ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៃសណីយ៍​កម្ពុជា​ចំណាយ​ប្រាក់​2​លាន​ដុល្លារ​បង្កើត​សេវា posTTransfer

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទ្រទ្រង់​ដល់​សេវាកម្ម​ផ្សេង​ៗ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល លឿន​រហ័ស និង​ចំណេញ​ពេលវេលា ប្រៃសណីយ៍​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​២​លាន​ដុល្លារ អភិវឌ្ឍន៍​នូវ​សេវា​ផ្ទេរ​ប្រាក់ posTTransfer ខណៈ​អតិថិជន​បាន​ដោ​ន​ឡូត App…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទ្រទ្រង់​ដល់​សេវាកម្ម​ផ្សេង​ៗ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល លឿន​រហ័ស និង​ចំណេញ​ពេលវេលា ប្រៃសណីយ៍​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​២​លាន​ដុល្លារ អភិវឌ្ឍន៍​នូវ​សេវា​ផ្ទេរ​ប្រាក់ posTTransfer ខណៈ​អតិថិជន​បាន​ដោ​ន​ឡូត App ជាង​២​ម៉ឺន​នាក់ និង​ភ្នាក់ងារ​បម្រើសេវា​មាន​ប្រហែល​១០០​កន្លែង ។ នេះ​បើ​យោង​តាម​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​នូវ posTTransfer កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ លោក អោ​ក បូ​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖« ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អតិថិជន និង​ដើម្បី​ទ្រទ្រង់​ដល់​សេវាកម្ម​ផ្សេង​ៗ ប្រៃសណីយ៍​កម្ពុជា​បាន​ចំណាយ​ពេលវេលា​៦​ខែ និង​ប្រាក់​ប្រមាណ​២​លាន​ដុល្លារ​បង្កើត​នូវ posTTransfer នេះ​ឡើង​សម្រាប់​ធ្វើការ​ទូទាត់ ដូច​ជា ការ​ទិញ​ទំនិញ​នៅ​លើ​អន​ឡាញ ការ​បង់ថ្លៃ​សាលា​ឲ្យ​កូន​រៀន បង់ថ្លៃ​ទឹក​-​ភ្លើង និង​ពន្ធដារ​ផ្សេង​ៗ​នា​ពេល​បច្ចុប្បន្ន និង​អនាគត » ។

លោក​អគ្គនាយក​បន្ត​ថា ៖« ប្រៃសណីយ៍​កម្ពុជា​បង្កើត និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រៃសណីយ៍ ឈ្មោះ​ថា posTTransfer ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​សេវា​ផ្ញើ​លុយ​ក្នុងស្រុក និង​ក្រៅប្រទេស ព្រមទាំង​ការ​ទូទាត់​ផ្សេង​ៗ ។ posTTransfer នេះ បង្ក​លក្ខណសម្បត្តិ​ឱ្យ​ប្រៃសណីយ៍​បាន​ពង្រីក​សក្តានុពល​នៅ​ក្នុង​ប្រទេស ក្នុង​ការ​ពង្រីក​ភ្នាក់ងារ​ផ្ទេរ​ប្រាក់ អ្នក​ប្រើប្រាស់​សេវា​ដោយ​ផ្ទាល់ ហើយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឯកសារ​ជា​តម្រូវការ​បញ្ជាក់​អត្តសញ្ញាណ គឺ​បញ្ជាក់​តែ​ម្តង​នៅ​ពេល​ចុះ​ឈ្មោះ ហើយ​ប្រើ​បាន​រហូត » ។ លោក​បញ្ជាក់​ថា ៖« posTTransfer នេះ ជា​សេវា​ថ្មី​បំផុត ដែល​បាន​អភិវឌ្ឍន៍​កែ​លម្អ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ដោយ​សហភាព​ប្រៃសណីយ៍​សកល UPU បាន​បង្កើត​ឡើង​ទៅ​ជា App សម្រាប់​ប្រើ​បាន​នៅ​គ្រប់​ទម្រង់​នៃ​ទូរស័ព្ទ​វៃឆ្លាត និង​កុំព្យូទ័រ ដែល​បាន​ចុះបញ្ជី​ដោយ UPU នៅ​ឆ្នាំ​២០១៧ ។ ក្នុង​នោះ ប្រៃសណីយ៍​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ហើយ​លើ​ការ​ប្រើប្រាស់​និមិត្តសញ្ញា PosTTransfer Trademark ជា​អន្តរជាតិ​សម្រាប់​វិស័យ​ប្រៃសណីយ៍ ។ លើស​ពី​នេះ នៅ​ចុងឆ្នាំ​២០១៨​នេះ ប្រៃសណីយ៍​កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​ពហុភាគី ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​ប្រព័ន្ធ PosTTransfer ផង​ដែរ » ។

លោក រ៉ា​ក់ ខាន់ រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ សហភាព​ប្រៃសណីយ៍​សកល UPU បាន​ដាក់​សេវា​ហិរញ្ញវត្ថុ​ប្រៃសណីយ៍ ជា​អាទិភាព​ចម្បង ដែល​នឹង​ចូលរួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​សហប្រជាជាតិ​នា​ឆ្នាំ​២០៣០ ហើយ​ក៏​ជា​កាតព្វកិច្ច​សេវា​ប្រៃសណីយ៍​សកល ដែល​នឹង​ជួយ​ផ្តល់​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ដល់​កម្មករ​ចំណាកស្រុក ជនអន្តោប្រវេសន៍ និង​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​នៅ​ក្នុង​សម័យកាល​សកលភាវូបនីយកម្ម​នេះ ។ លោក​លើក​ឡើង​ថា ៖« ក្នុង​ឆ្នាំ​២០១៧​នេះ អតិថិជន​៨៤%​បាន​និយាយ​ថា ពួក​គេ​យល់​ដឹង​អំពី Fintech កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១៥ ដែល​មាន​ត្រឹមតែ​៦២% ។

ប្រជាពលរដ្ឋ​បាន​ស្វែងរក​វិធី​ផ្សេង​ៗ​ទូទាត់​ការ​សន្សំ​ការ​វិនិយោគ និង​ការ​ខ្ចីបុល ដោយ​ពួក​គាត់​ធ្វើ​សេវាកម្ម​ទាំងនោះ​តាម​រយៈ​ទូរស័ព្ទ​វៃឆ្លាត​របស់​គាត់​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង មិន​ថា​អាជីវកម្ម​ទើប​ចាប់ផ្តើម ឬ​អាជីវកម្ម​ដែល​បាន​បង្កើត​រួច​ហើយ គឺ​ស្ទើរ​ទាំងអស់​សុទ្ធតែ​កំពុង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ​ហៅ​ថា Fintech ផ្ទាល់ខ្លួន​របស់​គេ​ដូច​ជា Mobile payment និង Online investments ជាដើម ដែល​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ងាយស្រួល និង​ទំនើប​កម្ម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ