ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​សម្រេច​ទំហំ​ពាណិជ្ជកម្មជាមួយ​ភាគី​ថៃ​នៅ​ឆ្នាំ២០២០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ នៅ​ឆ្នាំ​២០២០​ខាង​មុខ ក្នុង​ទំហំ​ទឹកប្រាក់​១៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​២០១៥ ។ ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ នៅ​ឆ្នាំ​២០២០​ខាង​មុខ ក្នុង​ទំហំ​ទឹកប្រាក់​១៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​២០១៥ ។ ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ លោក ប៉ាន សូរ​ស័ក្តិ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ នឹង​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​១៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២០ តាម​ផែនការ​ដែល​បាន​គ្រោងទុក ខណៈ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​រួច​ហើយ​ក្នុង​ទំហំ​ជាង​៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​កត្តា​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ពីរ សម្រេច​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោង ទុក ក្នុង​នោះ​មាន​ដូច​ជា កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បើក​ច្រកព្រំដែន​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ ដូច​ជា ច្រកព្រំដែន​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង និង​ច្រក​បាន​ខៅ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ ជាដើម ។  លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​បើក​ច្រកព្រំដែន​ថ្មី​ៗ​រវាង​ប្រទេស​ទាំង​ពីរ​នេះ វា​មិន​ត្រឹមតែ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ពីរ​នោះ​ទេ ក៏​ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​កម្ពុជា និង​ថៃ អាច​ចេញចូល​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ល្បី​ៗ​នៅ​កម្ពុជា និង​ថៃ​បាន​ផង​ដែរ » ។

ទន្ទឹម​នឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ទាំង​នយោបាយ សេដ្ឋកិច្ច និង​សង្គម លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ក៏​បាន​សំណូមពរ​ដល់​ភាគី​ថៃ ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ករណី​ប្រើប្រាស់​និមិត្តសញ្ញា​ជាតិ​របស់​កម្ពុជា គឺ​ប្រាសាទអង្គរវត្ត​នៅ​លើ​បាវ​អង្ករ​របស់​ថៃ​ផង​ដែរ ដែល​កំពុង​ធ្វើ​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​នៃ​ប្រទេស​កា​ណា​ដា ។ ជា​ការ​ឆ្លើយ​តប​នឹង​ការ​សំណូមពរ​នេះ លោក ប៉ាន់​យ៉ា​រ៉ា​ក់ ពល​ទ័ព (Panyarak Pool thup) ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ក្នុង​ការ​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ តាម​រយៈ​កិច្ចសហការ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កា​ណា​ដា ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ទំនិញ​អង្ករ​ថៃ​ដាក់​ស្លាក​អង្គរវត្ត មាន​វត្តមាន​តទៅ​ទៀត​នៅ​តាម​ទីផ្សារ​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ។

លោក​បាន​ថ្លែងអំណរគុណ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែល​កន្លង​មក បាន​ជួយ​សម្របសម្រួល​ពាណិជ្ជករ​ថៃ ក្នុង​ការ​ធ្វើ​ធុរកិច្ច និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។
ពាក់ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ ភាគី​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ភាគី​ថៃ​នឹង​ប្រឹងប្រែង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ថៃ​បន្ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ទំនិញ​ថៃ​នៅ​កម្ពុជា​។ ក្រៅពី​នោះ ភាគី​ថៃ​នឹង​អញ្ជើញ​អាជីវករ និង​ពាណិជ្ជករ​កម្ពុជា​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ដើម្បី​ចាប់ដៃ​បង្កើន​ធុរកិច្ច​រវាង​គ្នា​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ចុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា និង​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម លើក​ទី​៦ (6th JTC) នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ផ្សេង​ៗ សំដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​១៥​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។ ក្នុង​នោះ ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​ពង្រឹង​ការ​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​បើក​ច្រកព្រំដែន​ថ្មី​ៗ​បន្ថែម និង​ការ​រៀបចំ​ឲ្យ​មាន​វេទិកា​ធុរកិច្ច និង​វិនិយោគ​កាន់តែ​ច្រើន ។
ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ គិត​ជា​ទឹកប្រាក់​ស្មើ​២.១៣៣​លាន​ដុល្លារ កើនឡើង​ជាង​២៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ