ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​មានការ​អភិវឌ្ឍ​ខ្លាំង តែ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​មាន​កម្រិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ប៉ុន្ដែ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ដ​នៅ​មាន​កម្រិត​នៅឡើយ ដែល​អាជ្ញាធរ​គួរតែ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ប៉ុន្ដែ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ដ​នៅ​មាន​កម្រិត​នៅឡើយ ដែល​អាជ្ញាធរ​គួរតែ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ថា នៅ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​ជា​ច្រើន​គួរ​ឲ្យ​កត់ សម្គាល់ ប៉ុន្តែ​រមណីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​មាន​កម្រិត​នៅឡើយ ដែល​មិន​អាច​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​យូរ​បាន​ទេ ។ ហេតុនេះ ការ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​រឿង​ចាំបាច់ ដើម្បី​ផ្តល់​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​នា​ពេល​រាត្រី ។លោក​បន្ត​ថា ៖« ការ​រៀបចំ​តំបន់​ដើរ​កម្សាន្ដ​នៅ​មុខ​ព្រះ​បរមរាជវាំង ដល់​ផ្សារ​រាត្រី ជា​ការ​ល្អ​ប្រសើរ​ណាស់ ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​មាន​ភាព​រស់​រវើក និង​ផ្តល់​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​អន្តរជាតិ » ។

លោក​ថា ៖« កន្លង​មក យើង​មាន​ផ្សារ​រាត្រី​ដែរ តែ​មាន​ទំហំ​តូច និង​មាន​ភាព​ទាក់ទាញ​នៅ​មាន​កម្រិតដោយសារ​ផ្សារ​នេះ​មិន​បាន​លក់​ផលិតផល​ខ្មែរ​ដូច​ជា​គំនិត​ផ្តួចផ្តើម​ពី​មុន​មក​ទេ » ។ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន បាន​ថ្លែង​កាលពីស​ប្តា​ហ៍​មុន​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​រាជធានី​ភ្នំពេញ ពួក​គេ​មិន​បាន​ស្នាក់​នៅ​រយៈពេល​យូរ​នោះ​ទេ ដោយសារ​នៅ​ភ្នំពេញ​មិនសូវ​មាន​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។ ហេតុនេះ សមាគម​ចង់​ឃើញ​អាជ្ញាធរ​រៀបចំ​តំបន់​ដើរ​កម្សាន្ដ​នា​ពេល​រាត្រី​នៅ​មាត់ទន្លេ ដែល​អាច​ដើរ​កម្សាន្ដ​ដោយ​គ្មាន​ការ​រំខាន​ពី​យានយន្ត​នានា ។លោកស្រី​បន្ត​ថា ៖« ខ្ញុំ​គិត​ថា តំបន់​មាត់ទន្លេ ចាប់ផ្តើម​ពីមុខ​ព្រះ​បរមរាជវាំង ទៅ​ដល់​ផ្សារ​រាត្រី ជា​កន្លែង​ស័ក្តិសម​បំផុត​សម្រាប់​រៀបចំ Walk Street ដើម្បី​ផ្តល់​ជា​កន្លែង​កម្សាន្ដ និង​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ » ។ លោកស្រី​បន្ថែម​ថា ៖« តំបន់​នេះ​អាច​រៀបចំ​ជា​តំបន់​គ្មាន​យានយន្ត ចាប់ពី​ម៉ោង​៥​ទៅ​ដល់​ម៉ោង​១០​យប់ ពិតជា​ល្អ ហើយ​ខ្ញុំ​ជឿ​ថា វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្កើត​ភាព​រស់​រវើក​នា​ពេល​រាត្រី​សម្រាប់​ក្រុងភ្នំពេញ » ។

លោក មាស ម៉េ​ត​ភ័​ក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា គម្រោង​រៀបចំ​ផ្លូវ​ថ្មើរជើង​នៅ​តា​មតិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ​មិន​ទាន់​មាននៅ​ឡើយ​ទេ ប៉ុន្តែ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​លទ្ធភាព​ពី​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​នេះ​ជា​លក្ខណៈ​ឯកទិស ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ។ លោក​បន្ត​ថា ៖« យើង​កំពុង​សិក្សា​ថា តើ​គួរ​ធ្វើ​ផ្លូវ​ឯក​ទិញ​ចេញពី​សួនច្បារ​សម្តេច ហ៊ុន សែន មក​ផ្សារ​ចាស់ ឬ​ពី​តំបន់​ផ្សារ​ចាស់ ចេញ​មក​សួន​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល និង​សម្រួលការ​កកស្ទះ​ចរាចរណ៍ » ។ លោក​បន្ត​ថា ៖« ការ​រៀបចំ​ផ្លូវ​ថ្មើរជើង ដោយ​បិទផ្លូវ​អាច​ពិបាក ហេតុនេះ ជម្រើស​គឺ​យើង​មាន​សួនច្បារ ដែល​មានការ​រៀបចំ​ការ៉ូឡា​ធំ​ទូលាយ​រួច​ហើយ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អាច​ប្រើប្រាស់​សួន​ផ្សារ​នេះ​កម្សាន្ត​បាន » ។

យោង​តាម​មន្ត្រី​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១,៧​លាន​នាក់ កើនឡើង​១៤% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​ទីផ្សារ​គោលដៅ​សំខាន់​ៗ​មាន​ដូច​ជា ចិន​, វៀតណាម​, កូរ៉េ​, ឡាវ និង​ថៃ ហើយ​ភ្ញៀវ​ទេសចរ​ទាំងនោះ​ទៅ​ទស្សនា​ច្រើន​នៅ​តំបន់​ទេសចរណ៍​ដូច​ជា ខេត្តសៀមរាប​, រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ខេត្ត​ភូមិភាគ​ឦសាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ