កាំ​បិត​ ខណៈ​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​​ពេល​រាំ​ធុង​បាស់​ក្នុង​ពិធី​មង្គល​​ការ​របស់​បង​ប្រុស​បង្កើត​នៅ​ភូមិ​កណ្តាល​ ឃុំ​សាឡុង​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​។ យុវ​ជន​ដែលស្លាប់​នេះ​ឈ្មោះ​អ៊ិន សំណាង អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ម្រះ​​ព្រៅ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង​។

តាម​សាច់​ញាតិ​យុវ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី៩ មីនា យុវ​ជន​អ៊ិន សំណាង និង​សាច់​ញាតិ​បាន​មក​ចូល​រួម​ពិធី​មង្គល​​ការ​របស់​បង​ប្រុស​បង្កើត​ក្នុង​ភូមិ​កណ្តាល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ លុះ​យប់​ឡើងក៏​​​មាន​ចាក់​ធុង​បាស់​រាំកំដ​រោង​ការ​ និងជា​ការ​​ស្វាគមន៍​ដល់​មិត្ត​ភក្តិ​​ដែល​ចូល​រួម​ដោយ​ចាក់​សុទ្ធ​តែ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ពីមួយ​បទ​ទៅ​មួយ​បទ​យ៉ាង​សប្បាយ​ ហើយ​​កូនកំលោះ​​កូន​ក្រមុំក៏​រាំ​ដែរ​។

នៅ​វេលា​ម៉ោង​​ជាង​១១​យប់​​យុវ​ជន​អ៊ិន សំណាង បាន​ឡើង​រាំ​ជាមួយ​មិត្ត​ភក្តិ​ ហើយ​ពេល​នោះ​មាន​យុវ​ជន​មួយ​ក្រុម​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ក្មេង​ស្ទាវ​ប្រចាំ​ឃុំ​សន្លុង​​ចូល​រាំ​បទ​ញាក់​ និង​ជាន់​ជើង​ភាគី​ជន​រង​គ្រោះ​ក៏​កើត​ទំនាស់​ពាក្យ​សំដី​គ្នា​ទៅ​វិញ​ទៅ​មក​ ឯ​ម្ចាស់​រោង​ការក៏​​សុំ​ឱ្យ​បញ្ឈប់​ទំនាស់​ និង​បន្ត​ការ​រាំ​ទៀត​។ ក្រោយ​មក​យុវ​ជន​រង​គ្រោះ​ឈប់​រាំ​ ហើយ​ដើរ​ទៅ​ផ្ទះ​​ស្នាក់​នៅ​ ប៉ុន្តែ​ទើប​ចេញ​ផុត​ពី​​រោង​ការបាន​​បន្តិច​ ស្រាប់​តែ​មាន​ក្មេង​ស្ទាវ​ពី​​រនាក់​ជិះ​ម៉ូតូ​មក​ក្បែរ​​ រួច​ជន​ម្នាក់​ដែល​​អង្គុយ​​ខាង​ក្រោយ​លោត​ចុះ​ពី​លើ​ម៉ូតូ​ដក​កាំ​បិត​ចាក់​ចំ​ក្រោម​ឆ្អឹង​ជំនីរខាង​ឆ្វេង​មួយ​កាំ​បិត​បណ្តាល​ឱ្យ​ដេក​ដួល​លើ​ដី​ព្រម​ទាំង​​ស្រែក​ឱ្យ​សាច់​ញាតិ​ជួយ រី​ឯ​ជន​ដៃ​ដល់​នាំ​គ្នា​គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​ម៉ូតូ​នៅ​កន្លែង​កើត​ហេតុ។

សាច់​ញាតិ​ជន​រង​គ្រោះ​បញ្ជាក់​ថា ភ្លាមៗ​នោះ​យុវ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ដើម្បី​សង្គ្រោះ​ជីវិត​ ក៏​ប៉ុន្តែ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​ជន​រង​គ្រោះក៏​​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ មីនា ​ក្រោម​សំលេង​ស្រែក​យំ​របស់​ក្រុម​គ្រួសារ​ ព្រោះ​យុវ​ជន​ដែល​ស្លាប់​នេះ​គឺ​ជា​កូនពៅ​​ដែល​មក​ចូល​រួម​មង្គល​ការ​បង​ប្រុស​ជា​កូន​ទីប្រាំ​។ សព​ជន​រង​គ្រោះ​ ត្រូវ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​ រី​ឯ​ជន​ដៃ​ដល់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ ដែល​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​​តាម​ចាប់​ខ្លួន​​យក​មក​ផ្តន្ទា​ទោស​ ៕