ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កាន់តែ​មាន​កេរ្ដិ៍ឈ្មោះ​ល្បី ក្រោយ​ទទួលសំឡេង​​លើសលប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កាន់តែ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ហើយនឹង​ធ្វើ​ឲ្យ​គេ​ស្គាល់​កាន់តែ​ច្រើន បន្ទាប់​ពី​បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ដោយ​ទទួល​បាន​សំឡេង​១៨៣ ក្នុង​ចំណោម​​សំឡេង​សរុប ១៨៨ កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កាន់តែ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ហើយនឹង​ធ្វើ​ឲ្យ​គេ​ស្គាល់​កាន់តែ​ច្រើន បន្ទាប់​ពី​បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ដោយ​ទទួល​បាន​សំឡេង​១៨៣ ក្នុង​ចំណោម​​សំឡេង​សរុប ១៨៨ កាលពី​ពេល​ថ្មី​ៗ​នេះ ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​បញ្ជាក់​ថា ការណ៍​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​កេរ្តិ៍ឈ្មោះ​បន្ថែម​នៅ​លើ​ឆាក​អន្តរជាតិ ច្រើន​ជាង​ផលប្រយោជន៍​សេដ្ឋ​កិច្ច តែ​យ៉ាងណា​ក៏​ដោយ ប្រយោជន៍​សេដ្ឋកិច្ច​នឹង​ទទួល​បាន​នៅ​ពេល​បន្តបន្ទាប់ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​កិត្តិយស​មួយ​សម្រាប់​ជាតិ ដែល​ពិភពលោក​ទទួលស្គាល់​កម្ពុជា និង​អនុ​ញ្ញាត​ឲ្យ​កម្ពុជា​ធ្វើ​សកម្មភាព​នេះ​នៅ​លើ​ពិភពលោក ហើយ​វា​ក៏​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​​កម្ពុជា​ធ្វើ​កិច្ចការ​ជួយ​ពិភពលោក ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​។ លោក​ថា ៖« វា​គឺជា​រឿង​ល្អ​សម្រាប់​ការទូត នយោបាយ និង​មុខមាត់​ប្រទេស ហើយ​វា​ក៏​មាន​តិចតួច​ដែរ​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា តែ​ជំហាន​ដំបូង​គេ ជា​កេរ្តិ៍ឈ្មោះ និង​មុខមាត់ » ។  លោក​បន្ត​ថា កាលពីមុន អង្គការសហប្រជាជាតិ​តែងតែ​ជួយ​ដល់​កម្ពុជា ពីព្រោះ​កម្ពុជា​ទើបតែ​ងើប​ពី​ភ្លើងសង្គ្រាម និង​មិន​ទាន់​មាន​សមត្ថភាព​អាច​ជួយ​ខ្លួនឯង​បាន ។ ពេល​នោះ​អាច​និយាយ​បាន​ថា កម្ពុជា​គ្រាន់តែ​ជា​អ្នក​ឈរ​មើល​ពី​ខាងក្រៅ​សង្វៀន​​នៅ​ក្នុង​សកម្មភាព​របស់​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ ។ តែ​ពេល​នេះ ដោយសារ​កម្ពុជា​អាច​មាន​សមត្ថភាព​ក្នុង​ការ​ចូលរួម​ជាមួយ​អង្គ​ការ​សហ​ប្រជា​តិ ទើប​អង្គការ​នេះ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចូលរួម​ជាមួយ​នៅ​ក្នុង​សង្វៀន​ប្រយុទ្ធ​លើ​ការងារ​មនុស្សធម៌ និង​ការងារ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ។

លោក​បន្ថែម​ថា អ្វី​ដែល​កម្ពុជា​ត្រូវធ្វើ​ក្រោយ​ពេល​ប្រទេស​សមាជិក​ផ្ដល់​ទំនុកចិត្ត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​នៅ​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម គឺ​កម្ពុជា​ត្រូវ​ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ទៅ​ដល់​បណ្ដា​ប្រទេស​ផ្សេង​ទៀត ។ លោក​មាន​ប្រសាសន៍​ថា ៖« អ្វី​ដែល​យើង​ត្រូវធ្វើ​នោះ គឺ​ចែកចាយ​មេរៀន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត និង​ឆ្លៀតពេល​ផ្សព្វផ្សាយ​ពី​ខ្លួនឯង​ឲ្យ​គេ​ស្គាល់​ផង​ដែរ ហើយ​បើសិនជា​យើង​មានឱកាស​ផ្សព្វផ្សាយ​ហើយ បែរជា​មិន​ខំ​ផ្សព្វផ្សាយ និង​មិន​ខំ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​និយាយ ក៏​គេ​មិន​ជឿ​នោះ​ដែរ ។ អ្វី​ៗ​គ្រប់យ៉ាង គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ មិនមែន​ទៅ​និយាយ​ឲ្យ​គេ​ស្ដាប់​ឡើយ » ។

លោក​បណ្ឌិត​បញ្ជាក់​ថា នេះ​គឺជា​ឱកាសល្អ​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ខ្លួន​ថា តើ​ខ្លួន​មាន​អ្វីខ្លះ​សម្រាប់​ឲ្យ​គេ​យក​គំរូ​តាម តែ​គំរូ​នោះ​ជា​គំរូ​ដែល​មាន​ប្រសិទ្ធភាព នៅ​ពេល​គេ​ធ្វើ​តាម​ហើយ គឺ​ត្រូវ​តែ​តាមដាន​គេ​ឲ្យ​បាន​ហ្មត់ចត់ ។ លោក​ថា ៖« ដោយ​សារ​​តែ​សមាជិក​របស់​អង្គការសហប្រជាជាតិ ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​នៅ​ពេល​គេ​ឃើញ​ប្រទេស​ណា​មាន​ស្ថានភាព​អភិវឌ្ឍន៍​លេចធ្លោ​ជាងគេ គេ​នឹង​ជ្រើសរើស​ប្រទេស​​នោះ​សម្រាប់​ធ្វើ​ជា​គំរូ​ដល់​ប្រទេស​ដទៃ​ទៀត ។ ជាក់ស្ដែង កម្ពុ​ជានា​ពេល​នេះ ក៏​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ជ្រើសរើស​សម្រាប់​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​ដែរ​» ។

គួរ​បញ្ជាក់​ថា កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៨​នេះ​ដែរ កម្ពុជា​ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​ធ្វើ​ជា​អនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧២ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៃ​អង្គការសហប្រជាជាតិ ។ ដូចនេះ កម្ពុជា​កំពុង​តែ​ឈាន​ជើង​កាន់តែ​ខ្លាំង​នៅ​ក្នុង​ឆាក​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ