ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ និង​មន្ត្រី​២​ស្ថាប័ន​អះអាង​ខុស​គ្នា រឿង​ការ​នាំ​ចូល​ជ្រូក​ពី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជ្រូក​នាំ​ចូល​ពី​ថៃ​ហូរហែ​តាម​ច្រក​តំបន់​បឹង​ត្រកួន ខណៈ​ឈ្មួញ​និយាយ​ផ្សេង ចំណែក​មន្ត្រី​២​ស្ថាប័ន​ទៀត​ឆ្លើយ​ខុស​គ្នា​ធ្វើ​ឲ្យ​មាន​មន្ទិល​។ រថយន្ត​ថៃ​បាន​ដឹក​ជ្រូក​ចូល​មក​កម្ពុជា​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ទីតាំង​មួយ​ក្បែរ​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ នៅ​ទីតាំង​លើកដាក់​ជ្រូក ស្ត្រី​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ជ្រូក​នាំ​ចូល​ពី​ថៃ​ហូរហែ​តាម​ច្រក​តំបន់​បឹង​ត្រកួន ខណៈ​ឈ្មួញ​និយាយ​ផ្សេង ចំណែក​មន្ត្រី​២​ស្ថាប័ន​ទៀត​ឆ្លើយ​ខុស​គ្នា​ធ្វើ​ឲ្យ​មាន​មន្ទិល​។ រថយន្ត​ថៃ​បាន​ដឹក​ជ្រូក​ចូល​មក​កម្ពុជា​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ទីតាំង​មួយ​ក្បែរ​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ នៅ​ទីតាំង​លើកដាក់​ជ្រូក ស្ត្រី​ឈ្មោះ សុខ លាង វ័យ​ជាង​៣០​ឆ្នាំ បាន​អះអាង​ថា ជា​តំណាង​ក្រុមហ៊ុន អង្គរ​សុខ​សា​រឹទ្ធ នាំ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង​បាន​អះអាង​ថា ក្រុមហ៊ុន​គាត់​នាំ​ចូល​ជ្រូក​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៨ នេះ​មាន​ចំនួន​២៥០​ក្បាល និង​នាំ​យក​ទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ។ អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ​ជ្រូក​លើ​រថយន្ត​ទាំង​៤​គ្រឿង​ត្រូវ​គេ​សង្ស័យ​ថា​អាច​លើស​ពី​២៥០​ក្បាល​។ ជួប​តាម​ទូរស័ព្ទ​លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បុ​សុ​ព្យាបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ជ្រូក​នាំ​ចូល​ពី​ថៃ​បច្ចុប្បន្ន​មាន​៣​ក្រុមហ៊ុន មួយ​ក្រុមហ៊ុន​ជា​ជ្រូក​ពូជ​ទិញ​យក​ទៅ​ចែកចាយ​ចិញ្ចឹម​តាម​បណ្តា​ខេត្ត​គឺ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដោយ​ក្រុមហ៊ុន​ស៊ី​ភី​(CP )​។

លោក ហ៊ុយ ទូច បន្ត​ថា ជ្រូក​កាប់​សាច់​នាំ​ចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន​មាន​២​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន អង្គរ​សុខ​សា​រឹទ្ធ និង​ក្រុមហ៊ុន ប៊ុត​ច​ន្ធូ​។ លោក​បន្ត​ថា ក្រុមហ៊ុន​ទាំង​២​ខាងលើ​មានច្បាប់​ត្រឹមត្រូវ ហើយ​១​ក្រុមហ៊ុន​ៗ​នាំ​ចូល​ជ្រូក​១៥០​ទៅ​២០០​ក្បាល ឬ​អាច​លើស​តាម​តម្រូវការ​ទីផ្សារ​ក្នុង​ការ​នាំ​ចូល​ទៅ​ចែកចាយ​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ដោយឡែក​ច្រក​តំបន់​ម៉ា​ឡៃ មន្ត្រី​ខាងលើ​បញ្ជាក់​ថា ពុំ​មានការ​នាំ​ចូល​ជ្រូក​នោះ​ទេ​។ ករណី​ខាងលើ​លោក ញឹក ប៊ុ​ន​លេខ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន​ប្រាប់​តាម​ទូរស័ព្ទ​ផ្ទុយ​ពី​លោក​ហ៊ុយ ទូច ដោយ​និយាយ​ថា ជ្រូក​នាំ​ពី​ប្រទេស​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន​មាន​តែ​១​ក្រុមហ៊ុន​ទេ គឺ​ក្រុមហ៊ុន​អង្គរ​សុខ​សា​រឹទ្ធ ហើយ​ថា​ជ្រូក​នាំ​ចូល​ពី​ថៃ​នៅ​ថ្ងៃនេះ​មាន​ចំនួន​៣០០​ក្បាល ។

នៅ​ពេល​ដែល​ភ្នាក់ងារ កោះសន្តិភាព លើក​ជា​សំណួរ​យោង​ប្រភព​ដែល​ថា ជ្រូក​នាំ​ចូល​ពី​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន​ថ្ងៃនេះ​មាន​ជាង​៧០០​ក្បាល បែរជា​ស្ត្រី​ខាងលើ​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ថា តាម​ពិត​ជ្រូក​ដឹក​ចូល​ពី​ថៃ​នេះ​១​រថយន្ត​តែ​១០០​ក្បាល​ទៅ​វិញ ហើយ​ថា ជ្រូក​ទាំង​៤​រថយន្ត​ខាងលើ​មិនមែន​ជា​ជ្រូក​ក្រុមហ៊ុន​គាត់​តែ​មួយ​ទេ គឺ​ជ្រូក​មួយ​ចំនួន​ជា​របស់​ក្រុមហ៊ុន​ផ្សេង ប៉ុន្តែ​គេ​ទៅ​សាង ឬ​លើកដាក់​ជាមួយ​គ្នា​លើ​ទីតាំង​តែ​មួយ​៕
https://youtu.be/dwZ0lphUBwI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ