ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះគោខ្មែរស្ទើបាត់បង់អស់ទៅហើយ ព្រោះតែប្រជាពលរដ្ឋបោះបង់ចោល

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​នឹង​រទេះគោ​ខ្មែរ​ដែល​ស្ទើរតែ​បាត់បង់​អស់​ទៅ​ហើយ​ដោយសារ​កត្តា​ច្រើន​យ៉ាងដូច​ជា​ប្រជាពលរដ្ឋ​បាន​ងាក​មក​ប្រើ​រទេះ​កង់​ឡាន និង​ប្រើគោ​យន្ត​ជំនួស​រទេះគោ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម រួម​ផ្សំ​នឹង​គ្មាន​ការ​ផលិត​ថ្មី​ឡើង​វិញ​នូវ​រទេះគោ​បុរាណ​នេះ​ផង​នោះ​ក៏​មាន​កសិករ​រស់នៅ ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​ប្រមូល​ទិញ​រទេះគោ​ចាស់​ៗ​ពី​តាម​មូលដ្ឋាន​ជនបទ​យក​មក​ជួសជុល​ដាក់​តាំង​លក់​អោយ​អតិថិជន ដែល​ភាគច្រើន​គឺជា​អ្នក​ទីក្រុង​ដើម្បី​យក​ទៅ​តាំង​លំអរ​នៅ​ក្នុង​ភូមិឋាន​របស់​ខ្លួន​ប្រៀប​ដូច​ជា​ការ​រួមចំណែក​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ទុក​អោយ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​យ៉ាងនោះ​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​នឹង​រទេះគោ​ខ្មែរ​ដែល​ស្ទើរតែ​បាត់បង់​អស់​ទៅ​ហើយ​ដោយសារ​កត្តា​ច្រើន​យ៉ាងដូច​ជា​ប្រជាពលរដ្ឋ​បាន​ងាក​មក​ប្រើ​រទេះ​កង់​ឡាន និង​ប្រើគោ​យន្ត​ជំនួស​រទេះគោ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម រួម​ផ្សំ​នឹង​គ្មាន​ការ​ផលិត​ថ្មី​ឡើង​វិញ​នូវ​រទេះគោ​បុរាណ​នេះ​ផង​នោះ​ក៏​មាន​កសិករ​រស់នៅ ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​ប្រមូល​ទិញ​រទេះគោ​ចាស់​ៗ​ពី​តាម​មូលដ្ឋាន​ជនបទ​យក​មក​ជួសជុល​ដាក់​តាំង​លក់​អោយ​អតិថិជន ដែល​ភាគច្រើន​គឺជា​អ្នក​ទីក្រុង​ដើម្បី​យក​ទៅ​តាំង​លំអរ​នៅ​ក្នុង​ភូមិឋាន​របស់​ខ្លួន​ប្រៀប​ដូច​ជា​ការ​រួមចំណែក​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ទុក​អោយ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​យ៉ាងនោះ​ដែរ ។

លោក មាស សុ​វ​ណ្ណា​រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ និង​ជា​អ្នក​ប្រមូល​ទិញ​រទេះគោ​ចាស់​ៗ​នៅ​តាម​មូលដ្ឋាន​ជនបទ​យក​មក​ជួសជុល​លក់​បានអោយ​ដឹង​ថា ដោយសារ​តែ​ស្រឡាញ់​នូវ​រទេះគោ​ខ្មែរ​ដែល​ធ្វើ​ឡើង​អំពី​ឈើប្រណិត​ល្អ​ៗ មាន​ឈើ បេង ធ្នង់ នាងនួន សុ​ក្រំ និង​ខ្លះ​មាន​ដល់​ក្រ​ញូ​ង​ទៀត​នោះ​លោក​ក៏​ចាប់ផ្តើម​មានគំនិត​ប្រមូល​ទិញ​រទេះគោ​ចាស់​ៗ​ទាំងនោះ​ពី​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ឆ្ងាយ​ជិត ដើម្បី​យក​មក​ជួសជុល​កែ​លំអរ​ឡើង​វិញ​ដើម្បី​ដាក់​លក់ ប៉ុន្តែ​លោក​ទើបតែ​ចាប់​យកមុខ​របរ​ខាងលើ​នេះ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទេ ។

កន្លង​ទៅ​មាន​អ្នក​នៅ​ទីក្រុង​មួយ​ចំនួន​បានក​ម្មង់​ទិញ​រទេះគោ​ខ្មែរ​ដើម្បី​យក​ទៅ​ដាក់​តាំង​លំអរ​នៅ​ក្នុង​ភូមិដ្ឋាន​ទុក​អោយ​កូនចៅ​បាន​ស្គាល់​ព្រោះថា មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​លែង​ប្រើ​រទេះគោ​នេះ​ទៀត​ហើយ​គឺ​ពួក​គាត់​នាំ​គ្នា​មក​ប្រើប្រាស់​គោ​យន្ត ឬ​រទេះ​កង់​ឡាន​ជំនួស​វិញ ។

លោក​បានអោយ​ដឹង​ទៀត​ថា រទេះគោ​ចាស់​ៗ​ទាំងនេះ​ដែល​លោក​បាន​ទិញ​មក​ក្នុង​១​គ្រឿង​មាន​តម្លៃ​ពី​២០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​តាម​ការ​ខូច​តិច ឬ​ខូច​ច្រើន ហើយ​បាន​ជួល​ជាង​មក​ជួល​ជុល​តំឡើង​អោយ​ល្អ​ឡើង​វិញ​ដោយ​អស់​ថ្លៃ​ឈ្នួល​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​ទើប​លក់​ចេញ​បាន ហើយ​ពេល​លក់​ចេញ​ទៅ​វិញ​ក្នុង​១​គ្រឿង​ៗ​មាន​តម្លៃ​ពី​៣០០​ទៅ​៤៥០​ដុល្លារ​តាម​ប្រភេទ​ឈើ​ធ្នង់ ឬ​ឈើ​ក្រ​ញូ​ង ដែល​ភាគច្រើន​គឺ​បាន​លក់ដាច់​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​តែ​ប៉ុណ្ណោះ ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា រទេះគោ​ខ្មែរ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​បាន​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង ជាក់ស្តែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទអង្គរវត្ត​មាន រទេះគោ រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម គឺជា​ស្នាដៃ​របស់​ដូន​តា​ខ្មែរ គប្បី​កូន​ខ្មែរ​យើង​នាំ​គ្នា​រក្សា​ទុក​ស្នាដៃ​នេះ​កុំអោយ​បាត់បង់​គឺ​ដើម្បី​អោយ​ប្រពៃណី​វប្ប​ធ​ម៌​​ជាតិ​ពិតជា​រុងរឿង​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ