ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​កម្ពុជា​បាន​កើនឡើង​ជិត​៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋា ភិបាល ក្នុង​ការ​កៀរគរ​រក​ចំណូល​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៨​នេះ កំណើន​នៃ​សមត្ថភាព​ខាង​ថវិកា​របស់​កម្ពុជា បាន​កើនឡើង​ប្រមាណ​១៩.០១៧​ពាន់​លាន​រៀល សម​មូល​នឹង​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋា ភិបាល ក្នុង​ការ​កៀរគរ​រក​ចំណូល​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៨​នេះ កំណើន​នៃ​សមត្ថភាព​ខាង​ថវិកា​របស់​កម្ពុជា បាន​កើនឡើង​ប្រមាណ​១៩.០១៧​ពាន់​លាន​រៀល សម​មូល​នឹង​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ថ្លែង​នៅ​ក្នុង​ការ​ធ្វើ​បាឋកថា​ក្រោម​ប្រធានបទ « កាលានុវត្តភាព និង​ការ​ប្រឈម​ក្នុង​ដំណើរការ​កសាង​ជាតិ » ជូន​យុវជន ដែល​ជា​និស្សិត​មក​ពី​គ្រឹះស្ថានឧត្តមសិក្សា​នានា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ (CKCC) កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​ កន្លង​មក​ថា ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល កម្ពុជា​បាន​កើនឡើងសមត្ថភាព​ខាង​ថវិកា ក្នុង​ការ​កៀរគរ​ចំណូល​គ្រប់​ប្រភេទ ក៏​ដូច​ជា​ប្រកាន់ខ្ជាប់​នូវ​វិន័យ​ថវិកា​លើ​ការ​ចាយវាយ ចំណូល​ក្នុង​ប្រទេស​មានការ​កើនឡើង​ពី​ប្រមាណ​ត្រឹមតែ​១.៤២៣​ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​២០០០ ដល់​ប្រមាណ​១៩.០១៧​ពាន់​លាន​រៀល​សម​មូល​នឹង​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​នេះ ។ លោក​បន្ត​ថា ៖« ចំណូល​នេះ​គឺ​មួយ​ផ្នែក​បាន​ពី​អ្នកមាន​ចំណូល​ខ្ពស់ និង​មធ្យម ដោយ​ត្រូវ​បាន​យក​មក​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​អ្នកមាន​ចំណូល​ទាប ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល » ។

លោក​បន្ត​ថា ៖« រាជរដ្ឋាភិបាល​ក៏​បាន​បន្ធូរ​បន្ថយពន្ធ និង​អនុគ្រោះ​ពន្ធ ការ​មិន​យក​កម្រៃ​ពី​សេវា​សាធារ ណៈ និង​មូលដ្ឋាន​ដែល​ចាំបាច់​មួយ​ចំនួន គឺ​ការ​កាត់​បន្ថយថ្លៃ​ទឹក​ស្អាត និង​អគ្គិសនី រួម​ទាំង​ការ​ទទួល​បាន​នូវ​សេវា​សុខាភិបាល​ដោយ​ឥត​គិតថ្លៃ ចំពោះ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប » ។ ទាក់ទង​នឹង​ការ​ចំណាយ​របស់​រាជរដ្ឋា ភិបាល លោក វ​ង្សី វិស្សុត បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ចំណាយ​ថវិការដ្ឋ​សរុប ក៏​ត្រូវ​បាន​បង្កើន​យ៉ាង​គំហុក​ផង​ដែរ ក្នុង​គោលដៅ​ដើម្បី​លើក​ស្ទួយ​ដល់​ប្រតិបត្តិការ​របស់​រដ្ឋ ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ ការ​ពង្រីក និង​កែ​លម្អ​គុណភាព​សេវា​សាធារណៈ ព្រមទាំង​ការ​វិនិយោគ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ។ ទន្ទឹម​នឹង​នេះ កម្រិត​បំណុល​សាធារណៈ​របស់​កម្ពុជា ក៏​ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​អនុ​បាត​បំណុល​ទាប​បំផុត​ក្នុង​តំបន់ ហើយ​ស្ថានភាព​បំណុល​ត្រូវ​បាន​វាយតម្លៃ​ថា មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ។
លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​មាន​ប្រសាសន៍​ថា រាជរដ្ឋា ភិបាល​កាន់តែ​មាន​ឯករាជ្យ​ភាព​ខាង​ថវិកា ដោយសារ​ចំណូល​របស់​យើង​បាន​កើនឡើង​ខ្ពស់​លើស​ការ​រំពឹង​ទុក ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​ចំណាយ​ចរន្ត​បាន​ដោយ​ខ្លួនឯង និង​មាន​លទ្ធភាព​ចំណាយ​វិនិយោគ​២​ភាគ​៣ លើ​ការ​វិនិយោគសាធារណៈ​។ លោក​បន្ត​ថា ៖« លទ្ធភាព​របស់​រាជរដ្ឋាភិបាល​កាន់តែ​មាន​ច្រើន ខណៈ​ដែល​ទំហំ​នៃ​ការ​ចំណាយ​ក៏​កើនឡើង​ផង​ដែរ ប៉ុន្តែ​ការ​គ្រប់គ្រង​បំណុល​របស់​កម្ពុជា​គ្មាន​ហានិភ័យ​ណា​នោះ​ទេ​»​។

ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​បន្ត​កំណើន​ក្នុង​រង្វង់​ប្រមាណ​៧,០% ដែល​ទ្រទ្រង់​ដោយ​មូលដ្ឋាន​កំណើន​ស្រ​ដៀង​ទៅ​នឹង​ឆ្នាំ​២០១៧​ដែរ ក្នុង​នោះ វិស័យ​សំខាន់​ៗ​ដែល​ជំរុញ​កំណើន​ខ្លាំង​ជាងគេ​រួម​មាន វិស័យ​កសិកម្ម​, វិស័យ​ឧស្សាហកម្ម​, វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​កម្មន្ដសាល ។ ជាមួយ​គ្នា​នេះ អនុ​វិស័យ​ដែល​កំពុង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ខ្លាំង​រួម​មាន សំណង់​, កាត់ដេរ​, ការ​លក់ដុំ​និង​រាយ និង​អចលនទ្រព្យ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ