ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងប្រចាំភូមិគោកពន្លៃ បានឈ្លោះប្រកែកគ្នាជាមួយក្រុមក្មេងទំនើងភូមិដងត្រាង រហូតឈានដល់ការវាយតប់គ្នាផ្អើលអស់អ្នកភូមិដែលចូលរួមក្នុងពិធីបុណ្យបណ្តាលឱ្យម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងក្រោយមកបានស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍ក្មេងទំនើងទាំង២ក្រុមវាយប្រយុទ្ធគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១ នៅក្នុងបរិវេណសាលារៀន ស្ថិតក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី។
លោកវរសេនីយ៍ត្រីផុន សាលីម អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា នៅភូមិគោកពន្លៃប្រជាពលរដ្ឋបានស្រុះស្រួលមូលមតិគ្នារៀបចំធ្វើបុណ្យភូមិ ហើយកម្មវិធីនេះគឺប្រជាពលរដ្ឋតែងតែធ្វើជារៀងរាល់ឆ្នាំក្រោយពីប្រមូលទុកដាក់ផលស្រូវរួច។ នៅក្នុងកម្មវិធីបុណ្យនោះនាយប់ថ្ងៃទី៤ ខែមីនា ក៏មានកម្មវិធីចាក់ធុងបាស់រាំលេងកំសាន្ត ទាំងចាស់ ទាំងក្មេង និងមានក្រុមក្មេងមកពីភូមិដងត្រាង មានគ្នាពី ៧ទៅ១០នាក់ ដែលក្នុងចំណោមនោះមានជនរងគ្រោះឈ្មោះប៉ី ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិដងត្រាងក៏មកលេងនឹងគេដែរ។ ប៉ុន្តែជនរងគ្រោះឈ្មោះប៉ី ចិន្តា ពុំបានចូលរាំទេ ដោយគេឈរនិយាយលេងជាមួយយុវសិស្សម្នាក់ដែលធ្លាប់រៀនជាមួយគ្នា ចំណែកឯមិត្តភក្តិគេផ្សេងទៀតចូលរាំ។ លុះដល់វេលាម៉ោង១០ និង១៥នាទីយប់ ស្រាប់តែក្រុមក្មេងទំនើងប្រចាំភូមិគោកពន្លៃបានដេញវាយក្មេងខាងភូមិដងត្រាង ក្នុងនោះជនរងគ្រោះឈ្មោះប៉ី ចិន្តា ត្រូវគេវាយ នឹងដំបងឫស្សី និងដបស្រាបណ្តាលឱ្យបែកក្បាល ជាំមុខ ជាំលើខ្នងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ត្រីផុន សាលីម បានបញ្ជាក់ថា ក្រោយពីបង្កហេតុហើយ ក្រុមក្មេងទំនើងប្រចាំភូមិគោកពន្លៃបានរត់គេចខ្លួនអស់ពេលដែលសមត្ថកិច្ចនគរបាលស្រុកចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែមុខសញ្ញាបង្កល្មើសទាំងនោះ សមត្ថកិច្ចក្តាប់បានអស់ហើយ ពេលនេះកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ដោយមិនឱ្យពួកនេះធ្វើផ្គរធ្វើភ្លៀងស្រេចតែទំនើងចិត្តនោះឡើយ ៕
ចែករំលែកព័តមាននេះ