ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ ដោយសារ​តែ​បាល់​មួយ ពលករ​ខ្មែរ​ម្នាក់​បាត់បង់​ជីវិត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ ក្រោយ​ពី​បាល់​រត់​ចូល​ក្រោម​បន្ទប់​ស្នាក់​នៅ ហើយ​យក​ឈើ​ឆ្កិះ​ នៅតែ​យក​មិន​បាន ក៏​លូន​ចូល​ទៅ​យក ​ហើយ​ដងខ្លួន​ប៉ះ​ចំ​ជញ្ជាំង​ស័ង្ក​សី​ដែល​មាន​ខ្សែភ្លើង​ដាច់​ពី​ខាងលើ​…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ ក្រោយ​ពី​បាល់​រត់​ចូល​ក្រោម​បន្ទប់​ស្នាក់​នៅ ហើយ​យក​ឈើ​ឆ្កិះ​ នៅតែ​យក​មិន​បាន ក៏​លូន​ចូល​ទៅ​យក ​ហើយ​ដងខ្លួន​ប៉ះ​ចំ​ជញ្ជាំង​ស័ង្ក​សី​ដែល​មាន​ខ្សែភ្លើង​ដាច់​ពី​ខាងលើ​ បណ្តា​ល​ឱ្យប្រកាច់ស្លាប់​នៅនឹងកន្លែង​តែម្តង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ស្រុកផា​ន​ថង ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​គេហទំព័រ​ និង​កាសែត​ក្នុងស្រុក​របស់​ថៃ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​។

 តាម​ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​កង កឿ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុកកំណើតនៅ​​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

អ្នក​ឃើញ​ហេតុ​ការ​ណ៍ និង​ជា​ពលករ​ខ្មែរ​ដូច​គ្នា​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​ជា​ច្រើន​បាន​នាំ​គ្នា​លេង​បាល់ទះ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក ពេល​កំពុង​តែ​លេងនោះ​ ស្រាប់​តែ​បាល់​នោះ​រត់​ចូល​ទៅ​ក្រោម​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ ហើយ​ដំបូង​ជន​រង​គ្រោះ​បាន​យក​ឈើ​ឆ្កិះ​ដើម្បី​ទាញ​បាល់​ចេញ តែ​យក​មិន​ដល់​ ក៏លូន​ចូល​ទៅយក​ ស្រាប់តែ​ខ្លួន​ប៉ះ​ទៅ​នឹង​ស័ង្កសី​ជញ្ជាំង​បន្ទប់ បណ្តាល​ឱ្យ​​ប្រកាច់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ថៃ​បាន​ចុះ​ទៅ​ដល់កន្លែងកើតហេតុ​ ហើយ​ពេលធ្វើការ​ត្រួតពិនិត្យ​ទើប​រក​ឃើញ​ខ្សែភ្លើង​ដែល​គេ​ត​ចូល​បន្ទប់​ចំណុច​ស្នាក់​នៅ​ផ្នែក​ខាងលើ​មាន​ស្នាម​ដាច់​ជាប់​នឹង​ស័ង្កសី​ជញ្ជាំងបន្ទប់​ ទើប​បណ្តាល​ឲ្យ​ឆក់​ជន​រង​គ្រោះស្លាប់​​បែបនេះ ។

សមត្ថកិច្ច​ថៃ​យល់​ថា ខ្សែភ្លើង​ដែល​ដាច់​នោះ​អាច​បណ្តាល​មក​ពី​ខ្យល់​បក់​យូរ​ៗ​ទៅ វា​កកិត​នឹង​ស័ង្កសី ទើប​ដាច់ ។ យ៉ាងណា​ក៏ដោយ ពេល​នេះ​សមត្ថកិច្ច​ថៃ​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​ដើម្បី​យក​ទៅ​សួរនាំ​ហើយ ។ ចំណែក​សព​ពលករ​ដែល​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​នៅ​ខេត្ត​ឈុ​ន​បុរី​នេះ​ត្រូវ​បាន​នគរបាល​អន្តោ​ប្រវេ​ស​ន៍ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ភាគី​ថៃ​បាន​បញ្ជូន​សព​ឲ្យ​សាច់ញាតិ​រួច​ហើយ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១១ មិថុនា​នេះ ។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​យក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ