ពលរដ្ឋ​រស់នៅលើ​ដី​ផ្នូរ​សព… មានឱកាសចាក​ចេញ​


រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា តាម​រយៈ​អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ដីឡូត៍ និង​ផ្ទះថ្ម​មួយ​ល្វែង​នៅ​ក្នុង​សហ​គមន៍​អណ្តូង ទុក​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លាយឡំ​ជាមួយនឹង​ផ្នូរ​សព ស្ថិត​ក្នុង​សហគមន៍​ស្មសាន ភូមិ​ដើម ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ព្រមទាំង​ជួយ​ដឹក​ជញ្ជូន​ទៀត​ផង​ដែរ ប្រសិនបើ​ពួក​គាត់​យល់ ព្រម​ចាកចេញ ។ កាលពី​ថ្ងៃអាទិត្យ​ទី​១០ ខែមិថុនា លោកឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ពាក់​ព​័ន​្ធ​​ក្រោម​​ឱវាទបាន​ទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ផ្នូរ​សព​ស្ថិត​ក្នុង​សហគមន៍​ខាងលើ​ចំនួន​១១២​គ្រួសារ គិត​ជា​មនុស្ស​រាយ​ចំនួន​៤៦៨​នាក់ ស្មើនឹង​៩០​ខ្នង​ផ្ទះ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ដោយសារ​មើលឃើញ​ពី​ការ​លំបាករ​បស់បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ ទើប​រដ្ឋ​បាល​​រាជធានីភ្នំពេញ បាន​រៀបចំ​ផ្ទះថ្ម​១​ល្វែង និង​ដី​ឡូត៍ នៅ​សហគមន៍​អណ្តូង ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជាមួយ​ផ្នូរ​សព ស្ថិត​ក្នុង​សហគមន៍​ស្មសាន ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ប្រសិនបើ​បងប្អូន​ស្ម័គ្រចិត្ត​ចេញ តែ​មិនមែន​បង្ខិតបង្ខំ​នោះ​ទេ ហើយ​នៅ​ពេល​បងប្អូន​រស់នៅ​ទីនោះ​មាន​រយៈពេល​៥​ឆ្នាំ ពួក​គាត់​នឹង​ទទួល​បាន​កម្មសិទ្ធិ​ស្របច្បាប់​តែ​ម្តង ។

លោក ឃួ​ង ស្រេង បន្ត​ថា ការ​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ ពិតជា​មិនល្អ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជាមួយ​ម្ចាស់​ផ្នូរ ។ ជា​ពិសេស​នៅ​ពេល​ធ្វើបុណ្យ​ទាន​ម្តង​ៗ ណាមួយ​ពិតជា​មិន​សមរម្យ​នៅទេ នៅ​ពេល​ដែល​មនុស្ស​រស់នៅ​ជាមួយ​ផ្នូរ​សព​នោះ គឺ​ធ្លាប់តែ​ឮ និង​ឃើញ​នៅ​ក្នុង​រឿង តែ​ពេល​នេះ​បាន​ជួប​ជាក់​ស្តែង​តែ​ម្តង ។ ដោយសារ​មើលឃើញ​ពី​ការ​លំបាក​បែប​នេះ ទើបសម្តេច​ទាំង​ពីរ​បានឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់ចែង និង​រៀបចំ​ជូន​ពួក​គាត់​ក្នុង​ពេល​នេះ​តែ​ម្តង ។ លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បានឱ្យ​ដឹង​ថា ទីតាំង​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​នេះ គឺជា​ទីតាំង​កប់ស​ពឬ​ជា​តំបន់ផ្នូរ​សព ហើយ​មួយ​ផ្នែក​ទៀត​ក៏​មាន​អគារ​សាលប្រជុំ​របស់​ឃុំ​ច្បារ​អំពៅ​២​ផង​ដែរ ។

លោក​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​តំបន់​ជាប់មាត់​ច្រាំង​ទន្លេបាសាក់ បាន​រង​នូវ​ការ​បាក់​ច្រាំង និង​ប្រជាពលរដ្ឋ​មួយ​ផ្នែក​រស់នៅ​តំបន់​ផ្សារ​បន្លែ​ផ្សារ​ច្បារអំពៅ ដែល​មានទឹក​លិច​ខ្លាំង​លំបាក​ក្នុង​ការ​រស់នៅ និង​គ្មាន​ផ្ទះសម្បែង ក៏​បាន​ទៅ​ស្នាក់​នៅ​លើ​តំបន់​ផ្នូរ​កប់​សព​នេះ និង​មួយ​ចំនួន​ទៀត​ស្នាក់​នៅ​លើ​អគារ​សាល​ប្រជុំ​ឃុំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្តង ។ស្ត្រី​ចំណាស់​ម្នាក់​ដែល​រស់នៅ​តំបន់​ផ្នូរ​សពនោះ បានឱ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​១៩៩០ ដោយសារ​ផ្ទះ​របស់​គាត់​ត្រូវ​បាក់​ច្រាំង​នៅ​តាម​មាត់ទន្លេ​ក្នុង​តំបន់​ច្បារ​អំពៅ ហើយ​មិន​មាន​ជម្រើស​ក៏​បាន​ទៅ​សង់ផ្ទះ​តូច​មួយ​នៅ​ចន្លោះ​កណ្តាល​ម៉ុង​សព​វៀតណាម តែ​កាលនោះ​មាន​តែ​៣​គ្រួសារ​ប៉ុណ្ណោះ ។ នៅ​ពេលទំនេរ​និង​អផ្សុក គាត់​បាន​ដើរ​រាប់​ផ្នូរ ពេល​នោះ​មាន​ជាង​៣០០​ផ្នូរ ប៉ុន្តែក្រោយមក​ដោយសារ​មាន​ប្រជាពលរដ្ឋ​ចេះ​តែនាំ​គ្នា​សង់ផ្ទះ​រស់នៅ​ប្រជ្រៀត​ជាមួយ​ផ្នូរ​ជា​បន្តបន្ទាប់​គ្នា និង​លំបាក​ក្នុង​ការ​ធ្វើបុណ្យ​ឬ​សែន​ផ្នូរ​ផង​នោះ ទើប​ក្រុម​គ្រួសារ​ម្ចាស់​ផ្នូរ​បាន​គាស់​ផ្នូរ​ចេញ​ជា​បន្តបន្ទាប់ គឺ​មក​ដល់​ពេល​នេះ នៅ​សល់​ប្រមាណ​ជាង​១០០​ផ្នូរ​ប៉ុណ្ណោះ ។

ស្ត្រី​ចំណាស់​រូប​នេះ​បញ្ជាក់​ថា ពេល​ទៅ​រស់នៅ​ដំបូង​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​គ្មាន​ទឹក​-​ភ្លើង​ប្រើប្រាស់​ទេ គឺ​ប្រើ​ទឹកស្រះ​នៅ​ក្បែរនោះ​ដែល​មាន​ភាពល្អក់​ខាប់ ណាមួយ​ក៏​ខ្លាច​ផងដែរ ប៉ុន្តែ​ពេល​នេះ​មាន​ប្រ​ព​ន្ធ័​ទឹក ភ្លើង​គ្រប់គ្រាន់​អស់ហើយ ។ សូម​បញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល​នៅពេល​នោះ ខណៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្តល់​ផ្ទះថ្ម​មួយ​ល្វែងនិង​ដី​ឡូត៍​នោះ ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្ទើរតែ​១០០% បាន​ទះដៃ​អបអរសាទរ និង​យល់ព្រម​ទទួលយក​ដោយ​ក្តី​រីករាយ​ទៅ​តាមការ​រៀបចំ​របស់​អាជ្ញាធរ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា អាជ្ញាធរ​បាន​សន្យា​ថា នឹង​យក​រថយន្តក្រុង​២​គ្រឿង ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ឱ្យទៅ​មើលទីតាំង​ថ្មី ព្រមទាំង​ទុក​ពេល​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេចចិត្ត ដោយ​មិន​មានការ​បង្ខិតបង្ខំ​នោះ​ទេ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ