រាជធានីភ្នំពេញ ៖ យោងតាមពាក្យបណ្តឹងចំនួន៥ទំព័រ របស់លោកប៊ុន ថា ចាងហ្វាង ការផ្សាយរបស់កាសែតខ្មែរអមតៈ ដែលផ្ញើជូនលោកឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៥ មីនា ដែលកោះសន្តិភាពទទួលបានឲ្យដឹងថាលោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចថាបានពាក់ព័ន្ធនឹងឯកសារប័ណ្ណទទួលប្រាក់សែសិបលានយន់ចិន ស្មើនឹង៦លានដុល្លារអាមេរិកពីក្រុមហ៊ុន Speedy Best Technology។
ទោះបីយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ បានបដិសេធចំពោះការចោទប្រកាន់របស់លោកប៊ុនថា ដែលពាក់ពន្ធ័នឹងការចោទប្រកាន់នេះ ហើយលោកក៏បានប្តឹងពីបទផ្សាយព័ត៌មានមិនពិត និងក្លែងឯកសាររួចហើយដែរ។ លោកប៊ុន ថា បានសរសេរក្នុងបណ្តឹងនោះថា លោកញឹក ប៊ុនឆៃ បានប្រើប្រាស់តួនាទីជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចក្នុងការទទួលប្រាក់ទាំងនេះពីក្រុមហ៊ុន Speedy Best Technologyដែលអាចជាមូលដ្ឋានសំរាប់អង្គ ភាពប្រឆាំងអំពើពុករលួយតាមដានស៊ើបអង្គត ត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ព្រមទាំង ចាត់វិធានការនានាពាក់ពន្ធ័នឹងបទល្មើសពុក រលួយនៅតាមក្រសួងស្ថាប័នសាធាសរណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន។
គួរបញ្ជាក់ថា ការដាក់ពាក្យប្តឹងរបស់លោក ប៊ុនថា ទៅអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ ពីលោកញឹក ប៊ុនឆៃ បានដាក់ពាក្យប្តឹងលោកប៊ុនថា ពីបទផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារទៅសាលាដំបូងរាជធានីភ្នំពេញនៅពេលដែលកាសែតខ្មែរអមតៈបានចុះផ្សាយព័តមាននេះជាច្រើនលេខកន្លងមក ។ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកហ៊ឺង ប៊ុនជា កាលពីថ្ងៃទី១៣ មីនា ២០១១បានចេញដីកាកោះហៅលោកប៊ុនថា ឲ្យចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឆ្លើយដោះបន្ទុកតាមការចោទប្រកាន់របស់លោកញឹក ប៊ុនឆៃ ។
លោកប៊ុនថា និយាយថា លោកកំពុងតែពឹងពាក់រកមេធាវីការពារក្តីនៅក្នុងរឿងនេះ ។ នៅពេលនេះគាត់នៅមិនទាន់មានមេធាវីនៅឡើយទេ ។ ចំពោះករណីនេះ លោកនឹងឲ្យមេធាវីរបស់លោកចូលទៅបំភ្លឺនៅសាលាដំបូងតាមការ
កំណត់ ។ លោកប៊ុនថាបន្តថា លោកបានទទួលដីកាកោះពីព្រះរាជអាជ្ញាហ៊ឺង ប៊ុនជា កោះហៅរូបលោកឲ្យចូលទៅតុលាការនៅថ្ងៃទី១៨ មីនាឆ្នាំ២០១១ខាងមុខនេះ វេលាម៉ោង៨ព្រឹក ។
យោងតាមសេចក្តីបញ្ជាក់របស់នាយកក្រុមហ៊ុនកៅហួអ៊ីនដាស្រ្ទីអ៊ីនវេស៍មែន (Kahua Industry Investment Co.Ltd) ដែលកោះសន្តិភាពទទួលបានឲ្យដឹងថា ក្រុមហ៊ុនសូម បញ្ជាក់បំភ្លឺជុំវិញការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាននៅកម្ពុជាស្តីពីការផ្ទេរភាគហ៊ុនចំនួន៨០% ទៅក្រុមហ៊ុនស្ពីតឌីតិណូឡូជី (Speedy Best Techenology Limited Co,Ltd) ដែល មានតម្លៃ៥.៨៣៥.៦០០ដុល្លារអាមេរិកដូចតទៅ ៖
ទី១-ការផ្ទេរភាគហ៊ុន៨០%ដែលមានតម្លៃ៥.៨៣៥.៦០០ដុល្លារអាមេរិក គឺជាធុរកិច្ចរវាងក្រុមហ៊ុន និងក្រុមហ៊ុនតែប៉ុណ្ណោះ ដោយមានការចូលរួមធ្វើជាសាក្សីពីលោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចដូចដែលមានលិខិតលេខ១៣៨ហសបចុះថ្ងៃទី១២ សីហា ២០០៨ ស្រាប់។
ទី២-ក្រុមហ៊ុន Kahua Industry Investment Co.Ltd បានផ្តល់កម្ចីឥណទាន ចំនួន២.៥០០.០០០ដុល្លារអាមេរិកជូនលោកញ៉ឹក ប៊ុនឆៃ តាមរយៈកិច្ចព្រមព្រៀងចុះថ្ងៃទី១២សីហា ២០០៨ រវាងលោកញ៉ឹក ប៊ុនឆៃ និងលោកចាន បៃឈួន (Chan Bei Chuan) នាយកក្រុមហ៊ុននេះ។
ទី៣-ក្រុមហ៊ុន Kahua Industry Investment Co.,Ltd បានផ្ទេរប្រាក់ កម្ចីដែលបានព្រមព្រៀងនេះជូនលោកញ៉ឹក ប៊ុនឆៃ តាមរយៈគណនីរបស់ទីប្រឹក្សាគាត់ពីររូប គឺគណនីលោកហុង ឡុង នៃធនាគារ First Commercial Bank ចំនួន១.៥០០.០០០ ដុល្លារអាមេរិកនិងគណនីលោកអ៊ិត សារិ នៃ ធនាគារ First Commercial Bank ចំនួន ១.០០០.០០០ដុល្លារអាមេរិក ។
ទី៤-លោកញ៉ឹក ប៊ុនឆៃ បានទទួលប្រាក់សុទ្ធពីលោកហុងឡុងចំនួន១.០០០.០០០ដុល្លារអាមេរិក និងប្រាក់សុទ្ធពីលោកអ៊ិត សារិ ចំនួន៥០០.០០០ដុល្លារអាមេរិកសរុបទាំងអស់ចំនួន១៥.០០០.០០០ដុល្លារអាមេរិក ។
យោងតាមឯកសារនៃកិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខាដោយលោកញ៉ឹក ប៊ុនឆៃ ភាគី «ក» និងលោក Chan Bei Chuan ភាគី«ខ» ព្រមទាំងមានការចុះហត្ថលេខារបស់មេធាវីតំណាងបានឲ្យដឹងថា៖
ប្រកា១-ចំពោះថវិកាចំនួន៥.៨៣៥.៦០០ ដុល្លារអាមេរិកដែលក្រុមហ៊ុន Speedy Best Techenology Limited Co.,Ltd ត្រូវផ្ទេរ ឱ្យលោកញ៉ឹក ប៊ុនឆៃ តាមរយៈលិខិតលេខ១៣៨ហសបចុះថ្ងៃទី១២សីហា២០០៨ត្រូវបែងចែកដូចតទៅ ៖ ១-ថវិកាចំនួន៣.៣៣៥.៦០០ដុល្លារអាមេរិកត្រូវប្រគល់ឲ្យលោក Chan Bei Chuan នាយកក្រុមហ៊ុន Kahua Industry Investment Co.,Ltd ។ ២-ថវិកាចំនួន ២.៥០០.០០០ដុល្លារអាមេរិកទៀត ត្រូវ ប្រគល់ឱ្យលោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចជាប្រាក់កម្ចី។ប្រាក់កម្ចីនេះលោកញ៉ឹក ប៊ុនឆៃ ត្រូវសងវិញក្នុងប្រាក់ចំណេញ៥%ដែលក្រុមហ៊ុនទូរស័ព្ទ 3GKahua Industry Investment Co.,Ltd ត្រូវប្រគល់ឱ្យលោកញ៉ឹក ប៊ុនឆៃ ៕
ចែករំលែកព័តមាននេះ