ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពេជ្រ ស្រស់​ថាកូនស្រី​លោក​កឹ​ម សុខា​កំពុង​ធ្វើ​ឲ្យ​ឪពុក​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​អះអាង​ថា កូនស្រី​លោក​កឹ​ម សុខា គឺ​កញ្ញា​កឹ​ម មនោ​វិទ្យា​បាន​កំពុង​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ​បន្ថែម​ទៀត ។ ការ​អះអាង​របស់​មេ​បក្ស​យុវជន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កញ្ញា​កឹ​ម មនោ​វិទ្យា​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​មាន​ចំណាត់ការ​មក​លើ​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​អះអាង​ថា កូនស្រី​លោក​កឹ​ម សុខា គឺ​កញ្ញា​កឹ​ម មនោ​វិទ្យា​បាន​កំពុង​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ​បន្ថែម​ទៀត ។ ការ​អះអាង​របស់​មេ​បក្ស​យុវជន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កញ្ញា​កឹ​ម មនោ​វិទ្យា​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​មាន​ចំណាត់ការ​មក​លើ​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ថែម​នូវ​ចំណាត់ការ​ផ្សេង​ៗ​ទៀត ។

លោក​ពេជ្រ ស្រស់​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មិថុនា​ថា «​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​នាង​អើយ ហើយ​ក៏​មិនមែន​ជា​ដំណោះស្រាយ​របស់​នាង ដើម្បី​ឲ្យ​ឪពុក​នាង​នៅ​ក្រៅ​ឃុំ​បាន​នោះ​ដែរ គឺ​រឹត​ធ្វើ​ឲ្យ​ឪពុក​នាង​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ​ថែម​ទៀត ។ ខ្មែរ​ឲ្យ​តែ​យ៉ាងនេះ គឺ​គ្មាន​ថ្ងៃ​ទៅ​មុខ​រួច​នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ក្រៅពី​ខ្មែរ​គ្នា​ឯង​នោះ​ឡើយ​» ។ ក្នុង​ជំនួប​ជាមួយ​ជាមួយ​លោក​ស្ក​ត់ បាស់​ប៊ី (Scott Busby) ឧបការី​រង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​១៣ មិថុនា កញ្ញា​កឹ​ម មនោ​វិទ្យា​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ដែល​បាន​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​មក​លើ​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

កញ្ញា​ក៏​បាន​ស្នើរ​សហរដ្ឋអាមេរិក​ឲ្យ​បន្ត និង​បន្ថែម​នូវ​ចំណាត់ការ​ផ្សេង​ៗ​ទៀត​ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា​ត្រឡប់​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​ឲ្យ​មាន​សន្តិភាព និង​ការ​បង្រួម​បង្រួម​ជាតិ​យូរអង្វែង​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ពេជ្រ ស្រស់​ក៏​បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​នេះ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​គួរ​នាំ​គ្នា​ជ្រោង​ទង់ជាតិ​ខ្មែរ ដើម្បី​ប្រឆាំង​ឥទ្ធិពល​អាក្រក់​របស់​បរទេស ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​ពេជ្រ ស្រស់​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​នៅ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​គួរតែ​នាំ​គ្នា​ជ្រោង​ទង់ជាតិ​ខ្មែរ​ដើម្បី​ប្រឆាំង​ឥទ្ធិពល​អាក្រក់​របស់​បរទេស ពីព្រោះ​ថា​វា​មិន​មាន​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​នោះ​ទេ​នៅ​ពេល​ដែល​ប្រជាជាតិ​ខ្មែរ​យើង​បែកបាក់​គ្នា​នោះ គឺ​ធ្វើ​ឲ្យ​បរទេស​ឆ្លៀត​ឳ​កាស​បំផ្លាញ​ខ្មែរ​ទៅ​វិញ​» ។ ការ​លើក​ឡើង​របស់​លោក​ពេជ្រ ស្រស់ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​លោក​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ នៃ​កង​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់ ហ្គ្លោ​ប៊​ល ម៉ែ​ក​នី​ត​ស្គី (GLOBAL MAGNITSKY) ដោយសារ​តែ​ការ​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ សហរដ្ឋអាមេរិក​រក​ឃើញ​ថា លោក​ហ៊ីង ប៊ុ​ន​ហៀ​ង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួម​ទាំង​អំពើ ហិង្សា​នៅ​ឆ្នាំ​២០១៣​នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​មុខ​រដ្ឋសភា​នៅ​ឆ្នាំ​២០១៥ ។

ចំពោះ​ករណី​នេះ​លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ជនបរទេស​ចេះ​តែ​ចង់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យ ។ ធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ​( អ​សប )​បាន​កំណត់​មិន​ឲ្យ​មានការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ។ ប៉ុន្តែ​ជនបរទេស​ខ្លះ​នៅ​តែ​រំលោភ​ធម្មនុញ្ញ​ដែល​មាន​អ្នកខ្លះ​តាំងខ្លួន​ថា ជា​មេ​សិទ្ធិ​មនុស្ស​ក៏​នៅ​តែ​រំលោភ​ធម្មនុញ្ញ អ​សប ដដែល​ដោយ​មិន​គិត​ពី​ការ​រំលោភ​ដែន​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ ។

លោក​បញ្ជាក់​ថា​« ជា​ការ​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់​ដែល​អ្នក​មេ​សិទ្ធិ​មនុស្ស ប៉ុន្តែ​រំលោភសិទ្ធិ​មនុស្ស​នោះ ។ ប្រទេស​ធំ​មាន​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​តែ​បែរជា​មក​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ដទៃ​ធ្វើ​ខ្លួនឯង​ជា​បងធំ​លើ​ពិភពលោក​ដែល​បណ្តា​ប្រទេស​លើ​លោក​មិន​ស្វាគមន៍​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ