ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់​ថ្មី​ទៀត​នៅ​ស្រុក​សំឡូត​ ឪពុក​របួស​ធ្ងន់​ កូន​ប្រុស​២​នាក់​របួស​ស្រាល

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​អាយុ​៥៥​ឆ្នាំ​​ម្នាក់​រង​របួស​ធ្ងន់​ និង​កូន​ប្រុស​២​នាក់​រង​របួស​ស្រាល​ ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​ B40 មួយ​គ្រាប់​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៨ មីនា ក្នុង​ពេល​​កាប់​ដី​ដាំ​ដំណាំ​ក្នុង​ចំការ​ស្ថិតនៅ​ភូមិ​អូរ​តា​កឹង​លើ ឃុំ​សំឡូត ស្រុក​សំឡូត។ នេះ​មិន​​មែន​ជា​ករណី​ផ្ទុះ​គ្រាប់​លើក​ទី​១​ទេ សំរាប់​តំបន់​ដែល​ជា​អតីត​សមរ​ភូមិ​ក្នុង​ទស​វត្ស​ទី​៨០ ។

លោក​ស សា​វឿន នាយ​នគរ​បាល​ប៉ុស្តិ៍​សំឡូត​​ប្រាប់​កោះ​សន្តិ​ភាព​ក្រោយ​ពេល​កើត​ហេតុ​បន្តិច​ថា ការ​ផ្ទុះ​គ្រាប់​ដែល​សេស​សល់​ពី សម័យ​សង្គ្រាម​នេះ​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ឪពុក និង​​កូន​រង​របួស​​។ បុរស​ជា​ឪពុក​ឈ្មោះ​ ជា សាន់​ អាយុ​៥៥​ឆ្នាំ​ របួស​ធ្ងន់​ និង​កូន​ប្រុស​របស់​គាត់​២​នាក់​ ឈ្មោះ​ស៊ឹម វិត អាយុ​១៥​ឆ្នាំ និង​ឈ្មោះ​ស៊ឹម ណុល អាយុ​១៧​ឆ្នាំ របួស​ស្រាល​។

បើ​តាម​ការ​បំភ្លឺ​ពី​កូន​ប្រុស​ដែល​ស្រង់​សំដី​ដោយ​សមត្ថ​កិច្ច​ថា ឪពុករបស់​គេ​បាន​កាប់​ដី​ដាំ​ពោត​ និង​ដំឡូង​ ហើយ​ប៉ះ​ចំគ្រាប់​​B៤០ដែល​​កប់​ក្នុង​ដី ។ គ្រាប់​នោះ​ផ្ទុះ ខណៈ​​ពួកគេ​ទាំង​២​នាក់​​ជា​កូន​កំពុង​ដាំ​ពោត​នៅ​ក្បែរឪពុក​​។ ​ឪពុក​របស់​គេ​រង​របួស​ដាច់​ម្រាម​ដៃ​ និង​របួស​ត្រង់​ពោះ​ រីឯ​ពួកគេ​ជាកូន​​គ្រាន់​តែ​របួស​តិច​តួច​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៦ មីនា មាន​ការ​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​​ត្បាល់​ធុន​៨០​មិល្លី​ម៉ែត្រ​​ម្តង​មក​ហើយ​នៅ​ភូមិ​វាល​រលឹម​ ឃុំ​តា​តោក ស្រុក​សំឡូត​ដដែល​។ ការ​ផ្ទុះ​នោះ​បណ្តាល​ឱ្យ​កសិករ​ឈ្មោះ​អោម គឹម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ដោយ​សារ​តែ​គាត់​កាប់​ព្រៃ​ចំការ​ប៉ះ​ចំ​គ្រាប់​ដែល​គេ​កែ​ច្នៃ​សំរាប់​ធ្វើ​សង្គ្រាម​ក្នុង​ទសវត្ស​ឆ្នាំ​៨០​ ​។

អាជ្ញា​ធរ​ស្រុក​សំឡូត​ធ្លាប់​បាន​ប្រាប់ភ្នាក់​ងារ​​កោះ​​សន្តិ​ភាព​ថា ​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ភាគ​ច្រើន​ក្នុង​ស្រុក​សំឡូត​​នៅ​តែ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សេស​សល់​ពី​សម័យ​សង្គ្រាម​ ហើយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត​សំរាប់​ប្រជា​កសិ​ករ​ ប៉ុន្តែ​កន្លែង​ខ្លះ​បាន​បោស​សំអាត​ដោយ​ក្រុម​កំចាត់​មីន​រួច​ហើយ​ ៕