សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៣មិថុនាថា កូរ៉េខាងជើងលែងជាការគំរាមកំហែងនុយក្លេអ៊ែរទៀតហើយ ចាប់តាំងពីលោកជួបជាមួយមេដឹកនាំប្រទេសនោះ គឺលោកគីម ជុងអ៊ុនមក។
ក្រោយវិលត្រឡប់ពីប្រទេសសិង្ហបុរី ជាកន្លែងដែលលោកជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកត្រាំបានសរសេរតាម TWITTER ថា លែងមានការគំរាមកំហែងនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើងទៀតហើយ។ ខណៈពេលជួបជាមួយលោកគីម ជុងអ៊ុន គឺជាបទពិសោធន៍សំខាន់ និងយ៉ាងវិជ្ជមានបំផុតមួយ។ លោកត្រាំក៏គូសបញ្ជាក់ផងដែរថា ក្រុងព្យុងយ៉ាង លែងជាបញ្ហាធំ និងគ្រោះថ្នាក់បំផុតទៀតហើយ របស់ក្រុងវ៉ាស៊ិនតោនរួចប្រទេសនេះនឹងឃើញសក្ដានុពលធំមួយសម្រាប់អនាគតរបស់ខ្លួន។
ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយ ឡាវរ៉ូវ បានថ្លែងនាថ្ងៃទី១៣ មិថុនាថា សភាពការណ៍នៅឧបទ្វីបកូរ៉េមានការវិវឌ្ឍន៍ ស្របទៅតាមផែនការដែលស្នើឡើងដោយចិន និងរុស្ស៊ី។ លោកថា តាមមើលទៅក្រុងវ៉ាស៊ិនតោន និងក្រុងព្យុងយ៉ាង ពិតជាដើរតាមទិសដៅនេះ។ ហើយក្នុងសន្និសីទសារព័ត៌មានមួយ លោកឡាវរ៉ូវ ពន្យល់ថា ផែនការរបស់រុស្ស៊ី និងចិន គ្រោងជាបឋមបដិសេធរាល់វោហាសាស្ត្រប្រទូស្តរ៉ាយគ្នា ព្រមទាំងសកម្មភាពបង្កហេតុទាំងឡាយពីសំណាក់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងកូរ៉េខាងជើង។ បន្ទាប់មកផែនការនេះស្នើបង្កើតការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ហើយបើកការពិភាក្សាគ្នាលើរាល់បញ្ហាដែលកើតមាននិងលើរាល់ការព្រួយបារម្ភ៕
ចែករំលែកព័តមាននេះ