រាជធានីភ្នំពេញ ៖ រ៉ឺម៉កកង់បីដែលកំពុងចរាចរតាមដងផ្លូវបច្ចុប្បន្ន គឺពិតជាសម្បូរបែប និងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្ដែអ្វីដែលមហាជនបានកត់សម្គាល់នោះ គឺរ៉ឺម៉កកង់បីខ្មែរខ្លះបានកិបស្លាកលេខនៅជាប់រ៉ឺម៉ក និងខ្លះទៀតកិបជាប់នឹងម៉ូតូ ។ ភាពមិនស្ដង់ដាបែបនេះ កំពុងក្លាយជាចំណោទបញ្ហា ដោយសារតែមហាជនយល់ឃើញថា ការកិបស្លាកលេខជាប់រ៉ឺម៉កហាក់មានទំនួលខុសត្រូវជាង ព្រោះអ្នកដំណើរអាចដឹងពីអត្តសញ្ញាណអ្នកបើកបរតាមរយៈលេខសម្គាល់យានយន្ដ ពិសេសនៅពេលប៉ះពារតាមដងផ្លូវជាដើម ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន ហាក់នៅឆកល្វែងក្នុងការគ្រប់គ្រងបច្ចេកទេសនេះនៅឡើយ ។
ឆ្លើយតបនឹងសំណួរអ្នកយកព័ត៌មានកោះសន្ដិភាព ពាក់ព័ន្ធនឹងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជុំវិញបញ្ហានេះ លោកពុំទាន់មានដំណោះស្រាយទេ ដោយសារពុំទាន់មានព័ត៌មានច្បាស់លាស់ ប៉ុន្ដែលោកបានសន្យាថា នឹងយកបញ្ហានេះប្រគល់ជូនមន្ត្រីជំនាញចុះសិក្សា និងត្រួតពិនិត្យពីលក្ខណៈបច្ចេកទេស ដើម្បីឈានទៅរកដំណោះស្រាយ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីថ្ងៃទី១៣ មិថុនា ថា ៖« ករណីរ៉ឺម៉កម៉ូតូកង់បីខ្មែរ មិនទាន់ឆ្លើយតបបានទេ ដោយសារពុំទាន់មានព័ត៌មានជាក់ស្តែង ហើយខ្ញុំនឹងយកសំណួរនេះទៅឱ្យមន្ត្រីខាងអគ្គនាយកដឹកជញ្ជូនយកទៅពិនិត្យ និងធ្វើ កុំឱ្យខុសបច្ចេកទេសដើម្បីងាយស្រួលតាមដាន និងត្រួតពិនិត្យរ៉ឺម៉កកង់បីរបស់យើង » ។ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានសមាជិកអ្នកបើកកង់បីខ្មែរប្រមាណ១ម៉ឺននាក់ បានសម្ដែងការស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយដល់បងប្អូនអ្នកបើកកង់បី ហើយក៏ជារឿងល្អមួយដែរ ដោយសារសមាគមចង់អភិរក្ស ក៏ដូចជំរុញឱ្យរ៉ឺម៉កដែលច្នៃប្រឌិតដោយកូនខ្មែរ មានលក្ខណៈត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស ។
លោក ឯ សុភាស់ ប្រធានសមាគមរូបនេះបានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ មិថុនា ម្សិលមិញថា ៖« នេះជាការយកចិត្តទុកដាក់រៀបចំ ឬពិនិត្យលទ្ធភាពកែតម្រូវរ៉ឺម៉កកង់បីខ្មែរយើង ដើម្បីអាចប្រកបមុខរបររកស៊ីនៅលើទីផ្សារសេរីនេះមានតម្លាភាព និងជាមោទនភាពមួយសម្រាប់ខ្ញុំ » ។ ទន្ទឹមនឹងនេះ លោកក៏មានគម្រោងស្នើឱ្យក្រសួងរៀបចំឱ្យមានការបណ្តុះបណ្តាល ដើម្បីជំរុញឱ្យអ្នករត់រ៉ឺម៉កកង់បីបានរៀនពីច្បាប់ចរាចរណ៍ និងកំណត់អត្តសញ្ញាណ ឬឯកសណ្ឋានត្រឹមត្រូវ ខណៈនៅពេលបច្ចុប្បន្ន សមាគមមានសមាជិកប្រមាណ១ម៉ឺននាក់ ឬ១ម៉ឺនរ៉ឺម៉ក ។ លោកបន្តថា ៖« នៅពេលខាងមុខនេះ ខ្ញុំនឹងជំរុញសមាជិករបស់សមាគមបំពាក់App របស់ក្រុមហ៊ុនCrab ដើម្បីជំរុញឱ្យរ៉ឺម៉កខ្មែរយើងមានសមត្ថភាពក្នុងការទទួលសេវាកាន់តែប្រសើរ និងកុំឱ្យអតិថិជនធុនទ្រាន់នឹងរឿងថ្លៃដូចពេលនេះទៀត » ។
លោកបញ្ជាក់ថា ៖« សម្រាប់អ្នករត់រ៉ឺម៉កកង់បី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមនៅរាជធានីភ្នំពេញ មាន១ម៉ឺននាក់ឬ១ម៉ឺនរ៉ឺម៉ក ក្នុងនោះមានប្រហែល៥០% ពុំបានកិបស្លាកលេខនៅក្រោយរ៉ឺម៉ក ។ ចំណែកអ្នករត់កង់បីដែលមិនមែនជាសមាជិក មានប្រហែលជាង៣ម៉ឺននាក់កំពុងចរាចរនៅរាជធានីភ្នំពេញ » ។ លោកបន្ដថា ៖« ជាទិសដៅ ខ្ញុំបានស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអគ្គនាយកដ្ឋានជំនាញ រួមទាំងមន្ទីរ នឹងប្រកាសនៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ បង្កើតឱ្យចេញនូវកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងបំពាក់ស្លាកលេខឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដើម្បីឱ្យគាត់មានលទ្ធភាពអាចប្រើប្រាស់App នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ។ ដូចនេះ យើងនឹងជំរុញធ្វើឱ្យបាននូវការរំពឹងទុកសម្រាប់សមាគម » ។
លោក ឯ សុភាស់ សង្ឃឹមថា នៅរយៈពេល១ឬ២ឆ្នាំទៀត ការចរាចររ៉ឺម៉កកង់បីនឹងមានរបៀបរៀបរយ, មានឯកសណ្ឋាន និងមានក្រុមត្រឹមត្រូវ មិនស្ថិតនៅបែបអនាធិបតេយ្យដូចបច្ចុប្បន្នទៀតទេ ៕
ចែករំលែកព័តមាននេះ