ខេត្តក្រចេះ ៖ តុលាការសំរេចឃុំខ្លួនបណ្ដោះអាសន្នបុរសជាប់ចោទ នៅពន្ធនាគារខេត្ដ ដែលជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មគិតទុកជាមុន ទៅលើការកាប់សម្លាប់បុរសពីរនាក់នៅព្រៃក្បែរភូមិ ។ គួរំលឹកថា កាលពីថ្ងៃទី៥ មីនា សាកសពបុរសរងគ្រោះ២នាក់ត្រូវបានគេប្រទះឃើញដែលសង្ស័យជនរងគ្រោះត្រូវគេសម្លាប់តាំងពីយប់ថ្ងៃទី២៨ កុម្ភៈមកម៉្លេះ នៅចំណុចកាបី(តំបន់៤) ក្នុងភូមិសាស្ដ្រ ឃុំ២ធ្នូ ស្រុកស្នួល ដែលតំបន់នេះដាច់ស្រយាលពុំសូវមានផ្ទះប្រជាពលរដ្ឋរស់នៅច្រើនទេ ។
សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានគេស្គាល់អត្ដសញ្ញាណម្នាក់ឈ្មោះប៊ុត ខ្លៅ អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំត្រញំងផ្លុង ស្រុកពញាក្រែក ខេត្ដកំពង់ចាម និងម្នាក់ទៀតឈ្មោះ សាត អាត អាយុ២៥ឆ្នាំ មានទីលំនៅភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែក ខេត្ដកំពង់ចាម ដែលបច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់មកធ្វើការជាកម្មករឡានដឹកដំឡូង រស់នៅចំនុចកើតហេតុ។ ប្រភពបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុបុរសរងគ្រោះទាំងពីរនាក់ជាមួយនឹងមិត្ដភក្តិបានផឹកស្រាស្រវឹង ហើយក៏នាំគ្នាចេញទៅផ្ទះមិត្ដភក្តិដែលស្គាល់គ្នាក្នុងភូមិនោះ ដោយបំណងដេកនៅទីនោះមួយយប់ លុះពេលទៅដល់ បុរសទាំងពីរនាក់បានត្រឡប់មកវិញដោយសារមានទំនាស់ជាមួយម្ចាស់ផ្ទះពីរឿងបាត់ឈើ ។ ក្រោយពេលដែលបុរសរងគ្រោះទាំងពីរបានចាកចេញមកក៏បាត់ដំណឹងឈឹង លុះក្រោយមកក៏មានការផ្ញាក់ផ្អើលបន្ទាប់ពីឃើញបុរសពីរនាក់បានដេកស្លាប់នៅព្រៃក្បែរភូមិ ។
បន្ទាប់ពីប្រទះឃើញសាកសព កំលាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ដ បានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុដោយសាកសពជនរងគ្រោះត្រូវក្រុមជនដៃដល់ធ្វើសកម្មភាពវាយកាប់សម្លាប់យ៉ាងព្រៃផ្សៃមានស្នាមរបួសជាច្រើនកន្លែង ។ មន្ដ្រីប៉ូលិសការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់បានឱ្យដឹងថា ក្រោយពេលកើតហេតុកម្លាំងប៉ូលិសបានចុះទៅស្រាវជ្រាវនិងកំណត់មុខសញ្ញា លុះដល់ថ្ងៃទី៣ មីនាប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទូច សាមែន ដែលជាម្ចាស់ផ្ទះ និងជាជនដែលមានទំនាស់ជាមួយជនរងគ្រោះទាំងពីរនាក់កាលពីល្ងាចមុនពេលកើតហេតុ មកកាន់ការិយាល័យដើម្បីសាកសួរតាមជំនាញ។
នៅថ្ងៃទី៧ មីនា ជនសង្ស័យឈ្មោះទូច សាមែន អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្លុង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ដកំពង់ចាម បច្ចុប្បន្នមកធ្វើចំការនៅចំណុចខាងលើ ត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដែលធ្វើឡើងដោយលោកស្រីហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដ ពីបទជាប់សង្ស័យពាក់ព័ន្ធក្នុងអំពើមនុស្សឃាតគិតទុកជាមុន ៕
ចែករំលែកព័តមាននេះ