ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ការ​គោរព ពុទ្ធសាសនា​ក៏​អស់ន័យ

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ដែល​នឹង​តាំងនៅ​មាំមួន​បាន​អាស្រ័យ​នឹង​សេចក្តី​គោរព​ស្ថិត​នៅ​ត្រឹមណា ព្រះពុទ្ធ​សាសនា​ក៏​តាំងនៅ​ត្រឹមនោះ តែបើ​ការ​គោរព​អស់ហើយ ព្រះពុទ្ធ​សាសនា​ក៏​រលត់​សាបសូន្យ​ទៅ​ហោង ។ ពាក្យ​ថា​គោរព​នោះ គឺ​ធ្វើ​កាយវាចា​ចិត្ត​ឱ្យ​ធ្ងន់ គឺ​ការ​ឱនលំទោន​ទៅ​រក​ព្រះសង្ឃ ឬ​បុព្វបុរស​របស់​ខ្លួន​មាន​មាតាបិតា​ជាដើម ។…

ព្រះពុទ្ធ​សាសនា​ដែល​នឹង​តាំងនៅ​មាំមួន​បាន​អាស្រ័យ​នឹង​សេចក្តី​គោរព​ស្ថិត​នៅ​ត្រឹមណា ព្រះពុទ្ធ​សាសនា​ក៏​តាំងនៅ​ត្រឹមនោះ តែបើ​ការ​គោរព​អស់ហើយ ព្រះពុទ្ធ​សាសនា​ក៏​រលត់​សាបសូន្យ​ទៅ​ហោង ។

ពាក្យ​ថា​គោរព​នោះ គឺ​ធ្វើ​កាយវាចា​ចិត្ត​ឱ្យ​ធ្ងន់ គឺ​ការ​ឱនលំទោន​ទៅ​រក​ព្រះសង្ឃ ឬ​បុព្វបុរស​របស់​ខ្លួន​មាន​មាតាបិតា​ជាដើម ។ ឯ​បុគ្គល​គួរ​គោរព​នោះ​មាន​ច្រើន​ប្រភេទ​ទៅ​ទៀត តែ​មិន​បាន​លើកយក​មក​បង្ហាញ​ក្នុង​ទី​នេះ​ទេ គឺ​បង្ហាញ​តែ​អំពី​គោល​គាវរ​ធម៌​គឺ​ធម៌​ដែល​បុគ្គល​គួរ​គោរព​មាន​៧​ពួកៈ

១-​គោរព​ក្នុង​ព្រះពុទ្ធ​គឺ​លោក​សំដៅ​ទៅ​លើ​ការ​គោរព​ព្រះ​ពុទ្ធរូប ព្រះ​ចេតិយ ដើម​ពោធិព្រឹក្ស កន្លែង​ព្រះ​អង្គ​ប្រសូត ទី​ដែល​ព្រះ​អង្គ​ត្រាស់​ដឹង កន្លែង​ដែល​ព្រះ​អង្គ​សម្តែង​ធម្ម​ចក្រ ទី​ដែល​ព្រះ​អង្គ​ដាក់​អាយុសង្ខារ ទី​ដែល​ព្រះ​អង្គ​បរិនិព្វាន ។ ចំណុច​ទាំង​អស់នោះ​ហៅ​ថា​បូជនីយដ្ឋាន ជាទី​ដែល​គួរ​គោរព គួរ​បូជា ។

២-​គោរព​ក្នុង​ព្រះធម៌​គឺ​គោរព​ក្នុង​វិន័យ ព្រះ​សូត្រ ព្រះ​បរមត្ថ​អភិធម្ម ។ បើ​ពេល​ព្រះ​ថេរៈ​លោក​សម្តែងធម៌ ត្រូវ​អង្គុយ​ស្តាប់​ឱ្យ​ល្អ រមែង​មាន​បញ្ញា កុំ​ជជែក​គ្នា កុំ​និយាយ​គ្នា កុំ​ដើរ​ចុះឡើង កុំ​ដេក​ស្តាប់ធម៌ កុំ​ជួតក្បាល កុំ​បាំងឆត្រ កុំ​អង្គុយ​ត្របោម​ក្បាលជង្គង់​ស្តាប់ធម៌​ជាដើម ហើយ​ត្រូវ​ស្លាប់​ដោយ​យកចិត្តទុកដាក់ នឹង​បាន​កុសលផល​បុណ្យ​ច្រើន ។

៣-​គោរព​ក្នុង​ព្រះសង្ឃ​នោះ​គឺ​មាន​កាយវាចា​ចិត្ត​ឱនលំទោន ក្រាបថ្វាយបង្គំ និង​មិន​ពោល​ពាក្យ​អាក្រក់​ជួរ​ជាតិ មិន​ប្រមាទ​មាក់ងាយ មិន​តិះដៀល​ដល់​ព្រះសង្ឃ ព្រោះ​សង្ឃ​នឹង​ហើយ​ជា​អ្នក​ស្នង អ្នក​ត​អាយុកាល​ព្រះពុទ្ធ​សាសនា​យា​៉​ង​សំខាន់​នោះ ។

៤-​គោរព​ក្នុង​សិក្ខា គឺ​ខំ​សិក្សា​រៀនសូត្រ​ធម៌​វិន័យ​ឱ្យ​ចេះ​ចាំ​ជាក់ច្បាស់ និង​មានចិត្ត​សង្រួម​ក្នុង​សីល​សិក្ខា​របស់​ខ្លួន​ឱ្យ​បាន​មាំ​មូ​ន កុំ​ប្រព្រឹត្ត​កន្លង​ចាក​ធម៌​វិន័យ​ជា​ហេតុ​នាំ​ឱ្យ​អាប់ឱន​ដល់​សាសនា ។ បើជា​មន្ត្រីរាជការ​ឬ​បុគ្គលិក​តាម​ស្ថាប័ន​នានា​ត្រូវ​ស្មោះត្រង់​នឹង​ការងារ គោរព​ក្នុង​ការងារ ពោល​គឺ​គោរព​ពេលវេលា ហើយ​ធ្វើ​ការងារ​យា​៉​ង​យកចិត្តទុកដាក់ ។ បើជា​សិស្ស​ត្រូវ​គោរព​ក្នុង​ការ​សិក្សា​ដោយ​ប្រឹងប្រែង​រៀនសូត្រ​គ្រប់មុខ​វិជ្ជា​មិន​រា​ថយ ។

៥-​គោរព​ក្នុង​សមាធិ គឺ​តាំង​សតិ​នឹករឭក​ដល់​សមថកម្មដ្ឋាន​ទាំង​៤០​មាន​អនុស្សតិ​១០​ជាដើម ហើយ​ធ្វើ​អង្គ​ឈាន​ឱ្យ​កើតឡើង​រឿយ​ៗ ។

៦-​គោរព​ក្នុង​សេចក្តី​មិន​ប្រមាទ គឺ​មាន​សតិ​លះ​បាប​ចេញ​ឱ្យ​អស់ ហើយ​ខំ​បំពេញ​បុណ្យ​កុសល ខំ​រក្សា​អំពើ​ល្អ​ទុក និង​ធ្វើ​សីល​សមាធិ​បញ្ញា​ឱ្យ​ផូរផង់​ជា​និច្ច ។

៧-​គោរព​ក្នុង​បដិសណ្ឋារៈ​នោះ គឺ​ត្រូវធ្វើ​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ដោយ​គ្រឿង អាមិស​១, ដោយ​សេចក្តី​រាប់អាន​១ ធ្វើ​បដិសណ្ឋារៈ​ដោយ​ធម៌ គឺ​ណែនាំ​ប្រាប់​ពន្យល់​ផ្លូវ​ទៅ​កាន់​សុគតិភព​១ ។