ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ព្រោះតែ​ផលិតកម្ម​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ព្រោះតែ​កំណើន​ផលិត​កម្ម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​កំណើន​សកម្មភាព​បូម​ប្រេង​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ។ អ្នកវិភាគ​គិត​ថា កំណើន​ទិន្នផល​នៅ​អា​មេ​រិ​ក​ទូទាត់​ជាមួយនឹង​ការ​កាត់​បន្ថយ​ផលិតកម្ម​របស់​ប្រទេស​ជា​សមាជិក​អង្គការ​នាំ​ចេញ​ប្រេង (OPEC)…

ទីក្រុង​ញូ​វ​យ៉​ក ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ព្រោះតែ​កំណើន​ផលិត​កម្ម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​កំណើន​សកម្មភាព​បូម​ប្រេង​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ។

អ្នកវិភាគ​គិត​ថា កំណើន​ទិន្នផល​នៅ​អា​មេ​រិ​ក​ទូទាត់​ជាមួយនឹង​ការ​កាត់​បន្ថយ​ផលិតកម្ម​របស់​ប្រទេស​ជា​សមាជិក​អង្គការ​នាំ​ចេញ​ប្រេង (OPEC) ដែល​បាន​អនុម័ត​អស់​រយៈ​ពេល​​១៨​ខែ​មក​ហើយ និង​ជួយ​ជំរុញ​ដល់​តម្លៃ​ប្រេង​យ៉ាង​ខ្លាំង ។ តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ថាមពល Baker Hughes ថា ចំនួន​អណ្តូង​ប្រេងកាត​ថ្មី​ៗ​ដែល​កំពុង​បូម​នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​មួយទៀត​កាលពី​ស​ប្តា​ហ៍​មុន មក​ស្មើនឹង​៨៦២​អណ្តូង​។ នេះ​ជា​ចំនួន​ខ្ពស់​ជាងគេ​តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក មាន​ន័យ​ថា ទិន្នផល​ប្រេង​អា​មេ​រិ​ក​ដែល​ស្មើនឹង​១០,៨​លាន​ធុង​ក្នុង​១​ថ្ងៃ នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត ។

សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​រុ​ស្ស៊ី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ដែរ​ថា ទិន្នផល​ប្រេង​របស់​រុ​ស្ស៊ី​បាន​កើនឡើង​មក​ស្មើនឹង​១១,១​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពីដើម​ខែមិថុនា ច្រើន​ជាង​ចំនួន​១១​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពី​ខែឧសភា ។ ប៉ុន្តែ​ទីផ្សារ​ព្រួយបារម្ភ​ពី​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា និង​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​របស់​ប្រទេស​អ៊ីរ៉​ង់​ផង​ដែរ ។ ផលិតកម្ម​នៅ​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​កំពុង​តែ​ធ្លាក់​ចុះ ដោយសារ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច វិបត្តិ​សេដ្ឋកិច្ច និង​ការ​គ្រប់គ្រង​មិន​បាន​ដិត​ដល់ ខណៈ​ប្រទេស​អ៊ីរ៉​ង់ ជួប​ប្រទះ​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អា​មេ​រិ​ក ដោយសារ​កម្មវិធី​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​របស់​​ប្រទេស​នេះ ។

ធនាគារ JPMorgan នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ដែរ​ថា ៖« ការ​ផ្គត់ផ្គង់​ប្រេង​ពី​ប្រទេស​​មិនមែន​ជា​សមាជិក OPEC នឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០១៩ ដែល​នាំមុខ​ដោយ​កំណើន​ប្រេង​ថ្ម​របស់​អា​មេ​រិ​ក រួម​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា រុ​ស្ស៊ី ប្រេ​ស៊ី​ល កា​ណា​ដា និង​កា​ហ្សា​ក់​ស្ថាន ជាដើម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ