ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេចចំណីអាហារមានគីមីជាង100តោន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ​​​ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា សម្តេច​ក្រឡា​ហោម ស ខេ​ង ឧប​នា​យ​ក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ដុត​កម្ទេច​ចំណី​អាហារ​ខូចគុណភាព​…

ខេត្ត​កំពង់​ស្ពឺ​​​ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា សម្តេច​ក្រឡា​ហោម ស ខេ​ង ឧប​នា​យ​ក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ដុត​កម្ទេច​ចំណី​អាហារ​ខូចគុណភាព​ និង​​ខុសច្បាប់ ដោយ​មាន​សារធាតុ​គីមី​ចំ​នួនជាង​១០០​តោន ​​នៅ​​ក្នុងភូមិ​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧ​ដុ​​ង្គ ។​ ពិធី​នេះ ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាក់ព័ន្ធ​ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន​ផង​ដែរ សរុប​ជិត​១.០០០​នាក់​ ។

បើ​តាម​ប្រសាសន៍​របស់​លោក ​វ៉ី សំណាង អភិបាល​ខេត្ត​ បានឱ្យ​​ដឹង​ថា​ ទីតាំង​ខាងលើ​នេះ​បាន​ផលិតសម្បកសាច់ក្រក ចំណីអាហារ​ខូចគុណភាព​ ខុសច្បាប់​ ដោយ​មាន​លាយ​សារធាតុ​គីមី​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះនៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាពនិង​សុវត្ថិភាព​សង្គមនៃ​ក្រសួង​មហា​ផ្ទៃ​ ​បង្ក្រាបនិង​រឹបអូស​ពី​ជនល្មើសដែល​ចរាចរណ៍​ស្តុក​ទុក ផលិត និង​ចែកចាយ​ខុសច្បាប់ នា​​អំឡុងខែកក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ​ សរុប​១១៦​តោន ក្នុង​នោះ​​មាន​សាច់ និង​គ្រឿងក្នុង​សត្វ​គ្រប់​ប្រភេទ​ចំនួន​៩​មុខ ​។ ​ប៉ុន្តែ​កម្លាំងសមត្ថកិច្ច​ចម្រុះ​បាន​រក្សា​ទុក​​​សិន ​រហូត​មក​ដល់​ពេល​នេះ​ទើប​​ធ្វើការ​ដុត​កម្ទេច​និង​កប់​ចោល​តែ​ម្តង​ ។

សម្តេច ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដុត​បំផ្លាញ​និង​ដុត​ចោល​ចំណី​អារ​ហារ​ខូចគុណភាព ខុសច្បាប់​ និង​មាន​សា​ធាតុគីមី សរុប​​ជាង​​៣០០​តោន​មក​ហើយ ។ ប្រសិនបើ​យើង​ទប់ស្កាត់​មិន​បាន​ទេ​នោះ វត្ថុ​ទាំង​អស់នេះ​បាន​លក់​នៅ​លើ​ទីផ្សារ​ ច្បាស់​ជា​មាន​បញ្ហា ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង​មិន​តិច​​នោះ​ទេ​ ។​
សម្តេចក្រឡា​ហោម ​បាន​កោតសរសើរ​កម្លាំង​សមត្ថកិច្ច​ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញការងារ​ទប់ស្កាត់ ជា​ពិសេស​ចំណី​អា​ហារ​ខូចគុណភាព ​និង​មាន​សា​រធាតុគីមី​កន្លង​មកនេះ​ ។​

​ជា​ចុង​ក្រោយ​ សម្តេចក្រឡា​ហោម​​បាន​​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​សូម​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​ៗ​ នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ដោយ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​ដើម្បី​ឱ្យ​សម្តេចដឹកនាំ​ប្រទេសឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​​តទៅ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ