ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គួរ​ងាក​មក​សាកល្បង​ដាំ​ទំពាំង​បារាំង ព្រោះ​មាន​ទីផ្សារ​ខ្ពស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទំពាំង​បារាំង ជា​បន្លែ​មួយ​ប្រភេទ អាច​ហូប​ស្រស់ ឬ​យក​ទៅ​ឆា ស្ល និង​ស្ងោរ​ក៏​បាន ។ ក្រៅពី​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ទំពាំង​បារាំង ជា​បន្លែ​មួយ​ប្រភេទ អាច​ហូប​ស្រស់ ឬ​យក​ទៅ​ឆា ស្ល និង​ស្ងោរ​ក៏​បាន ។ ក្រៅពី​នេះ ទំពាំង​បារាំង​នៅ​អាច​ព្យាបាល​ជំងឺ​ដូច​ជា ខ្លាញ់​រុំ​បេះដូង សម្ពាធ​​សរសៃឈាម និង​ធ្វើ​ឲ្យ​សាច់​ចាំ​ទៀត​ផង ។ បច្ចុប្បន្ន​នេះ គេ​លក់​នៅ​លើ​ទីផ្សារ​តម្លៃ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ។ វា​ជា​ដំណាំ​ងាយស្រួល​ដាំ និង​មាន​អាយុកាល​យូរ​អង្វែង ដូច្នេះ​កសិករ​ដាំ​បន្លែ​គួរ​សាកល្បង​ដើម្បី​ពង្រីក​របរ​បន្ថែម ។

បើ​តាម​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ អ្នកស្រី ទេព វ៉ា​ន់​ថុ​ន ដែល​ធ្លាប់​ដាំ​ដំណាំ និង​បន្លែបង្ការ​ផ្សេង​ៗ បាន​រៀបរាប់​ថា ដោយសារ​តែ​អ្នកស្រី​បាន​ទទួល​ព័ត៌មាន​ពី​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ដើម​ទំពាំង​បារាំង​នេះ ទើប​អ្នកស្រី​សម្រេច​ចិត្ត​ដាំ​ជា​ការ​សាកល្បង ដោយ​បាន​ទៅ​រៀន​បច្ចេកទេស​ដាំ​ដុះ​ពី​ខេត្តបាត់ដំបង ។ អ្នក​ស្រី​បន្ដ​ថា បាន​ទទួលយក​ចំណេះដឹង​បង្ហាត់បង្ហាញ​ពី​លោកគ្រូ​នៅ​ទីនោះ អំពី​វិធី​សាស្ត្រ​ដាំ​ដុះ ការ​ថែទាំ ការ​ដាក់​ជី និង​ពី​គុណប្រយោជន៍​យ៉ាងច្រើន​របស់​ដើម​ទំពាំង​បារាំង​នេះ ទើប​អ្នកស្រី​សម្រេចចិត្ត​ទិញ​ពូជ​មក​ដាំ​ដុះ​ដោយ​ខ្លួនឯង រួម​ជាមួយ​កូន​ប្រុស។

អ្នកស្រី​បញ្ជាក់​ថា ៖« សារ​ប្រយោជន៍​នៃ​ដើម​ទំពាំង​បារាំង​នេះ គឺ​អាច​ធ្វើ​ជា​បន្លែ​ហូប​ស្រស់​​ក៏​បាន ជា​បន្លែ​សម្រាប់​ឆា ស្ល និង​ស្ងោរ​ក៏​បាន​ដែរ​។ ក្រៅពី​នេះ ទំពាំង​បារាំង​នៅ​អាច​ព្យាបាល​ជំងឺ​ដូច​ជា ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃឈាម និង​ធ្វើ​ឲ្យ​សាច់​ចាំ​ទៀត​ផង។ ចំណែក​ការ​ដាំ​ដុះ​រហូត​ដល់​ទទួលផល គឺ​មាន​រយៈពេល​៦​ខែ ប៉ុន្តែ​រយៈពេល​ត្រឹម​៤​ខែ យើង​អាច​ទទួលផល​បណ្តើរ​ៗ​ហើយ តែត្រឹម​ដល់​រយៈពេល​៦​ខែ គឺ​ដើម​ទំពាំង​ធំ និង​ថ្លោស​ល្អ​ជាង »​។ អ្នកស្រី​លើក​ឡើង​ថា ៖« ដើម​ទំពាំង​បារាំង​មាន​អាយុកាល​ច្រើន​ឆាំ្ន​ណាស់​សម្រាប់​ការ​ប្រមូល​ផល គឺ​រហូត​ដល់​១៥​ឆ្នាំ​ឯណោះ គ្រាន់តែ​យើង​ថែទាំ​និង​កាត់​ដើម​ចាស់​ចេញ ទុក​ឲ្យ​ដើម​ថ្មី​ដុះ​ជា​បន្ត​ប​បន្ទាប់ »​។

អ្នកស្រី​បន្ដ​ថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចាំ​ទទួល​ទិញ​យក​ទៅ​ប្រទេស​ថៃ ក្នុង​១​គីឡូក្រាម​តម្លៃ​៣​ពាន់​រៀល ប៉ុន្តែ​អ្នកស្រី​មិន​លក់​ឲ្យ ព្រោះថា បើ​យក​ទៅ​លក់​នៅ​ផ្សារ​ដោយ​ខ្លួនឯង យ៉ាង​ហោច​ណាស់ ក៏​១​គីឡូក្រាម​បាន​១​ម៉ឺន​រៀល​ដែរ ។  អ្នកស្រី ទេព វ៉ា​ន់​ថុ​ន អះអាង​ថា ៖« ខ្ញុំ​ធ្លាប់​គេ​ដាក់​តម្លៃ​នៅ​តាម​ផ្សារ​ទំនើប ដោយ​ចង​ជា​ដុំ​ត្រឹម​ប៉ុន​កំភួនដៃ មាន​ទម្ងន់​ពី​ប្រហែល​៣​ឬ​៤​ខាំ តម្លៃ​១​ម៉ឺន​៥​ពាន់​រៀល ។ ចំណែក​នៅ​ផ្សារ​អុ​ី​អន ថ្លៃ​ដល់​១០​ដុល្លារ​ឯណោះ »​។

សូម​បញ្ជាក់​ថា ពូជ​ទំពាំង​បារាំង​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ។ ទំពាំង​បារាំង ឬ​តាថុក​ទេស មានឈ្មោះ​បច្ចេកទេស ASPARAQUS គឺជា​បន្លែ​ដែល​គ្មាន​សារជាតិ​ពុល គ្មាន​អាស៊ីត គ្មាន​សារធាតុ​ខ្លាញ់​ដូច​ទំពាំង​ស្រុក​ទេ ប៉ុន្តែ​ទំពាំង​បារាំង គឺជា​ប្រភេទ​ចំណី​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ និង​វីតាមីន​អាច​ថែទាំ​សុខភាព​បាន​ល្អ​។ នេះ​បើ​យោង​តាម​ឯកសារ​សហគមន៍​កសិកម្ម​ខេត្ត​ប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ