ខេត្តស្ទឹងត្រែង ៖ កម្លាំងរដ្ឋបាលព្រៃឈើកំពុងបន្តប្រើប្រាស់មធ្យោយដើម្បីដឹកឈើគ្រឿងប្រភេទ២យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ភូមិច្រប់ ស្រុកសេសាន ទុកជាសម្បត្តិរដ្ឋក្រោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ជាន់ដល់ទីតាំងស្តុកកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូរគគី ក្បែស្ពានស្រែពក ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ។
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ថា ដំបូងឡើយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្រាវជ្រាវតាមប្រភពព័ត៌មានរហូតរកឃើញទីតាំងស្តុកឈើដ៏សន្ធឹកសន្ធាប់នៅចំណុចអូរគគី ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ជាប់ព្រំប្រទល់ខេត្តរតនគិរី ក្រោយការរុករកឃើញទីតាំងរួមនឹងវត្ថុតាងជាក់ស្តែងនោះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរាយការណ៍ជូនលោកអភិបាល អភិបាលរងខេត្ត ក្រោមការសម្របស្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបបន្តជូនដំណឹងដល់ជំនាញរដ្ឋបាលព្រៃឈើធ្វើការរឹបអូស ។ ប្រភពដដែលបន្តថា ស្ថិតក្នុងសកម្មភាពបង្ក្រាបរឹបអូសឈើគ្រឿងប្រភេទលេខ២ខាងលើ កម្លាំងសមត្ថកិច្ចមិនបានធ្វើការឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ។
លោក វ៉ា សុផាន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ កោះសន្តិភាព នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះថាដោយមានការឯកភាពពីអភិបាល អភិបាលរងខេត្ត និងមានការសម្របស្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងផងនោះ លោក ជា ថាវរិទ្ធ អភិបាលរងខេត្តទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាអោយរឹបអូសវត្ថុតាងនៃបទល្មើសនោះនាំទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ។ លោកនាយការិយាល័យបន្ថែមថា ឈើខាងលើជាប្រភេទឈើអា លំដាប់លេខ២ជាគ្រឿងផ្ទះ បើតាមការប៉ាន់ស្មានប្រហែលជាជាង៧០ម៉ែត្រគូប ។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសអោយដឹងថា ក្រោយការរឹបអូសវត្ថុតាងខាងលើកម្លាំងជំនាញបានជួលកម្មករ និងប្រើប្រាសមធ្យោបាយដើម្បីដឹកជញ្ជូនវត្ថុតាងពីការរឹបអូសមករក្សាទុកនៅសង្កាត់រង់ចាំធ្វើការវាស់វែងជាក្រោយនៅពេលប្រមូលរួចរាល់ តែរហូតទល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះនៅមិនទាន់ដឹកជញ្ជូនអស់នៅឡើយទេ ៕
ចែករំលែកព័តមាននេះ