ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​ពន្លះ​មួយ​ប្រាវ​ផ្អើល​ក្រុង​សៀមរាប​ទាំង​កណ្តាលអធ្រាត្រ (មានវីដេអូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កូន​ម្ចាស់​ក្លិប ខារ៉ាអូខេ យីហោ ហ្វី លីង ស្រវឹង​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​រះ បង្គោល​ស្លាក​យីហោ​លក់ដូរ​អស់​ចំនួន​៤​តូប ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ…

ខេត្តសៀមរាប ៖ កូន​ម្ចាស់​ក្លិប ខារ៉ាអូខេ យីហោ ហ្វី លីង ស្រវឹង​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​រះ បង្គោល​ស្លាក​យីហោ​លក់ដូរ​អស់​ចំនួន​៤​តូប ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ ព្រោះ​ដល់​ម៉ោង​រើ​តូប​ចូល​សម្រាក​អស់ ហើយ​បើករថយន្ត​រត់ ត្រូវ​បានកូន​ម្ចាស់​តូប​ដេញ​តាម​ចាប់​បាន​នៅ​ស្តុ​ប​ផ្លូវ​៦០​ម៉ែត្រ ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​ទុក​ដោះស្រាយ​នៅ​គោលដៅ​ពី​ខាងលិច​ស្ទឹង​សៀមរាប ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ពេញ​ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ៧​មក​រា ហៅ ផ្លូវ​ជន្លង់ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

      

ប្រភព​បាន​​ឱ្យ​ដឹង​​ថា កូន​ម្ចាស់​ក្លិប​កំសាន្ត ហ្វី លីង ឈ្មោះ ឡោ ប៊ុ​ន លី ភេទប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។


តាមប្រភព​បាន​​ឱ្យ​ដឹងថា កូន​ម្ចាស់​តូប​ដែល​ដេញ​តាម​រថយន្ត​ខាងលើ​នោះ​ឈ្មោះ សួន ហាន​ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​នៅ​ជួយ​លក់ដូរ​ឪពុក​ធម្មតា រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១២​យប់ ពួក​គាត់​ក៏​ឈប់​លក់ ហើយ​ប្រមូល​តុ​កៅអី​ចូល​ក្នុងផ្ទះ​វិញ រួច​ក៏​នាំ​គ្នា​ចូល​ដេក​អស់ មិន​ទាន់​បាន​ដេក​លក់​ផង ស្រាប់តែ​លឺ​សម្លេង​ប្រាវ ក៏​នាំ​គ្នា​ស្ទុះ​ចេញ​មក​ក្រៅ ហើយ​ឃើញ​រថយន្ត​ស៊េរី​មួយ​គ្រឿង​ ម៉ាក​អុី​​ស៊ុ​យ​ហ្ស៊ុ​យ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-៨៩៥៩ បើក​បុក​រះ​បង្គោល​ដាក់​ស្លាក​យីហោ​ពី​ខាង​ផ្ទះ​ជួល ពី​លិច​មក​កើត រហូត​ដល់​មុខ​ផ្ទះ​របស់​គាត់​មាន​ចំនួន​៤​តូប បណ្តាល​ឱ្យ​បាក់​អស់ទាំង​ស្រុង​។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពេល​បុក​រះ​រួច រថយន្ត​ស៊េរី​ទំនើប​នោះ​ក៏​បើក​រត់​បន្ត​ទៅ​ទិស​ខាងកើត ឃើញ​ដូច្នេះ​គាត់​ក៏​បាន​យក​រថយន្ត​របស់​ឪពុក​គាត់​បើក​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ស្តុ​ប​កែង​ផ្លូវ​៦០​ម៉ែត្រ រួច​ក៏​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីនោះ​ចាប់​បាន​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍​ប្រចាំការ​ពេល​យប់​យក​ទៅ​ដោះស្រាយ​នៅ​គោលដៅ មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ពី​ខាងលិច​ស្ទឹង​សៀមរាប​។ ពេល​នោះ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ក៏​បានឱ្យ​គាត់​បើករថយន្ត​ជូន​ទៅ​ផ្ទះ​ចូល​ទៅ​ក្នុង​ក្លិប​កំសាន្ត​ខារ៉ាអូខេ យីហោ ហ្វី​លីង ហើយ​សន្តិសុខ​ខ្សឹប​ប្រាប់​ថា នេះ​ជា​កូន​ម្ចាស់​ហាង​ខារ៉ាអូខេ​នេះ ទើប​គាត់​ដឹង​ថា បុរស​ដែល​បើករថយន្ត​ស៊េរី​ទំនើប​នោះ​គឺជា​កូន​ម្ចាស់​ហាង​ខារ៉ាអូខេ​ពិតប្រាកដ​មែន ព្រមទាំង​និយាយ​ជាមួយ​គាត់​ថា «​ចាំ​ស្អែក គេ​និង​ជួយ​ធ្វើ​សង​ម៉ា​ស្អាត​ទាំងអស់​»​។


តាម​ប្រ​ភព​​ពី​មន្ត្រី​ចរាចរណ៍​ម្នាក់​ប្រចាំការ​នៅ​គោលដៅ​ពី​ខាងលិច​ស្ទឹង​សៀមរាប មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​នោះ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ជន្លង់​នោះ គឺជា​កូន​ម្ចាស់​ក្លិប​ខារ៉ាអូខេ ហ្វី​លីង ដែល​បាន​បើករថយន្ត​បុក​រះ​បង្គោល​ស្លាក​យីហោ​លក់ដូរ​របស់​ប្រជា​ពលរដ្ឋ​នៅ​ម្តុំ​ផ្លូវ​ជន្លង់ ហើយ​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ក៏​ព្រមព្រៀង​ឯកភាព​ជួយ​ដោះស្រាយ ជួសជុល និង​ធ្វើ​សង​ថ្មី​ឱ្យ​ទាំងអស់ ទើប​ពួក​គាត់​មិន​ទាន់​ហ៊ាន​និយាយ​អ្វី​ឱ្យ​ហួស​ពី​នេះ​បាន​ទេ​។

ប្រភព​បាន​បញ្ជាក់​ថា ប្រសិនបើ​ម្ចាស់​តូប និង​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី មិន​ព្រម​នូវ​សំណងនៃ​ការ​សង​ណាមួយ​នោះ ពួក​ខ្ញុំ​ជា​អ្នក​កាន់​ច្បាប់ ពិតជា​មិន​នៅ​ស្ងៀម​បាន​ទេ ត្រូវ​តែ​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ ដើម្បី​សុំ​គោលការណ៍​ការ​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។


​បើ​និយាយ​សម្រួល​គ្នា​ត្រូវ​បញ្ចប់ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​ហៅ​ភា​គី​ទាំង​៤​តូប ព្រមទាំង​តំណាង​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី និង​អ្នក​បង្ក មក​ដោះស្រាយ​គ្នា​នៅ​គោលដៅ​ប្រចាំ​ការមុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ខាងលិច​ស្ទឹង​សៀមរាប ដើម្បី​បញ្ជ​ប់រឿង​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ