តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្វាយ​រៀង កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្ត​យ៉ាង​ខ្លាំង


ខេត្តស្វាយរៀង ៖ សេដ្ឋកិច្ច​ក្នុង​ខេត្តស្វាយរៀង​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយសារ​ខេត្ត​មួយ​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១ បាន​និង​កំពុង​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​៦​ម៉ឺន​នាក់ ហើយ​ក៏​ជា​ខេត្ត​ជាប់​ព្រំដែន​មួយ​ដែល​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច និង​កំពុង​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ទៅ​វិនិយោគ​យ៉ាង​សកម្ម​ផង​ដែរ ។​

បើ​តាម​ការ​លើក​ឡើង​របស់​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​អនុ​គណៈកម្មការ​កណ្ដាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង លោក អ៊ូ សា​ខឿន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង ទទួល​បាន​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ដោយសារ​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១​កន្លែង​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​បង្កើត​ការងារ បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ដល់​ប្រទេស​ជាតិ ។ លោក អ៊ូ សា​ខឿន បន្ដ​ថា ៖« ទូ​ទាំង​ខេត្ត តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១ មាន​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន សរុប​ចំនួន​១៧៤ ដោយ​បាន​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​៦៣.០២៣​នាក់ ក្នុង​នោះ​ស្រី​៤០.៩១០​នាក់ » ។ លោក​បញ្ជាក់​ថា ៖« ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​៣០, រោងចក្រ​ដេរ​ស្បែកជើង​៦, រោងចក្រ​ដំឡើង​កង់​៣, រោងចក្រ​ដំឡើង​នាឡិកាដៃ​១, រោងចក្រ​ដំឡើងរថយន្ត​១ និង​រោងចក្រ​ដំឡើង​អំ​ពូ​ល​ភ្លើង​១ ។ ក្រៅពី​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ចំនួន​២៥, កាស៊ីណូ​២៣, គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​៥៥, ក្រុមហ៊ុន​អចលនទ្រព្យ​៣, ក្រុមហ៊ុន​សំណង់​៤, ក្រុមហ៊ុន​សន្តិសុខ​៤, ក្រុមហ៊ុន​ដឹក​ជញ្ជូន​៣ និង​សិប្បកម្ម​ផ្ទះសំណាក់​ផ្សេង​ៗ​សរុប​៤៥ » ។

លោក​បន្ថែម​ថា ដោយសារ​តែ​ខេត្ត​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ខេត្ត​នេះ​មាន​សន្ទុះ​យ៉ាង​ខ្លាំង ពិសេស​នៅ​ក្នុង​បា​វិត ។លោក​បន្ដ​ថា ៖« បា​វិត គឺជា​ក្រុង​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង ក្នុង​នោះ​មាន​រោងចក្រ​សហគ្រាស​ចំនួន​៤៧ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​យ៉ាង​មមាញឹក ដូច​ជា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​, រោងចក្រ​ដេរ​ស្បែកជើង​, រោងចក្រ​ដំឡើង​កង់​, រោងចក្រ​ដំឡើង​អំ​ពូ​ល​ភ្លើង​, រោងចក្រ​ដំឡើង​នាឡិកាដៃ​, រោងចក្រ​ដំឡើងរថយន្ត និង​រោងចក្រ​វេច​ខ្ចប់​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត » ។ កត្តា​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​កំពុង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់ និង​ប្រយោល​យ៉ាងច្រើន​ពី​ការ​វិនិយោគ​ទាំងនេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ