ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​រចនាសម្ព័ន្ធ​ស្រះ​ខាងជើង​មុខ​អង្គរវត្ត​ចេញ​លទ្ធផល​ខ្លះៗ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ថា ការងារ​កំណាយ​ស្រាវ​ជ្រាវ​នៅ​ស្រះ​ខាងជើង​មុខ​អង្គរវត្ត​ទទួល​បាន​លទ្ធផល​ខ្លះ​ហើយ​មក​ដល់​ពេល​នេះ។ ជា​លទ្ធផល​បឋម​ក្រុមការងារ​បាន​រក​ឃើញ​រចនាសម្ព័ន្ធ​ស្រះ​ដែល​មាន​កាំជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម​នៅ​តួ​ស្រះ និង​ថ្មភក់​នៅ​មាត់​ស្រះ ក្រៅពី​នោះ​មានការ​ចាក់​ដី​គរ​ជា ស្រទាប់ៗ ខុស​ៗ​គ្នា ដើម្បី​រក្សា​ស្ថិរភាព​ផ្ទៃ​ស្រះ​ទាំងមូល…

ខេត្តសៀមរាប ៖ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ថា ការងារ​កំណាយ​ស្រាវ​ជ្រាវ​នៅ​ស្រះ​ខាងជើង​មុខ​អង្គរវត្ត​ទទួល​បាន​លទ្ធផល​ខ្លះ​ហើយ​មក​ដល់​ពេល​នេះ។

ជា​លទ្ធផល​បឋម​ក្រុមការងារ​បាន​រក​ឃើញ​រចនាសម្ព័ន្ធ​ស្រះ​ដែល​មាន​កាំជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម​នៅ​តួ​ស្រះ និង​ថ្មភក់​នៅ​មាត់​ស្រះ ក្រៅពី​នោះ​មានការ​ចាក់​ដី​គរ​ជា ស្រទាប់ៗ ខុស​ៗ​គ្នា ដើម្បី​រក្សា​ស្ថិរភាព​ផ្ទៃ​ស្រះ​ទាំងមូល ។

នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០ ​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ចការ​គាំពារ​ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ លោកស្រី​នេ​ត ស៊ី​មន បុរាណ​វិទូ​នៃ​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ការ​ធ្វើ​កំណាយ​នេះ​មាន​ចំនួន​២​ទីតាំង ។ ទីតាំង​ទី​១ ​ដែល​កំពុង​កំណាយ​​មាន​៣​រណ្តៅ​ជាប់​គ្នា ហើយ​លទ្ធផល​បឋម​បាន​បង្ហាញ​អំពី​ការ​រៀបចំ​គ្រឹះ មាត់​ស្រះ ​និង​ជណ្តើរ​៣​កាំ​ចុះ​ក្រោម​សាង​អំពី​ថ្មភក់ និង​កាំជណ្តើរក្រោម​ៗ​ទៀត​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​កប់​ដី​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខូចខាត​រូបរាង​ក្នុង​ទម្រង់​មិន​ច្បាស់លាស់ ពិបាក​​សន្និដ្ឋាន​ថា ​ជា​កាំជណ្តើរ ឬ​ជា​ដី​បុក​បង្ហាប់​ធ្វើ​ជា​បាត​ស្រះ ។

 

លោកស្រី​នេ​ត ស៊ី​មន បញ្ជាក់​ទៀត​ថា តាម​រយៈ​ការ​សិក្សា​ស្រទាប់ដី​នេះ បាន​បង្ហាញ​ទម្រង់​​ពិសេស​ៗ៣​ចំណុច សំខាន់​ៗ ៖

ទី​១-​ការ​ចាក់​គរ​ដី​យ៉ាង​ធំ​នៅ​ផ្ទៃ​ខាងក្រៅ​ស្រះ​ដែល​បាន​បុក​បង្ហាប់​ឆ្លាស់គ្នា ដោយ​មាន​ស្រទាប់​ថ្មបាយក្រៀម​លាយ​ដីឥដ្ឋ លាយ​ថ្មភ្នំ ស្រប​តាម​បណ្តោយ​មាត់​ស្រះ រីឯ​ផ្ទៃ​ខាង​ក្រោម មានការ​បុក​បង្ហាប់​ជាមួយ​ដីខ្សាច់​លាយ​ដីឥដ្ឋ លាយ​ថ្មបាយក្រៀម ។

ទី​២-​រចនាសម្ព័ន្ធ​ស្រះ​ទាំងមូល​បាន​រៀប​កាំជណ្តើរ​ថ្មភក់​នៅ​មាត់​ស្រះ ព្រមទាំង​រៀប​ថ្ម​បាយក្រៀម​ផ្នែក​ខាងក្រៅ​នៅ​បាត​ស្រះ​មានការ​បុក​បង្ហាប់ដី មាន​ខ្សាច់​លាយ​ថ្មភ្នំ នៅ​ស្រទាប់​នេះ ដែល​ពិបាក​កំណត់​តួនាទី​នៃ​ការ​ប្រើប្រាស់ ដោយសារ​ថ្មភ្នំ និង​ថ្ម​បាយ​ក្រៀម​មានការ​ពុក​ផុយ​ជា អន្លើ​ៗ​។

 

 

ទី​៣-​ការ​ចាក់​គរ​សម័យ​ថ្មី រក​ឃើញ​កំណាត់ឈើ បន្ទះក្តារ​ប្រើប្រាស់​សម័យ​មុន និង​លាយ​ឡំ​ដោយ​សម្ភារ​សម័យ​ថ្មី ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​កំណាយ​រណ្តៅ​ទី​មួយ​នេះ ក្រុមការងារ​នឹង​បន្ត​កំណាយ​នៅ​ស្រះ​ផ្នែក​ខាងកើត​ឆៀង​ខាងត្បូង​ដែល​ជា​រណ្តៅ​ទី​២ ។

ការ​ធ្វើ​កំណាយ​នេះ​មាន​គោលបំណង​លើក​តម្លៃ​ស្រះ ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាបត្យកម្ម​ប្រាសាទ​​អង្គរ ទម្រង់​ស្ថាបត្យកម្ម​ប្រាសាទ​សម្រាប់​ការ​ពង្រឹង​ជួសជុល​លើ​សោភ័ណ​ភាព​ស្រះ និង​ទម្រង់​ទស្សនីយភាព​ទេសចរ ។

 

 

កន្លង​មក​ស្រះ​ខាងជើង និង​ខាងត្បូង​មុខ​អង្គរវត្ត​ត្រូវ​បាន​បំផ្លាញ​ដោយ​ធម្មជាតិ នៅ​ក្នុង​ឆ្នាំ​​១៩២០-២០២១ សាលា​បារាំង​ចុង​បូព៌​៌ា​មាន​លោក HENRI Machal (​ហង់​រី ម៉ា​ហ្សា​ល់) បាន​ធ្វើ​កំណាយ និង​ជួសជុល​ឡើង​វិញ ។ នៅ​ឆ្នាំ​២០០៥-២០០៧ ក្រុមការងារ​បុរាណ​វិទ្យា​ក៏​បាន​សិក្សា​រចនា​សម្ពន្ធ​ស្រះ​ខាងត្បូង​រក​ឃើញ​ជណ្តើរ​ចំនួន​៦​កាំ ដែល​មាន​ស្ថាន​ភាពល្អ និង​ជណ្តើរថ្ម​បាយក្រៀម​ពុក​ផុយ និង​បាត​គ្រឹះ​មាន​សភាព​នៅ​ល្អ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ