ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ស្រវឹងស្រា​ចូល​ម៉ាស្សា ប្រពន្ធ​ចោទ​ថា​សហាយស្មន់​ជាមួយ​ម្ចាស់​ហាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដើរ​លេង​ផឹកស៊ី​យប់​រហូត​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​នៅ​មិន​ព្រម ត្រលប់​ទៅ​ផ្ទះ​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្លួន​គក់​ច្របាច់ ឬ​កោសខ្យល់​ឲ្យ​ទេ​។ ផ្ទុយ​ទៅ​វិញ​បែរជា​ចូល​ទៅ ហាង​ម៉ាស្សា កោស​ជប់ មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដើរ​លេង​ផឹកស៊ី​យប់​រហូត​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​នៅ​មិន​ព្រម ត្រលប់​ទៅ​ផ្ទះ​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្លួន​គក់​ច្របាច់ ឬ​កោសខ្យល់​ឲ្យ​ទេ​។ ផ្ទុយ​ទៅ​វិញ​បែរជា​ចូល​ទៅ ហាង​ម៉ាស្សា កោស​ជប់ មួយ​កន្លែង ហើយ​ឲ្យ​ម្ចាស់​ហាង ម៉ាស្សា និង​កោសខ្យល់​ឲ្យ​ទៅ​វិញ​។ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​នេះ​ដែល​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ​ប្លាយ​ទៅ​ហើយ​នោះ បានដឹង​ថា​ប្ដី​ចូល​ទៅ​ក្នុង​ហាង​ម៉ាស្សា​បែប​នេះ កើតការ​ប្រចណ្ឌ និង​ក្ដៅចិត្ត​ស្អិត​ទ្រូង​យ៉ាង​ខ្លាំង ក៏​បាន​នាំ​កូន​២​នាក់ រួម​ជាមួយ​បុរស​ម្នាក់​ទៀត លើកគ្នា​សម្រុកចូល​ទៅ​វាយ​ស្ត្រី​ម្ចាស់​ហាង បណ្ដាល​ឲ្យ​រង​របួស​ជាំមុខ​ជាំភ្នែក ដោយ​ចោទប្រកាន់​ថា ស្ត្រី​រូប​នេះ​ជាស​ហា​ស្មន់​របស់​ប្តី​ខ្លួន​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី ទៀប​ភ្លឺ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ហាង​ម៉ាស្សា កោស​ជប់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្ន​ពេញ​។

ស្ត្រី​រង​គ្រោះ​ដែល​ជា​ម្ចាស់​ហាង​ម៉ាស្សា កោស​ជប់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ នាង​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ រង​របួស​ជាំភ្នែក និង​មុខ​ខាងស្តាំ​។ នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​៣ ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​រក​យុត្តិធម៌ កាលពី​វេលា​ល្ងាច ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​ក៏​ទទួល​បាន​សំណង​ចំនួន​៨០០​ដុល្លារ ពី​ខាង​ភាគី​បង្ក​ផង​ដែរ​។ ចំណែក​ស្ត្រី​ដៃដល់​រួម​ជាមួយ​ប្ដី​ដែល​ចូល​ទៅ​ម៉ាស្សា​កោស​ជប់ និង​កូន​ៗ​ព្រមទាំង​បក្ខពួក​ក៏​មិន​ត្រូវ​បង្ហាញ​ពី​អត្តសញ្ញាណ​ដែរ ប៉ុន្តែ​គឺជា​អ្នក​រស់នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ម្ចាស់​ហាង​ម៉ាស្សា កោស​ជប់ ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​បុរស​ស្រវឹងស្រា​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ហាង​របស់​នាង ខណៈនោះ​នាង​បាន​បិទទ្វារ​ដរ​ក​ទៅ​ហើយ​។

បុរស​នោះ​បាន​ស្រែកហៅ​ដាស់​ឲ្យ​នាង​បើកទ្វារ ម៉ាស្សា កោស​ជប់​ឲ្យ ពេល​នោះ​នាង​មានការ​រារែក​ចិត្ត​មិន​ចង់​បើកទ្វារ​ទេ ប៉ុន្តែ​នឹកឃើញ​ថា​មុខរបរ​តែ​ប៉ុណ្ណឹង​ហើយ ក៏​ទ្រាំ​បើកទ្វារ​ម៉ាស្សា​កោសខ្យល់​ឲ្យ​បុរស​នោះ និង​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​១​ម៉ឺន​រៀល​។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ក្នុង​ពេល​កំពុង​ម៉ាស្សា​ស្រាប់តែ​ប្រពន្ធ​រួម​ទាំង​កូន​របស់​បុរស​នោះ​ព្រមទាំង​បុរស​ម្នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​គោះ​ទ្វារ​ហៅ ហើយ​ពេល​នាង​បើកទ្វារ ក៏​ត្រូវ​ស្ត្រី​នោះ​រួម​ទាំង​កូន​ៗ របស់​គាត់​បាន​ព្រួត​គ្នា​វាយ​នាង​ឥត​ប្រណី​បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង​។ ដោយ​បាន​ចោទប្រកាន់​ថា នាង​ជា​សហាយស្មន់​ជាមួយ​ប្ដី​គាត់ ទោះ​មើលឃើញ​ច្បាស់​នឹង​ភ្នែក​នូវ​ស្លាក​យីហោ​ម៉ាស្សា​កោស​ជប់ ហើយ​ក៏​ដោយ បន្ទាប់​មក​ស្ត្រី​ដៃដល់​ក៏​បាន​នាំ​ប្ដី​រួម​ទាំង​កូន និង​បក្ខពួក​ចាកចេញ​ទៅ​បាត់​អស់​។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​ប្ដឹង​ភ្លាម​ៗ​ទេ គឺ​រហូត​ដល់​វេលា​ល្ងាច ថ្ងៃ​ទី​១២ ខែមិថុនា ទើប​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​៣ ហើយ​នគរបាល​ប៉ុស្តិ៍​បាន​ហៅ ខាង​ភាគី​ជន​ដៃដល់​ទៅ​ជួប​ដោះស្រាយ​គ្នា ប៉ុន្តែ​មិន​បានឃើញ​បុរស​ជា​ប្ដី​ទៅ​ឡើយ​។ ខណៈនោះ​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ពាន់​ដុល្លារ ហើយ​ក៏​មានការ​ចរចា​គ្នា ហើយ​ស្ត្រី​បង្ក​នៅ​តែ​ចោទប្រកាន់​នាង​ម៉ាស្សា​នោះ​ថា​ជា​សហាយស្មន់​របស់​ប្ដី​ខ្លួន​ដដែល ប៉ុន្តែ​ទីបំផុត​ក៏​សុខចិត្ត​សង​ទៅ​ខាង​ជន​រង​គ្រោះ​ចំនួន​៨០០​ដុល្លារ​ជា​ការ​បញ្ចប់រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ