ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្វែង​យល់​តំបន់ឧស្សាហកម្ម​-​សេដ្ឋកិច្ច​ពិសេសដើម្បី​ជំរុញ​អភិវឌ្ឍន៍ប្រទេស​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ចិន​មួយ​ក្រុម​បាន​មក​ទស្សនៈកិច្ច​កម្ពុជា​ធ្វើការ​ស្វែង​យល់​អំពី​តំបន់ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ​តំបន់​ទាំងនេះ​ក្នុង​អភិវឌ្ឍ​ន៍ប្រទេស​កម្ពុជា ។ ក្នុង​ជំនួប​គួរសម​ជាមួយ​លោក​ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធ​កាលពី​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ចិន​មួយ​ក្រុម​បាន​មក​ទស្សនៈកិច្ច​កម្ពុជា​ធ្វើការ​ស្វែង​យល់​អំពី​តំបន់ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ​តំបន់​ទាំងនេះ​ក្នុង​អភិវឌ្ឍ​ន៍ប្រទេស​កម្ពុជា ។ ក្នុង​ជំនួប​គួរសម​ជាមួយ​លោក​ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធ​កាលពី​ថ្ងៃ​ទី​១១ មិថុនា​នេះ នៅ​វិមាន​ព្រឹទ្ធសភា​លោក Shang Fulin សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​សេដ្ឋកិច្ច នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​បាន​លើក​ឡើង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នេះ គឺ​ដើម្បី​សិក្សា និង​ស្វែង​យល់​អំពី​តំបន់ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ​តំបន់​ទាំងនេះ​ក្នុង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​តាំងពីរ​យូរលង់​ណាស់​មក​ហើយ ។ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​កាន់តែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​រក្សា​បាន​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផ្នែក​សេដ្ឋកិច្ច​នេះ ។ ជាមួយ​គ្នា​នេះ​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​បាន​ជម្រាប​អំពី​ការ​កកើត និង​ការ​រៀបចំ​ប្រព្រឹត្ត​ទៅ​នៃ​សភា​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ។

លោក​ទេព ង​ន បាន​លើក​ឡើង​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​បាន​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​បន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព​សាមគ្គី​-​ភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។ ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​នេះ​បាន​កសាង​ឡើង​មាន រយៈពេល​៦០​ឆ្នាំ ដោយ​ករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» ជាមួយ​លោក​ប្រធាន​ម៉ៅ សេង​ទុង និង​លោកនាយក​រដ្ឋមន្ត្រី​ជូន​អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ។ លោក​អនុប្រធាន​ទី​២ ព្រឹទ្ធសភា​បាន​បន្ត​ថា សម្រាប់​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​លើក​ទី​៦០(១៩៥៨-២០១៨) ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះ រាជាណាចក្រ​កម្ពុជា​ជាមួយនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ បច្ចុប្បន្ន​នេះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

ក្នុង​នាម​ប្រជាជន​កម្ពុជា​លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​វិភាគទាន​ដ៏​ធំធេង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ក្នុង​ការ​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ ជំនួយ​រដ្ឋាភិបាល​ចិន​ការ​ចូលរួម​ចំណែក​របស់​វិស័យ​ឯកជន​ចិន និង​អ្នកទេសចរ​ចិន​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បាន​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​លំដាប់ ។ បើ​គ្មាន​ការ​គាំទ្រ​ដោយ​សប្បុរស និង​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ប្រទេស​ចិន​ទេ​នោះ​កិច្ច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ក៏​មិន​ជោគជ័យ​ដូច​ថ្ងៃនេះ​ដែរ ហេតុនេះ​ការ​រីក​ចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ឡើយ ។
លោក​ទេព ង​ន បាន​គូស​បាន​បញ្ជាក់​ថា «​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់​ទុក​ប្រទេស​ចិន និង​ប្រជាជន​ចិន​ជា​អ្នក​ជិតខាង​ល្អ មិត្តភក្តិ​ល្អ បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ ។ កម្ពុជា​បច្ចុប្បន្ន និង​អនាគត​គាំទ្រ​ឥត​ងាករេ​នូវ​គោលនយោបាយ​ចិន​តែ​មួយ​» ។

លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សភា​ប្រឹក្សា​ន​យោ​បា យ​ប្រជាជន​ចិន និង​ព្រឹទ្ធសភា​កម្ពុជា​ដោយ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ឆ្នាំ ។ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​បាន​សម្រេច​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ខែតុលា ឆ្នាំ​២០១៨​នេះ ។

ជាមួយ​គ្នា​នេះ​លោក​អនុប្រធាន​ទី​២ ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជំនួយ​ចាំបាច់​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់​ដល់​ព្រឹទ្ធសភា​ចាប់តាំងពី​នីតិកាល​ទី​១ រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​មាន​ទឹកប្រាក់​សរុប​ជាង​១៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ ព្រឹទ្ធសភា​បាន​ប្រើប្រាស់​ជំនួយ​របស់​មិត្ត​ចិន​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​ពិតប្រាកដ ។ សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​បន្ត​រីក​ចម្រើន​រឹង​មាំ​ក្នុង​អត្រាកំណើន​៧% ។ កំរិតជីវភាព​របស់​ប្រជាជន​កាន់តែ​ល្អ​ប្រសើរ​ដែល​ឆ្លុះ​បញ្ចាំង​តាម​សូចនាករ​សង្គម ក្នុង​មនុស្ស​ម្នាក់​ទទួល​បានជា​មធ្យម​១,០៤២ ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣ នឹង​កើន​ដល់​ប្រមាណ​១,៤៣៥ ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ ។

លោក​ក៏​បាន​កើ​ក​ឡើង​ថា នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​សង្ឃឹមថា សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ប​ញ្ចូ​ន​អ្នក​សង្កេតការណ៍​មក​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។ តាម​រយៈ​គណៈប្រតិភូ​លោក​ទេព ង​ន​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន​ជួយ​ជំរុញ​អ្នក​វិនិយោគ និង​អ្នកទេសចរ​ចិន​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ