ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះគោ​ស្ទើរ​បាត់​ស្រមោលពី​ជីវិត​រស់នៅ​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រទេះគោ​ស្ទើរតែ​បាត់​ស្រមោល​ទៅ​ហើយ ដោយសារ​កត្តា​ច្រើន​យ៉ាង ដូច​ជា ប្រជាពលរដ្ឋ​ងាក​ទៅ​ប្រើ​រទេះ​កង់​ឡាន និង​ប្រើគោ​យន្ត​ជំនួស​រទេះគោ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម ។ មិនតែប៉ុណ្ណោះ​គ្មាន​ការ​ផលិត​ទៀត​ផង ។…

ខេត្តកំពង់ឆ្នាំង ៖ រទេះគោ​ស្ទើរតែ​បាត់​ស្រមោល​ទៅ​ហើយ ដោយសារ​កត្តា​ច្រើន​យ៉ាង ដូច​ជា ប្រជាពលរដ្ឋ​ងាក​ទៅ​ប្រើ​រទេះ​កង់​ឡាន និង​ប្រើគោ​យន្ត​ជំនួស​រទេះគោ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម ។ មិនតែប៉ុណ្ណោះ​គ្មាន​ការ​ផលិត​ទៀត​ផង ។ ទោះ​ជា​យ៉ាងណា​ក្តី​កសិករ​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​បាន​ប្រមូល​​​ទិញ​រទេះគោ ចាស់​ៗ ពី​តាម​មូលដ្ឋាន​ជនបទ​យក​ទៅ​ជួសជុល​ដាក់​តាំង​លក់​ឱ្យ​អតិថិជន ដែល​ភាគច្រើន​គឺជា​អ្នក​ទីក្រុង ដើម្បី​យក​ទៅ​តាំង​លម្អ​នៅ​ក្នុង​ភូមិឋាន​របស់​ខ្លួន ប្រៀប​ដូច​ជា​ការ​រួមចំណែក​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ជាតិ ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

លោក​មាស សុ​វ​ណ្ណា​រី អាយុ​២៧​ឆ្នាំ ជា​អ្នក​ប្រមូល​ទិញ​រទេះគោ ចាស់​ៗ​នៅ​តាម​មូលដ្ឋាន​ជនបទ​យក​ទៅ​ជួសជុល​លក់​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​៖ ដោយសារ​តែ​ស្រឡាញ់​រទេះគោ​ខ្មែរ​ដែល​ធ្វើ​ឡើង​អំពី​ឈើ​ប្រណីត ល្អ​ៗ មាន​ឈើ​បេង ធ្នង់ នាងនួន សុ​ក្រំ និង​ខ្លះ​គ្រញូង ។ លោក​ចាប់ផ្តើម​ប្រមូល​ទិញ​រទេះគោ ចាស់​ៗ ទាំងនោះ​ពី​កសិករ​តាម​មូលដ្ឋាន​ឆ្ងាយ​ជិត ដើម្បី​យក​ជួសជុល​កែ​លំអ​ឡើង​វិញ ដើម្បី​ដាក់​លក់ ប៉ុន្តែ​លោក​ទើបតែ​ចាប់​យកមុខ​របរ​នេះ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ កន្លង​ទៅ​មាន​អ្នក​នៅ​ទីក្រុង​មួយ​ចំនួន​បាន​កុម្ម៉ង់​ទិញ​រទេះគោ​ខ្មែរ ដើម្បី​យក​ទៅ​ដាក់​តាំង​លំអ​នៅ​ក្នុង​ភូមិដ្ឋាន​ទុក​ឱ្យ​កូនចៅ​បាន​ស្គាល់ ព្រោះ​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​លែង​ប្រើ​រទេះគោ​ទៀត​ហើយ គឺ​ពួក​គាត់​នាំ​គ្នា​មក​ប្រើប្រាស់​គោ​យន្ត ឬ​រទេះ​កង់​ឡាន​ជំនួស​វិញ ។

លោក​មាស សុ​វ​ណ្ណា​រី ឱ្យ​ដឹង​ថា រទេះគោ​ចាស់​ៗ​ដែល​លោក​ទិញ​ក្នុង​១​គ្រឿង​តម្លៃ​ពី​២០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល តាម​ការ​ខូច​តិច ឬ​ខូច​ច្រើន ហើយ​បាន​ជួល​ជាង​មក​ជួល​ជុល​ដំឡើង​​ឱ្យ​ល្អ​ឡើង​វិញ ដោយ​អស់​ថ្លៃ​ឈ្នួល​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​ទើប​លក់​ចេញ​បាន ។ ពេល​លក់​ចេញ​ទៅ​វិញ​ក្នុង ១​គ្រឿង​ៗ​មាន​តម្លៃ​ពី​៣០០​ទៅ​៤៥០​ដុល្លា​តាម​ប្រភេទ​ឈើ​ធ្នង់ ឬ​ឈើ​គ្រញូង ដែល​ភាគច្រើន​គឺ​បាន​លក់ដាច់​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​តែ​ប៉ុណ្ណោះ ។

ជាង​ជួសជុល​រទេះគោ​គឺ​លោក​សំ ប៊ុ​ន​លី ឱ្យ​ដឹង​ថា លោក​បាន​ស៊ីឈ្នួល​ជួសជុល​រទេះ​គោ​ខាងលើ​នេះ​ជិត​១​ឆ្នាំ​ហើយ ដោយ​ក្នុង​មួយ​គ្រឿង​ប្រើ​រយៈពេល​ពី​៥​ថ្ងៃ​ទៅ​១​ស​ប្តា​ហ៍ តាម​រទេះគោ​ខូច​តិច ឬ​ខូច​ច្រើន ។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​ថា រទេះគោ​ខ្មែរ គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដែល​បាន​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង ជាក់ស្តែង​ដូច​រូបចម្លាក់​នៅ​លើ​ប្រាសាទអង្គរវត្ត​មាន រទេះគោ រទេះសាឡី​ដឹក​ស្តេច រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម គឺជា​ស្នាដៃ​របស់​ដូនតា​ខ្មែរ គប្បី​កូន​ខ្មែរ​យើង​នាំ​គ្នា​រក្សា​ទុក​ស្នាដៃ​នេះ​កុំឱ្យ​បាត់បង់ គឺ​ដើម្បី​ឱ្យ​ប្រពៃណី វប្បធម៌​ជាតិ​ពិតជា​រុងរឿង​ឡើង​វិញ ។

រទេះគោ​ខ្មែរ​បច្ចុប្បន្ន​នេះ​អ្នកមាន​ជីវភាព​ធូ​ធារ ក្រៅពី​ទិញ​ដាក់​តាំងនៅ​តាម​គេហដ្ឋាន នៅ​មាន​ផ្នែក​ខ្លះ​នៃ​រទេះគោ​ត្រូវ​បាន​គេ​ទិញ​យក​ទៅ​តាំង​ដូច​ជា​កង់​រទេះគោ​យក​ធ្វើ​ជា​របង​ភូមិឋាន ឬ​ធ្វើ​ជា​ទោង សម្រាប់​អង្គុយ​លេង និង​ធ្វើ​ជា​អ្វី ផ្សេង​ៗ​ច្រើន​យ៉ាង​ទៀត តាម​ដែល​ពួក​គេ​ចង់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ